ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​វេជ្ជសាស្ត្រ​កីឡា​ ៖ ការ​ហាត់ប្រាណ​មិន​បែងចែក​តាម​ភេទ និង​អាយុ​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រកបដោយសុខភាព​ល្អ​គឺជា​

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រកបដោយសុខភាព​ល្អ​គឺជា​បំណងប្រាថ្នា​ទូទៅ​របស់​មនុស្ស​គ្រប់​រូប ។ មនុស្ស​ដែល​មាន​សុខ​ភាពរឹងមាំ​តែងតែ​ទទួល​បាន​នូវ​សុភមង្គល​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​រួមរស់​ជាមួយ​អ្នក​ដទៃ​ប្រកបដោយ​ភាព​ចុះសម្រុង​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​គេ​ទទួល​បាន​ជោគជ័យក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​កាត់​បន្ថយ​បាន​យ៉ាងច្រើន​មហិមា​ទៅ​លើ​ការ​ចំណាយ​ផ្នែក​ថ្នាំសង្កូវ និង​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​។

ផ្ដើម​ចេញពី​ការ​យល់​ឃើញ​បែប​នេះ គួប​ផ្សំនឹង​កម្រិតជីវភាព​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មិន​ថា​នៅ​ទីក្រុង​ ឬជនបទ​ភាគច្រើន​តែងតែ​គិតគូរ​ពី​បញ្ហា​សុខភាព​របស់​ខ្លួន​ជា​ប្រចាំ​ជា​ពិសេស​សុខភាពរាង​កាយ​នេះ​តែ​ម្ដង ។ តាម​ការ​សិក្សា​ស្រាវជ្រាវ សុខភាព​រាង​កាយ​ល្អ​ទៅ​បាន​អាស្រ័យទៅ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​កត្តា​លំ​ហាត់ប្រាណ​មិន​អាច​ខ្វះ​បាន​ឡើយ​សម្រាប់​​មនុស្សគ្រប់​វ័យ​និង​ភេទ​ដោយ​គ្មាន​បែងចែក​អ្វី​ឡើយ​។

លោក​វេជ្ជបណ្ឌិត ស្ដើង ជា មន្ត្រី​ផ្នែក​វេជ្ជសាស្ត្រ​កីឡា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ហាត់ប្រាណ​ដើម្បីសុខភាព​មិន​មាន​បែងចែក​តាម​ភេទ និង​អាយុ​ទេ ។ មនុស្ស​យើង​គ្រប់​រូប​អ្នកជំនាញ​ខាង​សុខភាពកំណត់​ឱ្យ​ចេះ​ធ្វើ​លំ​ហាត់ប្រាណ​ចាប់ពី​អាយុ​៥​ទៅ​៦​ឆ្នាំ​ឡើង​ទៅ​តាម​បែប​ធម្មជាតិ ដូច​ជា​រត់​នៅ​តាម​ដងផ្លូវ​ឬ​តាម​ទី​សាធារណៈ និង​តាមបែប​វិទ្យាសាស្ត្រ​ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណជាមួយ​ឧបករណ៍ ឬ​ម៉ាស៊ីន​ទំនើប​ៗ​នៅ​តាមក្លិប​កីឡា​នានា​ទៅ​តាម​ចំណង់​ចំណូលចិត្ត​និងសុខភាព​រាង​កាយ​របស់​ខ្លួន​ដែល​អាច​ទៅ​រួចជាមួយ​ឧបករណ៍​លំ​ហាត់ប្រាណ​ទាំងនោះ ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា ។ គ្រាន់តែ​ការ​ហាត់ប្រាណ​តាម​ទី​សាធារណៈផ្ដល់​នូវ​ភាព​សប្បាយ មិន​អស់​លុយ អាចស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ប៉ុន្តែ​ក៏​មានផល​អាក្រក់​បន្តិច​ដែរ​នៅ​ពេល​អាកាសធាតុ​មិន​អំណោយផល​ដូច​ជា​មាន​ភ្លៀង​ឬ​ហេតុការណ៍អ្វី​កើតឡើង​ធ្វើ​ឱ្យ​ការ​ហាត់ប្រាណ​មិន​បានទៀងទាត់ ក្នុង​ពេល​ការ​ហាត់ប្រាណ​ជាមួយ​ឧបករណ៍​ក្នុង​ក្លិប​កីឡា​ត្រឹមត្រូវ​មាន​ភាព​ទៀងទាត់​ជាង ប៉ុន្តែ​ក៏​ត្រូវ​ចំណាយ​ប្រាក់​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត ស្ដើង ជា ដែល​បច្ចុប្បន្នមាន​អាយុ​៧២​ឆ្នាំទៅ​ហើយ​ប៉ុន្តែ​សុខភាព​រាងកាយ​នៅ​រឹង​មាំ​ល្អ​ណាស់​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ តាម​ក្បួន​វេជ្ជសាស្ត្រ​គេ​កំណត់​ឱ្យ​ហាត់ប្រាណ​ក្នុង​១​ថ្ងៃ​ប្រហែល​កន្លះ​ម៉ោង សរុប​ក្នុង​១​ស​ប្ដា​ហ៍​ឱ្យ​បាន​២០០​នាទី​យ៉ាងតិច ។ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ងើបពីឈឺ ឬ​មនុស្ស​ចាស់​គឺ​ត្រូវ​ហាត់​សន្សឹម​ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

ជា​ចុង​ក្រោយ​លោក​វេជ្ជបណ្ឌិត​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទោះបីជា​មាន​កិច្ចការ​រវល់​យ៉ាងណា​ក៏​ត្រូវ​តែ​ឆ្លៀតពេល​៣០​នាទី​ក្នុង​១​ថ្ងៃ​ដើម្បី​ហាត់ប្រាណ​ដែរ ។ ការ​ហាត់ប្រាណ​តាម​ការ​កំណត់​ច្បាស់លាស់​ត្រឹមត្រូវ ធ្វើ​ឱ្យ​ខ្លួនប្រាណ​យើង​ចេញ​ញើស​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អសម្រស់​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ​ជាង​អ្នក​មិន​ហាត់ប្រាណ ៕