ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! ២​ប្រកួត​ចុង​ក្រោយ Haaland រកបាន​ដល់​ទៅ​៨​គ្រាប់

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បន្តសកម្មភាព​ស្រែក​ឃ្លាន​គ្រាប់​បាល់​របស់​ខ្លួន ជាមួយ​

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បន្តសកម្មភាព​ស្រែក​ឃ្លាន​គ្រាប់​បាល់​របស់​ខ្លួន ជាមួយ​នឹង​ទម្រង់​លេង​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ទ្វីបអឺរ៉ុប ក្រោយ​រកបាន​គ្រាប់​ទី​៤២ នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ធ្វើ​បាន Hat-trick (៣​គ្រាប់​) នៅ​ក្នុង​ជំនួប​ដែល​ក្រុម​មេឃ​ខៀវ Manchester City បំបាក់​ក្រុម​ភ្ញៀវ Burnley នៅ​កីឡដ្ឋាន Etihad ដោយ​លទ្ធផល ៦-០ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា កន្លង​ទៅ ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ។

២​ប្រកួត​ចុង​ក្រោយ​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ម៉ាស៊ីន​រក​គ្រាប់​» រូប​នេះ គឺ​រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ​៨​គ្រាប់​ឯណោះ ដោយ​កាលពី​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ UEFA Champions League ទល់​នឹង​ក្រុម​ភ្ញៀវ RB Leipzig កាលពី​ថ្ងៃ​ទី​១៥ ខែមីនា កន្លង​ទៅ កីឡាករ​រូប​នេះ រកបាន​ដល់​ទៅ​៥​គ្រាប់​ម្នាក់ឯង សម្រាប់​ជ័យជម្នះ​របស់ Man City នៅ​ក្នុង​លទ្ធផល ៧-០​។

គិត​មក​ទល់​ពេល​នេះ កំពូល​ខ្សែប្រយុទ្ធ​ន័​រ​វែ​ស​វ័យ​២២​ឆ្នាំ​រូប​នេះ ធ្វើ​បាន Hat-trick ជា​លើក​ទី​៦ ជាមួយនឹង​គ្រាប់​បាល់​ទី​៤២ នៅ​គ្រប់​កម្មវិធី​ទាំងអស់​សម្រាប់​ក្រុម Man City ខណៈ​ដែល​រដូវ​កាល​នេះ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​។

ជាមួយនឹង​ជ័យជម្នះ​ទល់​នឹង​ក្រុម Burnley កាលពី​ថ្ងៃ​ទី​១៨ ខែមីនា បាន​ធ្វើ​ឱ្យ​ក្រុម Man City កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup មុនគេ ខណៈ​ដែល​ការ​ចាប់ឆ្នោត​វគ្គ​នេះ នឹង​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​៣​គូ​ផ្សេង​ទៀត នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា យប់​នេះ​។

ខាងក្រោម​នេះ​ជា​ក្រុម​ដែល​ត្រូវ​ធ្វើការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់​នេះ ៖
-Sheffield United vs. Blackburn Rovers វេលា​ម៉ោង ០៧:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)

-Brighton vs. Grimsby Town វេលា​ម៉ោង ០៩:១៥​នាទី

-Manchester United vs. Fulham វេលា​ម៉ោង ១១:៣០​នាទី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ