ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ច​ណាស់​! Haaland ដាក់​៥​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ City លុត Leipzig ៧-០

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Erling Haaland បាន​បង្កើត​កំណត់​ត្រា​ដ៏​ពិសេស បន្ទាប់​ពី​រកបាន​រហូត​ដល់​៥​

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Erling Haaland បាន​បង្កើត​កំណត់​ត្រា​ដ៏​ពិសេស បន្ទាប់​ពី​រកបាន​រហូត​ដល់​៥​គ្រាប់​ម្នាក់ឯង នៅ​ក្នុង​ជ័យជម្នះ​លទ្ធផល ៧-០ ដែល​ក្រុម​មេឃ​ខៀវ Manchester City យកឈ្នះ​លើ​ក្រុម​ភ្ញៀវ RB Leipzig សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ UEFA Champions League កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

កំពូល​ខ្សែប្រយុទ្ធ​ន័​រ​វែ​ស Erling Haaland ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត និង​លឿន​បំផុត ដែល​អាច​រកបាន​៣០​គ្រាប់​ក្នុង​ការ​ប្រកួតប្រជែង​នៃ​ក្រប​ខណ្ឌ Champions League ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូប​នេះ ក៏​ជា​កីឡាករ​វ័យក្មេង​ជាងគេ ដែល​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​៥​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​តែ​មួយ​នៃ​ក្រប​ខណ្ឌ Champions League ដើម្បី​ចូលរួម​ជាមួយ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Luiz Adriano ដែល​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund រូប​នេះ កំពុង​រកបាន​៣៩​គ្រាប់ នៅ​រាល់​ការ​ប្រកួត​ទាំងអស់​រដូវ​កាល​នេះ ដោយ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​របស់​ក្រុម Man City ដែល​រកបាន​គ្រាប់​បាល់​ចំនួន​នេះ ត្រឹម​មួយ​រដូវ​កាល ខណៈ​រដូវ​កាល​នេះ មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ហើយ​ជាមួយ​ការ​ធ្វើ​បាន Hat-trick ចំនួន​៥​ដង​របស់​កីឡាករ​រូប​នេះ គឺ​ច្រើន​ជាង​រហូត​ដល់​ទៅ​៣​ដង​លើ​កីឡាករ​ណា​ៗ​ទាំងអស់​ក្នុង​លី​គ​កំពូល​ទាំង​៥​រដូវ​កាល​នេះ​។

ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Etihad ក្រៅពី Haaland ដែល​រកបាន​៥​គ្រាប់​តែ​ម្នាក់ឯង ខ្សែបម្រើ​ទាំង​ពីរ​គឺ Ilkay Gundogan និង Kevin De Bruyne ក៏​បាន​រួមចំណែក​ម្នាក់​១​គ្រាប់​ផង​ដែរ ដែល​នាំ​ឱ្យ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង City ឈ្នះ ៨-១ ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ដោយឡែក ការ​ប្រកួត​១​គូ​ទៀត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ Inter Milan បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ បើ​ទោះ​បញ្ចប់​ទៅ​ជាមួយ​លទ្ធផល ០-០ ទល់​នឹង​ម្ចាស់ផ្ទះ FC Porto យ៉ាងណា​ក៏​ដោយ ដោយសារ​កាលពី​ជើង​ទី​១​នៅ​ទឹក​ខ្លួនឯង ពួក​គេ​បាន​យកឈ្នះ​ដោយ​លទ្ធផល ១-០​។

គិត​មក​ទល់​ពេល​នេះ​មាន​៦​ក្រុម​ហើយ ដែល​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​រួម​មាន ៖ Chelsea, Manchester City, Bayern Munich, Inter Milan, AC Milan និង Benfica ខណៈ​ដែល​ចាប់ឆ្នោត​វគ្គ​នេះ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែមីនា ឆាប់​ៗ​ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ