ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូសឆាយដំឡូងមី ដែលប្រជាពលរដ្ឋ ដាំរាប់​សិប​ហិកតា ​លើដីរដ្ឋ នៅស្ថានីយស្តារព្រៃឈើ​ក្រសាំង ស្រុករមាសហែក​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងចម្រុះ​នៃរដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តស.ជ.ណ របស់រដ្ឋបាលខេត្ត ដែលប្រជាពលរដ្ឋ បានចូលកាប់រុករាន ឈូសឆាយ…

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងចម្រុះ​នៃរដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តស.ជ.ណ របស់រដ្ឋបាលខេត្ត ដែលប្រជាពលរដ្ឋ បានចូលកាប់រុករាន ឈូសឆាយ ហ៊ុំព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង។ ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនព្រមរុះរើដោយខ្លួនឯង ទើបអាជ្ញាធរចម្រុះ បាន​ប្រើគ្រឿងចក្រ ឈូសឆាយរោង​អាណាធិបតេយ្យ និងដំឡូងមីរាប់សិបហិកតា​ចោលតែម្តង​។

សមត្ថកិច្ចបានឲ្យដឹងថា លោក ម៉ែន អេង អភិបាលរង ខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បាន​ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តស.ជ.ណ របស់រដ្ឋបាលខេត្ត ដែលធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលនាពេលកន្លងមក ឲ្យរុះរើចេញដោយស្ម័គ្រចិត្ត។ ក៏ប៉ុន្តែប្រជាពលរដ្ឋ មិនព្រមរុះរើ ទើបអាជ្ញាធរ ប្រើប្រាស់គ្រឿងចក្រ ចុះរះរើទីតាំងដីព្រៃ ដែលត្រូវបានប្រជាពលរដ្ឋ ចុះកាប់រុករាន ដាំចេក ដាំដំឡូងមី និងសង់តូប នៅលើដីព្រៃកូនឈើរបស់រដ្ឋ។

អាជ្ញាធរសមត្ថកិច្ចបន្តថា កន្លងមក ប្រជាពលរដ្ឋ ក៏បានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃ ដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក។

ប្រភពបន្តថា ការចុះរុះរើ​នេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល.អភិបាលរងស្រុក រួមនិងមន្ត្រី ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា តាមការចុះពិនិត្យលើសំណុំរឿងនេះ ជាញឹកញាប់ យើងរកឃើញថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូ ចាប់យកដីចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋ ជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹងដីចំនួន ៤៧៦ហិកតា ដែលប្រជាពលរដ្ឋ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងអំឡុងឆ្នាំ២០១១ ដើម្បីកាន់កាប់ជាកម្មសិទ្ធិ។

ប្រភពបន្តទៀតថា តាមបទបញ្ជា (០១បប) បានឃ្វាលចេញរួចហើយ ដោយក្រុមនិស្សិតស្ម័គ្រចិត្ត ក៏បានចុះវាស់វែង និងបានចេញប័ណ្ណកម្មសិទ្ធិរួចហើយដែរ គឺ ៧៨ គ្រួសារ បានទទួលដីក្នុងមួយគ្រួសារ ១ហិកតាកន្លះ ស្មើនឹង ១១៧ហិកតា។ ចំពោះដី ដែលនៅសល់ គឺប៉ះចំដីចំការឈើដាំ ក្នុងឆ្នាំ២០០៥. ២០០៦. ២០១៩ .២០១១ និងនៅមានប៉ះពាល់ដី ស្នើសុំជាសហគមន៍ក្រសាំង ហើយក្នុងនោះ ដីនេះ ក៏ត្រូវតំណាងប្រជាពលរដ្ឋ បានលក់ទៅឲ្យឈ្មោះ សោម គង់ មានទីលំនៅនៅភ្នំពេញ អស់ ១០០ហិកតារួចហើយផងដែរ។ ផ្ទៃដី ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ៧៨ គ្រួសារ គឺចែក​តែដី នៅសល់ ក្រៅពីទំនាស់តែប៉ុណ្ណោះ។ ចំណែកឯទំហំដី ១៦៣ ហិកតា រដ្ឋាភិបាលស្នើសុំអនុបយោគ ឱ្យទៅជាដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះជូននិវត្តន៍ជនពលី និងគ្រួសារកងទ័ពអស់ហើយ។ បច្ចុប្បន្ន មិនមានដី សម្រាប់ប្រគល់ជូនពួកគាត់ បានទៀតទេ។

អាជ្ញាធរសមត្ថកិច្ច បន្តថា នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងារទាំងមូល ក៏ធ្លាប់បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង ៧៨គ្រួសារ ឲ្យបញ្ឈប់ការទាមទារ និងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋ បន្តទៅទៀត។

ប្រភព បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ន មានប្រជាពលរដ្ឋកើនឡើងជាង ៤០០គ្រួសារ មកពីឃុំក្រសាំង ឃុំអណ្តូងត្របែក និងឃុំត្រស់ បានលើកគ្នា មក​តវ៉ា ដោយមកជ្រកក្រោមប្រជាពលរដ្ឋចំនួន ៧២គ្រួសារ មកពីភូមិចំនួន ០២ គឺ៖ ភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក បាននាំគ្នា ទៅចូលកាន់កាប់ដីរបស់រដ្ឋ នៅចំណុចដីព្រៃចំការឈើដាំ នៃស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនេះ គឺគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការញុះញង់ ពីមេខ្យល់ ទើបការកាប់រុករាន បែបអាណាធិបតេយ្យ ដោយ ទាមទារ និងស្នើសុំឲ្យអាជ្ញាធរ ផ្តល់ដីសម្បានឲ្យប្រជាពលរដ្ឋ ក្នុង ១គ្រួសារ ក្បាល ២០ម៉ែត្របណ្តោយ ១៥០ម៉ែត្រ តាមការញុះញង់ពីមេខ្យល់។ ក៏ប៉ុន្តែដីជាក់ស្ដែង ដែលប្រជាពលរដ្ឋ ២ភូមិខាងលើ បានរុករាន និងអាស្រ័យផល មានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។

បច្ចុប្បន្ន មិនមានដី សម្រាប់ប្រគល់ជូនពួកគាត់ បានទៀតទេ។ ចំពោះដីព្រៃចំការឈើដាំ​របស់រដ្ឋនៅចំណុចស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្រសាំង ដែលពួកគាត់ ទៅកាប់រុករាន កាន់កាប់អាស្រ័យផលថ្មីៗនេះ ដែលបានដាំដំណាំ ចេក ដំឡូងមី និងដាំកៅស៊ូ គឺអាជ្ញាធរ ត្រូវដកហូត មកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ និងសូមឲ្យប្រជាពលរដ្ឋ ដែលសង់ខ្ទមចាំចំការ រុះរើចេញវិញទាំងអស់ ដោយការកាប់រុករានដីព្រៃរបស់រដ្ឋនេះ គឺជាការខុសច្បាប់។

នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមការងា រក៏បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង ៧៨គ្រួសារ ឱ្យបញ្ឈប់ការទាមទារ និងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀត។ ក្រោយពី​ក្រុមការងារ ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ ដីធ្លីរួចមក លទ្ធផលប្រជាពលរដ្ឋ ក៏បានស្ដាប់នៃការអប់រំ និងបានយល់ព្រមបញ្ឈប់សកម្មភាពខុសច្បាប់ ចាប់ពីពេលនេះតទៅ។

ទោះបីយ៉ាងណា មហាជន ដែលរស់នៅក្នុងឃុំអណ្តូងត្របែក និងឃុំត្រស់ កំពុងតាមដានយ៉ាងយកចិតទុកដាក់ ចំពោះរឿងប្រជាពលរដ្ឋមួយចំនួន ដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិនេះ ពិតជាបញ្ឈប់សកម្មភាព តាមការយល់ព្រម នៅក្នុងអង្គប្រជុំ ឬយ៉ាងណា? ដោយមហាជន បានលើកឡើងថា តាមពិត គឺមានអ្វីនៅពីក្រោយវាំងនននេះ ដោយកន្លងមក មានតំណាងសហគមន៍ យកដីព្រៃសហគមន៍ព្រៃឈើ ទៅលក់ឲ្យអ្នកមានទ្រព្យម្នាក់ នៅរាជធានីភ្នំពេញ ដោយបានមកទិញ រហូត ១០០ហិកតា បង្កឲ្យមានទំនាស់ រហូតមក។

ក្រោយមក ក៏មានមេខ្យល់ មកញុះញង់ឲ្យប្រជាពលរដ្ឋទាំងពីរភូមិខាងលើ ចូលទីកាប់ស្ការព្រៃឈើ ចំការឈើដាំរបស់រដ្ឋ កាន់កាប់អាស្រ័យផល និងសង់តូប និងបង្ហាចាំចំការយ៉ាងអាណាធិប​តេយ្យ ដោះស្រាយមិនចេះចប់ ទើបឆ្នាំ២០២៣នេះ អាជ្ញាធរបង្កើតយន្តការដោះស្រាយ ដោយមានទាំងលោកមេធាវី បង្កើតក្រុមការងារ ចុះស្រាវជ្រាវ ដោះស្រាយ ទើបប្រជាពលរដ្ឋយល់ព្រមបញ្ឈប់សកម្មភាពកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ។ ក៏ប៉ុន្តែចំពោះដី ដែលកាប់ទន្ទ្រានរួចហើយ​ថែមទាំងដាំដំណាំចេក ដំឡូងមី និងដាំកូនកៅស៊ូ តើប្រជាពលរដ្ឋ យល់ព្រមប្រគល់ឲ្យរដ្ឋវិញ ដែរ ឬទេ? ចាំមើលបន្តទៀត។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ មីនានេះ សមត្ថកិច្ចអាជ្ញាធរ បានយកគ្រឿងចក្រ ឈូស​ឆាយ ខ្ទម បង្ហា ចាំដី និងរុញរបងចេញ អស់ជាច្រើន និងបានដាក់ឱសានវាទ ឲ្យប្រជាពលរដ្ឋ ដែលមិនទាន់យល់ព្រមប្រគល់ដីឲ្យរដ្ឋវិញ ត្រូវចូលខ្លួនដោះស្រាយ នៅសាលាឃុំត្រស់ នាព្រឹកថ្ងៃចន្ទ ទី២០ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រវត្តិដីទំនាស់នេះ រដ្ឋបាលខេត្ត បានផ្តល់ដីព្រៃចំការឈើដាំរបស់​រដ្ឋចំនួន ១,២០០ហិកតា ធ្វើសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុន ធ្វើវិនិយោគដាំដំណាំអំពៅស្ករ នៅអំឡុង ឆ្នាំ២០១៧ ក្រុមហ៊ុនបានប្រគល់ដីនេះ មកឲ្យរដ្ឋវិញហើយ ត្រូវដាំកូនឈើឲ្យរដ្ឋវិញ ដើម្បីស្តារព្រៃឈើឡើងវិញ ក៏ប៉ុន្តែប្រជាពលរដ្ឋឃើញឱកាសល្អ និងដោយមានការញុះញង់ពី​មេខ្យល់ផង ក៏នាំគ្នាមកចូលកាន់កាប់អាស្រ័យផលដាំដំឡូងមី និងដើមចេក ខ្លះដាំកៅស៊ូ យ៉ាងអណាធិបតេយ្យ ទើបអាជ្ញាធរហៅមកអប់រំ និងដកហូតយកដី មកដាំឈើឡើងវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ