ខេត្តបាត់ដំបង ៖ មន្ត្រីមូលដ្ឋាននិងសហគមន៏នេសាទបាននាំយកឧបករណ៍ «ឆក់ត្រី» ល្មើសច្បាប់ចំនួន០៤ឈុត ទៅប្រគល់ជួយមន្ត្រីខណ្ឌជលផល និងមន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ មីនា ក្រោយពីពួកគេរឹបអូសបានពីក្រុមជនល្មើសនានា កាលពីសប្ដាហ៍មុននៅតំបន់ទន្លេសាប ស្ថិតនៅក្នងភូមិសាស្ត្រ ស្រុកឯកភ្នំ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ឧបករណ៍នេសាទសុខច្បាប់ ដែលប្រើចរន្តអគ្គិសនីទាំងនេះ ត្រូវបានកម្លាំងបុស្ដិ៍រដ្ឋាល ឃុំពាមឯក និងកម្លាំងសហគមន៏នេសាទគោកដូង បង្ក្រាបនិងរឹបអូសបានពីជនល្មើស កាលពីសន្ដាហ៏មុន ហើយទើបនឹងប្រគល់ជួនមន្ត្រីជំនាញខាងលើនេះ ដើម្បីរក្សាទុក ។
នៅក្នងរបាយការណ៍ឧបករណ៏នេសាទល្មើសច្បាប់ទាំងនោះ គឺជាឧបករណ៏«ឆក់ត្រី» រួមមាន អាំងវិចទ័រចំនួន០៤ អាគុយ៤០អំពែរចំនួន០៤ ដងឆក់ត្រីចំនួន០៤សម្រាប់ និងម៉ូតូកញ្ចាស់មួយគ្រឿង ។ ប៉ុន្តែរបាយការណ៍នេះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណជនល្មើស ម្ចាស់វុត្ថុតាងទេ គ្រាន់តែនិយាយពីឧបករណ៏«ឆក់ត្រី»ទាំងនេះបង្ក្រាបបាននៅចន្លោះថ្ងៃទី៩ និងថ្ងៃទី១២ មីនា នៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាមឯក ស្រុកឯកភ្នំ។

អាជ្ញាធរស្រុកឯកភ្នំ កន្លងមកនេះ តែងចុះបង្ក្រាប និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅដុតកម្ទេចចោល ។ ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ ភាគច្រើនជាប្រភេទស្បៃមង អួន និង បរណរ៉ាវ ក្រឡាញឹក ដែលក្រុមជនល្មើសដាក់ពង្រាងស្ទាក់ចាប់ត្រូវក្នងរដូវទឹកស្រក ដែលមួយខ្សែៗមានប្រវែងរាប់រយ រាប់ពាន់ម៉ែត្រ ។
ប៉ុន្តែអាជ្ញាធរមិនធ្លាប់មានប្រវត្តិចាប់បានជនល្មើសណាម្នាក់ នាំយកទៅប្រគល់ជួនតុលាការផ្តន្ទាទោសនៅឡើយទេ ។ រឹបអូសបានតែវត្ថុតាង រីឯជនល្មើសនៅតែមានសេរីភាព ប្រព្រឹត្តបទល្មើសបានដោយសេរីដដែលរហូតដល់សព្វថ្ងៃនេះ ៕

ចែករំលែកព័តមាននេះ