ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន០៣នាក់ ករណីគប់កញ្ចក់រថយន្តមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ១ ម្តុំផ្សារ.កអណ្ដើក ស្ថិតនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បើយោងតាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអោយដឹងនៅថ្ងៃទី១៧ មីនានេះថា អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានទទួលព័ត៌មានបឋមពីគណនីហ្វេសប៊ុកមួយឈ្មោះ SonaSim បានបង្ហោះរូបភាព និងសារថា «នៅចំណុចខាងកើតផ្សារ.កអណ្ដើក មានក្រុមក្មេងស្ទាវ គប់កញ្ចក់រថយន្ត នៅវេលាម៉ោងប្រហែល០៩និង៣៥នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមជាមួយលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាចាត់តាំងអោយលោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញចេញបេសកកម្ម ចុះមកសហការជាមួយលោកអធិការ អធិការរង ជំនាញព្រហ្មទណ្ឌ នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ស្រាវជ្រាវដល់កន្លែងកើតហេតុ ។
ក្រោយបើកការស្រាវជ្រាវដល់កន្លែងកើតហេតុ កម្លាំងជំនាញរកឃើញថា នៅវេលាម៉ោងប្រហែល២១និង៣៥នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ស្វ-រ 3A-3097 បើកបរដោយឈ្មោះ ស៊ឹម សូណា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចគីឡូម៉ែត្រ លេខ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏បានឃើញក្រុមជនមិនស្គាល់ឈ្មោះ ចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង (មិនស្គាល់ម៉ាក) បញ្ច្រាសគ្នាមកពីទិសខាងលិច ហើយក៏បានធ្វើសកម្មភាព គប់ទៅលើកញ្ចក់រថយន្ត បណ្ដាលឱ្យប្រេះស្រាំកញ្ចក់រថយន្ត ផ្នែកខាងមុខ ។
តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក្រុមមន្ត្រីជំនាញ បានកំណត់មុខសញ្ញាសង្ស័យចំនួន៣នាក់ និងឈានទៅធ្វើការឃាត់ខ្លួន ក្រុមជនសង្ស័យ ដូចខាងក្រោម ៖
១. ឈ្មោះ ថៃ មេសា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
២. ឈ្មោះ វ៉ា ស៊ីថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
៣. ឈ្មោះ ឆោម សុភីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតាណេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តកុងតឺន័រ នៅចំណុចខាងលើពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ថៃ មេសា ជាអ្នកឌុប ហើយឈ្មោះ វ៉ា ស៊ីថេត ជិះកណ្តាល គឺជាអ្នកគប់ និងឈ្មោះ ឆោម សុភីត ជិះពីក្រោយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីក៏សាងសំណុំរឿងតាមនិតិវិធី ៕





ចែករំលែកព័តមាននេះ