រាជធានីភ្នំពេញ ៖ អ្នកណាៗក៏ធ្លាប់បានលឺ ធ្លាប់បានដឹង និងធ្លាប់ស្គាល់ដែលថា«ចង់ឈ្នះអ្នកដទៃ គឺត្រូវយកឈ្នះចិត្តខ្លួនឯងជាមុនសិន» ។ ប៉ុន្តែទោះជាធ្លាប់លឺ ឬដឹងច្រើន ក៏យើងនៅតែមិនអាចយកឈ្នះដោយភាពមេត្តាបានដដែល។
ជាក់ស្តែង កាលពីកន្លងមក លោកម្ចាស់គ្រូ សាន សុជា ក៏បានសម្តែងធម៌ទេសនានៅក្នុងឆាណែលយូរធូបរបស់លោកគ្រូដែលនិយាយពី«រៀនប្រដៅចិត្តខ្លួនឯង»ឲ្យពុទ្ធបរិស័ទស្តាប់ និងជ្រួតជ្រាបទាំងអស់គ្នាផងដែរ។

លោកម្ចាស់គ្រូ សាន សុជាបានមានសង្ឃដីកា៖ ព្រោះតាំងពីយូរមកយើងអត់ដែលរៀនប្រដៅចិត្តខ្លួនយើងមែនទេ? យើងអត់សូវដែលរៀនប្រដៅចិត្តខ្លួនឯងទេច្រើនតែចង់ប្រដៅគេ? ដូចជាប្រដៅកូន ប្រដៅក្មួយ ប្រដៅអ្នកនេះ អ្នកនោះ ឬក៏តាមហ្វេសប៊ុកឃើញអ្នកណាខុសអី ជួយជេរជួយអីហ្នឹងសម្បូរណាស់។ ប៉ុន្តែមនុស្សទាំងអស់គ្នានោះ មិនដែលដាក់ពេលមករៀនប្រដៅចិត្តខ្លួនឯងទេ ហើយនៅពេលទុក្ខលំបាកមែនទែនទៅ មិនមែនរឿងខាងក្រៅទេ មកពីចិត្តហ្នឹងពិបាកប្រដៅ រហូតដល់គាត់កើតទុក្ខ ខ្ញុំមិនចង់គិតទេ តែវាចេះតែគិត ។ ឃើញវាពិបាកប្រដៅទេ មកពីមិនដែលប្រដៅវាផង វាឡើងទំនើង ហាមលែងស្តាប់ទៅហើយហ្នឹង ។

ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ មានសង្ឃដីកាបន្តថា ៖ អ៊ីចឹងដាក់ពេលខ្លះរៀនប្រដៅចិត្តខ្លួនឯង ប៉ុន្តែដើម្បីប្រដៅវាបាន ទាល់តែស្គាល់វាច្បាស់ ហើយស្គាល់វាច្បាស់បានទាល់តែរៀនធម៌ព្រះអង្គ ព្រោះធម៌ព្រះអង្គបង្រៀនពីចិត្តហ្នឹងឯង ។ ហ្នឹងអ៊ីចឹង! អត់មានទេ រឿងខាងក្រៅដែលយើងទៅការពារបាន អត់មានទេ នៅក្នុងអំណាច គឺមានតែរៀនប្រដៅចិត្តទេ គ្មាននរណាម្នាក់ក្នុងលោកនេះបានដូចចង់ទាំងអស់ទេ កុំថាឡើយយើងមនុស្សសាមញ្ញ មហាសេដ្ឋីពិភពលោក ក៏គ្មានបានអ្វីតាមការចង់ទាំងអស់ដែរ។ សូម្បីតែប្រធានាធីបតេយ្យធំៗក៏គ្មានតាម ចង់បានទាំងអស់ដែរ យើងតូចៗអាចង់យើងតូចៗដែរ គេរៀងធំៗតិច ចង់គេក៏ធំៗរបស់គេដែរ មែនទេ?

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ បានបន្ថែមថា ៖ ហើយទុក្ខរបស់អ្នក អាត្មា ធ្លាប់ដោះស្រាយបញ្ហាឲ្យបរិស័ទ អ្នកដែលគាត់សាមញ្ញធម្មតាៗ ឃើញថាទុក្ខរបស់គាត់ដូចងាយជាងទុក្ខមនុស្សដែលរៀងខ្ពស់ៗ ទំហំរបស់គាត់ដូចងាយជាង។ បើទុក្ខរបស់អ្នកជំនួញធំៗមិនងាយដោះទេ ព្រោះចរន្តការរកស៊ីរបស់គាត់ដូចសរសៃឈាមចឹង មែនគ្រាន់តែឈប់គិតរួចខ្លួនទេ ឈប់គិតតែតិចគឺគ្រោះថ្នាក់តែម្តង ជំនួញវានៅចរន្តពេញពិភពលោក។ តែបើប្រជាជនធម្មតាមានពេលខ្លះ គាត់គ្រាន់តែដកជំហានតែតិច គឺស្រួល ។ សរុបមក សេចក្តីទុក្ខនៅតែលើផ្លូវចិត្តដដែលហ្នឹង បង្រៀនផ្លូវចិត្តឲ្យបានឆ្លាតតែតិច នោះគ្រប់យ៉ាង គឺដឹងតែអូខេ។
លើសពីនេះទៅទៀត លោកម្ចាស់គ្រូ មានសង្ឃដីកា ៖ ឃើញធម៌សាមញ្ញទេ អ៊ីចឹងធម៌ ដែលពិចារណាពីចាស់ឈឺស្លា.ប់នៅតែមានប្រសិទ្ធភាព។ ម៉េចបានវានៅតែមានប្រសិទ្ធភាព? ព្រោះយើងរស់នៅក្នុងចាស់ឈឺស្លា.ប់ហ្នឹងឯង។ ដូចគ្នានឹងគ្រូពេទ្យ នៅតែត្រូវមានការងារធ្វើតទៅទៀត ព្រោះមនុស្សមានជំងឺហ្នឹងឯង។ យើងស្តាប់មិនស្រួលថាធម៌មិនដឹងស្អីទេ និយាយតែចាស់ឈឺស្លា.ប់ អាណាមិនដឹង។ ដឹងមែនទែន ដល់តែភាពចាស់ ភាពឈឺ ភាពស្លា.ប់មកដល់ យើងអត់សោយសោក អាហ្នឹងបានហៅថាដឹងមែនទែន តែបើគ្រាន់តែឈឺកើតទុក្ខ ប្រាត់ប្រាស់កើតទុក្ខ ស្លា.ប់កើតទុក្ខ នោះមានន័យថា យើងមិនដឹងទេ ។ យើងគិតពីរឿងហ្នឹង យើងគិតដោយមោហៈទេ គិតដោយអវិជ្ជាទេ តែបើបញ្ញាកើតឡើង ពិចារណារឿងហ្នឹង គឺវាធម្មតាទាំងអស់ រស់ក៏រស់ទៅ ដល់ពេលស្លា.ប់ក៏ស្លា.ប់ធម្មតា អាហ្នឹងបានហៅថា ឈ្មោះដឹងចាស់ ឈឺ ស្លា.ប់ពិតប្រាកដ។

បន្ថែមពីនេះទៀត លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ៖ ពាក្យនិយាយបាន តែយល់បាន មិនបាន អាហ្នឹងរឿងផ្សេង ប៉ុនសរុបមកដឹងថា ធម៌ហ្នឹងគឺធម្មតាក្នុងជីវិតហ្នឹងនូវ?ឬក៏ធម៌ហ្នឹងទាល់តែមេឃដីឯណានោះ? ចុះពេលខឹងមានធម៌អត់? ពេលខឹងហ្នឹងក៏ធម៌ដែរ អាហ្នឹងហៅថា អកុសលធម៌ គឺជាធម៌ដែលគួរកំណត់ដឹង អូរចិត្តនេះក្រោធហើយតើ ចិត្តនេះទោសៈកើតឡើងហើយ ។ អ៊ីចឹងរឿងដែលត្រូវពាក់ព័ន្ធ រឿងដែលត្រូវធ្វើការជាមួយវា មិនមែនអ្នកខាងក្រៅទេ គឺត្រូវធ្វើការជាមួយចិត្តខឹងហ្នឹង។ ប៉ុន្តែមនុស្សឈ្លោះគ្នា ភាគច្រើនពេលរកជំនួញមិនមែនឲ្យជួយដោះស្រាយបញ្ហាចិត្តខ្លួនឯងទេ ឲ្យជួយប្រដៅវាផងកុំឲ្យវាប្រហើនពេក ។ ប៉ុន្តែយើងគិតមើលចិត្តនៅក្នុងហរទ័យរបស់យើងផងថា វាពិបាកប្រដៅដល់ប៉ុណ្ណឹង ចុះទម្រាំហាមមាត់គេនោះ ហាមម៉េច ។ ឃើញយើងដោះស្រាយខុសរឿងទេ អ្នកដទៃយ៉ាងណានោះ ដូចមេឃធ្លាក់ភ្លៀងមក មេឃខ្យល់មក ខ្យល់បក់មកអ៊ីចឹង រឿងត្រូវដោះស្រាយតែក្នុងផ្ទះយើងទេ ខែត្រជាក់ខ្លាំងយើងប្រើអីគេ ម៉ាស៊ីនកម្តៅ ។ យើងប្រើជាមួយមេឃ ឬប្រើក្នុងផ្ទះ? គឺប្រើក្នុងផ្ទះនេះជាកន្លែងត្រូវដោះស្រាយ។

ជាចុងក្រោយ លោកម្ចាស់គ្រូ សាន សុជា បានបញ្ជាក់បន្ថែមទៀតថា ៖ ភ្លៀងខ្លាំងទៅទប់មេឃមិនឲ្យភ្លៀងឬក៏ត្រូវមើលកន្លែងណាលិចត្រូវប្រក់ឲ្យជិត? គឺត្រូវមើលផ្ទះយើង ភ្លៀងក៏ដោយ ខ្យល់ក៏ដោយ ក្តៅក៏ដោយ ត្រជាក់ក៏ដោយ បើអត់ធ្វើការក្នុងផ្ទះយើងទេ ទៅអង្គុយហាលវាល ចង្អុលមេឃជេរមេឃ បល់យ៎ភ្លៀងនោះភ្លៀង ។ ត្រូវទេ? មិនត្រឹមតែមិនត្រូវទេ ថែមទាំងគេថាឆ្កួតទៀត ។ ព្រះសម្មាសម្ពុទ្ធ មិនមែនអះអាងមកជួយដោះចង្រៃឲ្យយើងទេ តែព្រះអង្គគ្រាន់តែបង្រៀនរូបមន្ត ដើម្បីឲ្យយើងសាងភាពមាំទាំផ្លូវចិត្តរបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងជីវិតរបស់យើង៕
ចែករំលែកព័តមាននេះ