រាជធានីភ្នំពេញ ៖ អ្នកមានមាសច្រើនអាចនឹងសប្បាយចិត្ត នៅពេលដឹងថាតម្លៃមាសបានហក់ឡើង ក្រោយពេលដែលធនាគារធំៗនៅអាមេរិកបានដួលរលំជាបន្តបន្ទាប់នៅក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍កន្លងទៅនេះ ជាពិសេសគឺការដួលរលំធនាគារ ស៊ីលីខុន វ៉ាឡេ (Silicon Valley Bank) ។
![Picture]()
យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយដោយ https://goldprice.org បានឲ្យដឹងថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានឡើងដល់១.៩០២ ដុល្លារនៅ ក្នុងមួយអោន ហើយបើគិតជាតម្លឹងដូចជា ទីផ្សារមាសនៅកម្ពុជាយើងវិញ គឺដល់ទៅ ២.៥៣០ ដុល្លារឯណោះ ។
ក្រៅពីទីផ្សារអន្តរជាតិទីផ្សារជួញដូរមាសនៅកម្ពុជាក៏ចាប់ផ្តើមមានការប្រែប្រួលខ្លះៗហើយ នៅពេលនេះដោយកាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ មាសគីឡូ លក់ចេញ២២៧ដុល្លារ ផ្លាទីនទឹក៧៥ តម្លៃ ១៧០ដុល្លារ ហើយ ផ្លាទីន ទឹក៧០ តម្លៃ១៥៩ដុល្លារ នៅក្នុងមួយជី ដល់ទៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣វិញ តម្លៃទិញចូលមាសគីឡូឡើងដល់២៣១ដុល្លារ ប្លាទីនទឹក៧៥ ឡើងដល់១៧២ដុល្លារ ប្លាទីនទឹក៧០ ឡើងដល់១៦១ ដុល្លារនៅក្នុងមួយជី។
![Picture]()
ប្រភពដដែលបានបន្តថា សម្រាប់តម្លៃទិញចូលវិញនៅក្នុងទី១៤ ខែ មីនា ឆ្នាំ២០២៣ មាសគីឡូ ថ្លៃ ២១៧ ដុល្លារ ប្លាទីនទឹក៧៥ ថ្លៃ១៦០ ដុល្លារ ប្លាទីនទឹក៧០ ថ្លៃ១៤៩ ដុល្លារ ហើយនៅថ្ងៃទី១៥ ខែ មីនា មាសគីឡូឡើងដល់ ២២១ដុល្លារ ប្លាទីនទឹក៧៥ ថ្លៃ១៦២ ដុល្លារ និង ប្លាទិនទឹក៧០ ថ្លៃ១៥១ ដុល្លារនៅក្នុងមួយជី ។
ប្រភពដដែលបានបន្តថា ប្រសិនបើស្ថានការណ៍ហិរញ្ញវត្ថុនៅអាមេរិកកាន់តែធ្ងន់ធ្ងរ ហើយធនាគារផ្សេងៗទៀតអាចនឹងបន្តដួលរលំនោះ តម្លៃមាសនេះនឹងបន្តឡើងយ៉ាងហោចណាស់ដល់ទៅ ២,៦០ ភាគរយ ឬ៤៨,៦៩ដុល្លារបន្ថែម។
អ្នកវិភាគបានអះអាងថា មាសនឹងកាន់តែមានហាងឆេងខ្ពស់បន្ថែមទៀត ប្រសិនបើអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោកមិនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួនបានរឹងមាំទេនោះ ។
មកដល់ពេលនេះនៅអាមេរិកមានធនាគារអាមេរិក៣ ហើយដែលបានដួលរលំ ដោយនៅក្នុងនោះ គឺស៊ីលីខុន វ៉ាឡេ ដែលជាធនាគារដ៏ធំរបស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅកាលីហ្វ័ញ៉ាជាមួយនឹងទ្រព្យសកម្មរហូតដល់ទៅ ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើដល់ទៅ១៧៥,៤ ពាន់លានដុល្លារ។
![Picture]()
ធនាគារអាមេរិកដែលបានដួលរលំផ្សេងទៀត គឺមានធនាគារ ស៊ីណេឈ័ (Signature Bank ) ដែលមានមូលដ្ឋាននៅទីក្រុងញ៉ូងយ៉ក ជាមួយនឹងទ្រព្យសកម្ម ១១០,៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើ ៨២,៦ ពាន់លានដុល្លារ ។ ហើយធនាគារមួយទៀតដែលដួលរលំដែរនោះ គឺធនាគារ ស៊ីវ័ហ្គេត ( Silvergate Bank) ដែលជាធនាគារឯកទេសមានមូលដ្ឋាននៅកាលីហ្វ័ញ៉ា ដែលផ្តល់សេវាកម្មហិញ្ញវត្ថុ និងជំនួញដែលគេហៅថា cryptocurrency ដែលជាប្រភេទរូបិយប័ណ្ណឌីជីថលមួយប្រភេទ ។
![Picture]()
ក្រៅពីធនាគារទាំងបីនេះ ធនាគារអាមេរិកមួយចំនួនទៀតដូចជាធនាគារ ហ្វាយណែនសល រីផាប់ប្លិក (Financial Republic Bank) ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ ស៊ីស្កូ ក៏ ត្រូវបានគេរំពឹងថាអាចនឹងដួលរលំផងដែរ ខណៈដែលភាគហ៊ុនធនាគារនេះបានធ្លាក់ចុះដល់ទៅ ៧០ភាគរយកាលពីម្សិលមិញ ។
![Picture]()
ការប្រែប្រួលតម្លៃមាសនៅក្នុងទីផ្សារពិភពលោកនឹងអាចជះឥទ្ធិពលផងដែរដល់តម្លៃមាសក្នុងទីផ្សារនៅកម្ពុជា ។ ដូច្នេះ អ្នកមានមាសអាចចំណេញពីស្ថានភាពនៃភាពមិនប្រាកដប្រជារបស់ធនារគារនៅអាមេរិក៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ