រាជធានីភ្នំពេញ ៖ នៅពេលនេះគេដឹងថា កំពូលមហាអំណាចយោធាទាំង៥នៅលើពិភពលោក គឺមានអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងអង់គ្លេស ដោយនៅក្នុងឆ្នាំ២០២៣នេះ…
រាជធានីភ្នំពេញ ៖ នៅពេលនេះគេដឹងថា កំពូលមហាអំណាចយោធាទាំង៥នៅលើពិភពលោក គឺមានអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងអង់គ្លេស ដោយនៅក្នុងឆ្នាំ២០២៣នេះ ប្រទេសទាំង៥នេះបានចំណាយថវិកាសរុបរហូតដល់ទៅជិត ១.២៤៩ពាន់លានដុល្លារឯណោះ។
តាមការស្រាវជ្រាវឯកសារបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅក្នុងនាមជាមហាអំណាចយោធាផុតលេខ នៅលើពិភពលោក កាលពីចុងឆ្នាំ២០២២ បានស្នើសុំការអនុម័ត កញ្ចប់ថវិកាការពារជាតិរបស់ខ្លួនដែលមានតម្លៃរហូតដល់ទៅ ៨០០ពាន់លានដុល្លារឯណោះ ពោល គឺខ្ពស់ជាងគេទាំងអស់នៅលើពិភពលោក។

សារព័ត៌មានល្បីៗនៅលើពិភពលោកបានអះអាងថា មូលហេតុដែលសហរដ្ឋអាមេរិកបានស្នើ កញ្ចប់ថវិកាការពារជាតិដ៏ច្រើនបែបនេះ គឺដើម្បីទប់ទល់នឹងការប្រកួតប្រជែង និងការលើកកម្ពស់សមត្ថភាពយោធារបស់ចិនដែលបានកំពុងតែខិតខំធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួនកាន់តែទំនើប និងបង្ហាញវត្តមាននៅមូលដ្ឋានអន្តរជាតិកាន់តែសកម្មបូកផ្សំនឹងសត្រូវចាស់វស្សា រុស្ស៊ី ទោះបីជាពេលនេះកំពុងតែជាប់ផុងនៅក្នុងសង្គ្រាមលុកលុយអ៊ុយក្រែនយ៉ាងណាក៏ដោយ ។
ដោយឡែកចិនដែលគេដឹងថា គឺជាមហាអំណាចយោធាទីបីនៅលើពិភពលោកទេ ប៉ុន្តែបើនិយាយអំពីកញ្ចប់ថវិកាការពារជាតិរបស់ចិនដែលបានស្នើសម្រាប់ឆ្នាំ២០២៣នេះវិញនៅលំដាប់ទីពីរ។

សារព័ត៌មានរដ្ឋចិនបានអះអាងថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីកណ្តាប់ដៃដែក ស៊ី ជិនភីង នៅក្នុងខែមីនា ឆ្នាំ២០២៣នេះចិនបានអះអាងថា ខ្លួននឹងពង្រីកការចំណាយនៅលើវិស័យយោធាដល់ទៅ៧,២ភាគរយជាមួយនឹងតម្លៃចំណាយដែលមានរហូតដល់ទៅ១,៥៦ ទ្រីលានយន់ ឬប្រហាក់ប្រហែលជា២៣០ ពាន់លានដុល្លារ។
ថវិកាដែលចិនគ្រោងនឹងចំណាយនៅឆ្នាំ២០២៣នេះ គឺកើនឡើងលើសពីឆ្នាំ ២០២២ ដែលកាលនោះចិនចំណាយត្រឹមតែ១,១៩ ទ្រីលានយន់ប៉ុនណោះ។ សម្រាប់រុស្ស៊ីវិញ ថវិកានៃការចំណាយនៅលើវិស័យយោធា ហើយនៅក្នុងអំឡុង ពេលដែលខ្លួនកំពុងតែលុកលុយអ៊ុយក្រែន នាពេលនេះបន្តទៀតនោះថវិកាយោធារុស្ស៊ី នៅក្នុងឆ្នាំ២០២៣នេះ គឺនឹងចំណាយ៨៤ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថវិការការពារជាតិដែលរុស្ស៊ីបានប្រកាស នាពេលថ្មីៗប្រហែលជាទាបជាងការចំណាយនៅក្នុងសង្គ្រាម។

អ្នកវិភាគខាងយុទ្ធសាស្ត្រយោធាពិភពលោកបានអះអាងថា បើក្រឡេកមើលទៅលើទំហំនៃការចំណាយនៅលើសង្គ្រាមនៅអ៊ុយក្រែន និងទំហំវិនាសសកម្មនៅទីនោះ ទឹកប្រាក់ចំណាយលើវិស័យយោធារបស់រុស្ស៊ីអាចមានតម្លៃខុសពីថវិកាដែលបានប្រកាសនេះឆ្ងាយណាស់។
ចំណែកឥណ្ឌា ដែលជាបងធំខាងយោធាទីពីរនៅអាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលពីចិនក៏បានប្រកាសថវិការការពារជាតិមិនធម្មតាផងដែរ ។ រដ្ឋាភិបាលនៃប្រទេសដែលមានប្រជាជនច្រើនទីពីរបន្ទាប់ពីចិន គឺបានប្រកាសនូវកញ្ចប់ថវិការការពារជាតិដែលមានទំហំដល់ទៅ៥,៩៤ ទ្រីលានរូពី ពោល គឺប្រមាណជា ៧២.៦ពាន់លានដុល្លារកើនឡើងរហូតដល់ទៅ១៣ភាគរយ ។ កំណើនថវិកាទាំងនេះ គឺផ្តោតនៅលើការទិញចូលនូវយន្តហោះយោធា និងពង្រឹងទ័ពជើងគោកទប់ទល់នឹងឥទ្ធិពលក៏ដូចជា ជម្លោះ ដែនដីគោកដ៏រ៉ាំរ៉ៃជាមួយនឹងចិន។

រីឯអង់គ្លេសវិញ នៅក្នុងនាមជាមហាអំណាយយោធាទី៥ នៅលើពិភពលោក កញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២១/២០២២ គឺនៅក្នុងរង្វង់សរុប ៤៥,៩ ពាន់លានផោន តែនៅក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីឥណ្ឌាទើបតែបានអះអាងថា រដ្ឋាភិបាលរបស់ លោកនឹងស្នើតម្លើង៥ពាន់លានផោនថែមទៀត ដូច្នេះថវិការការពារជាតិអង់គ្លេសសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងកើនដល់ទៅ ៥០,៩ ពាន់លានផោនឬប្រមាណជា៦២ពាន់លានដុល្លារ៕ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ