ការដួលរលំនៃធនាគារនៅអាមេរិកដែលមានទ្រព្យសកម្មរាប់ពាន់លានដុល្លារ គឺមានផលប៉ះពាល់ជាសាកល ។ ដូច្នេះ តើវានឹងអាចធ្វើអោយរង្គោះរង្គើដល់កម្ពុជាដែរឬទេ? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ហើយថា វានឹងមិនអាចប៉ះពាល់ដល់កម្ពុជាទេ…
ការដួលរលំនៃធនាគារនៅអាមេរិកដែលមានទ្រព្យសកម្មរាប់ពាន់លានដុល្លារ គឺមានផលប៉ះពាល់ជាសាកល ។ ដូច្នេះ តើវានឹងអាចធ្វើអោយរង្គោះរង្គើដល់កម្ពុជាដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ហើយថា វានឹងមិនអាចប៉ះពាល់ដល់កម្ពុជាទេ ។ ដូច្នេះយើងមិនត្រូវភ័យស្លន់ស្លោឡើយ។ចំណែកអ្នកជំនាញផ្នែកធនាគារក៏បានពន្យល់ផងដែរថា ការដួលរលំធនាគារនៅអាមេរិកនោះនឹងមិនប៉ះពាល់ខ្លាំងដល់ប្រព័ន្ធធនាគារកម្ពុជាដែរ ដោយសារតែភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជា។

នៅអាមេរិកនៅពេលនេះ ក្រោយពេលដែលធនាគារ ស៊ីលីខុន វ៉ាឡេ ដែលមានទ្រព្យសកម្មរហូតដល់ទៅ២០៩ ពាន់លានដុល្លារ និងប្រាក់បញ្ញើដល់ទៅ១៧៥,៤ ពាន់លានដុល្លារដួល ។ ធនាគារ ស៊ីញ៉ាឈ័ ដែលមានទ្រព្យសកម្ម១១០,៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើ ៨២,៦ ពាន់លានដុល្លារដួល ។ ហើយធនាគារ ធនាគារស៊ីវ័ហ្គេត ដែលជាធនាគារឯកទេសផ្តល់សេវាកម្មហិញ្ញវត្ថុ និងជំនួញដែលគេហៅថា cryptocurrency ដែលជាប្រភេទរូបិយប័ណ្ណឌីជីថលមួយប្រភេទក៏ដួល។

ការដួលរលំរបស់ធនាគារទាំងបី នៅពេលនេះធ្វើឲ្យរលកនៃទំនុកចិត្តលើប្រព័ន្ធនេះនៅអាមេរិកកំពុងតែរង្គោះរង្គើខ្លាំង ។ ដោយសារតែបញ្ហានេះពលរដ្ឋអាមេរិកបានកំពុងតែចាប់ផ្តើមសម្រុកដកប្រាក់ពីធនាគារដែលពួកគេមិនមានទំនុកចិត្តដែលនាំឲ្យបញ្ហាកាន់តែដុនដាបរហូតដល់ធនាគារ កណ្តាលអាមេរិកបានប្រកាសចេញវិធានការទប់ស្កាត់ហើយ ប៉ុន្តែសភាពការណ៍នៅតែមិនទាន់ស្ងប់ស្ងាត់ ។ មិនតែប៉ុណ្ណោះវាក៏បានធ្វើឲ្យរង្គោះរង្គើដល់ក្រុមហ៊ុនក្រេឌីត ស្វីស ( Credit Suisse ) ដែលជាបុត្រសម្ព័ន្ធធនាគារវិនិយោគសកល និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង និងមានមូលដ្ឋាននៅក្នុង ប្រទេសស្វីសរហូតដល់ក្រុមហ៊ុននេះបាន

ប្រកាសសុំកញ្ចប់ជំនួយរហូតដល់ទៅ៥៤ពាន់លានដុល្លារពីធនាគារកណ្តាលស្វីស ដើម្បីកសាង ទំនុកចិត្ត។ការរង្គោះរង្គើក្រុមហ៊ុនហិរញ្ញវត្ថដែលមានទ្រព្យរហូតដល់ទៅ៥៣១,៤ ពាន់លានដុល្លារ និងប្រាក់ចំណេញប្រមាណជា៧,៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំនេះបានរង្គោះរង្គើដល់ទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីជាបន្តបន្ទាប់។
ស្ថិតិពីធនាគារជាតិបានបង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេស៩ ស្ថាប័នមីក្រូហិរញ្ញវត្ថុសរុប៨៦ស្ថាប័ន ហើយមានការិយាល័យសរុបរហូតដល់ទៅ២.៦១៤ កន្លែងជាមួយនឹងម៉ាស៊ីនអេធីអឹមពង្រាយជាច្រើនកន្លែងសរុបរហូតដល់ជិត៤.០០០ កន្លែង។
ស្ថិតិនៅឆ្នាំ២០២២ បានបង្ហាញថា ពលរដ្ឋកម្ពុជាដែលបានយកលុយ ទៅដាក់នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួនប្រមាណជា ១៣,២លាននាក់ជាមួយនឹងទំហំសាច់ប្រាក់សរុបប្រមាណជា៤៥ ពាន់លានដុល្លារឯណោះ ហើយអ្នកដែលជាប់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ គឺមានចំនួន ៣,៥ លាននាក់ ជាមួយនឹងទំហំប្រាក់កម្ចីសរុបរហូតដល់ទៅ៥៦ពាន់លានដុល្លារ។

នៅក្នុងកាលៈទេសៈនេះ ភាពជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋទាំង អស់ជាពិសេសប្រជាពលរដ្ឋជាង១៣លាននាក់ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធធនាគារ គឺសំខាន់បំផុតដូចនេះ ស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវតែយកចិត្តទុកដាក់បំផុតនៅក្នុងការថែរក្សាអតិថិជនរបស់ខ្លួនហើយ ប្រជាពលរដ្ឋវិញក៏ត្រូវតែតាមដានព័ត៌មានអោយជាប់លាប់ទាំងបរិបទ សេដ្ឋកិច្ចជាតិ តំបន់ និងសាកលដើម្បីមានមូលដ្ឋាននៅក្នុងការសម្រេចចិត្ត។
ទំនុកចិត្តនេះសំខាន់ណាស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះក៏បានសុំឲ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាលទុកចិត្តលើធនាគារជាតិទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ។
សម្តេចតេជោ បានអំពាវនាវកុំឲ្យប្រជាជនមានការស្លន់ស្លោចំពោះការដួលរលំនៃធនាគារនៅអាមេរិកពីព្រោះការស្លន់ស្លោនេះនឹងធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ ។ សម្តេចបានប្រកាសថា ធានាគារនានា គឺមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា និងដើម្បីទ្រទ្រង់សភាពការណ៍នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក អ៊ិន ចាន់នី ដែលជាប្រធានប្រតិបត្តិធនាគារអេស៊ីលីដា ក៏បានប្រាប់សារព័ត៌មាននៅក្នុងស្រុករួចហើយថា ការដួលរលំរបស់ធនាគារនៅអាមេរិកនេះមិនប៉ះពាល់ខ្លាំងដល់ប្រព័ន្ធធនាគារ និងស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជាខ្លាំងក្លាឡើយដោយសារតែបរិយាកាសអាជីវកម្ម គឺវាឆ្ងាយពីកម្ពុជា ហើយបទបញ្ញត្តិកម្ពុជាក៏រឹងមាំ ម្យ៉ាងវិញទៀតបទពិសោធន៍ការងារក៏បានជួយកាត់បន្ថយហានិភ័យជាច្រើនផងដែរ។
សរុបមកវិញ នៅក្នុងអំឡុងពេលនេះសូមកុំភ័យស្លន់ស្លោ ប៉ុន្តែក៏កុំប្រហែសដែរ គឺសូមព្យាយាមតាមដានព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងជាតិ និងអន្តរជាតិឲ្យបានជាប់លាប់ ហើយដើម្បីធានានិរន្តរភាពនៃចរន្តសាច់ប្រាក់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ សូមដាក់កម្រិតលើការចំណាយធំៗដែលមិនចាំបាច់។ ការចូលរួមរបស់យើងទាំងអស់គ្នា គឺមានតួនាទីសំខាន់ណាស់នៅក្នុងអំឡងពេលដែលសេដ្ឋកិច្ចស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្ន៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ