ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លើម ក្រលៀន បេះដូង អណ្តាត ខួរ ពោះវៀន ក្រពះ​សត្វ គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​មុខម្ហូប​តាម​ភោជនីយដ្ឋាន…

រាជធានី​ភ្នំពេញ ៖ ថ្លើម ក្រលៀន បេះដូង អណ្តាត ខួរ ពោះវៀន ក្រពះ​សត្វ គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​មុខម្ហូប​តាម​ភោជនីយដ្ឋាន និង​ហាង​ស៊ីផឹក​នានា​ពេញ​ប្រទេស ហើយ​សូ​ម្បី​តែ​តាម​ផ្ទះ​ក៏​និយម​ដែរ ។ ប៉ុន្តែ​កុំ​ភ្លេច​ថា ថ្មី​ៗ​នេះ​អាជ្ញាធរ​ទើបតែ​បាន​រឹបអូស និង​បំផ្លាញ​ចោល​ពពួក​អាហារ​ទាំងនេះ​រហូត​ដល់​ទៅ​ប្រមាណ​ជា​ជាង​៨​តោន ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​អះ អាង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គ្រាន់តែ​នៅ​ខណ្ឌ​ពីរ​នៅ​រាជធានី​ភ្នំពេញ ខ្លួន​សហការ ជាមួយនឹង​មន្ត្រី​ជំនាញ​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន រក​ឃើញ​និង​កម្ទេច​ចោល​សាច់​បង្កក​ខូចគុណភាព​ចំនួន ៨.១៧២​គីឡូក្រាម ដែល​ភាគច្រើន​ជា​គ្រឿងក្នុង​សត្វ​។

ប្រភព​ដដែល​បាន​បន្ត​ថា សាច់​បង្កក​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ និង​ដុត​កម្ទេច​ចោល​នោះ គឺ​ភាគច្រើន​ជា​សរីរាង្គ​ក្នុង នៅ​ក្នុង​បញ្ជី​ខាងលើ​ដែល​រួម​មាន​តាំងពី​បេះដូង​ជ្រូក អណ្ដាត​ជ្រូក រហូត​ដល់​ជង្គង់​មាន់ ត្រី​បង្កក ទា​បង្កក និង​សាច់​ផ្សេង​ៗ​ទៀត​ដែល​សាច់​ទាំង​អស់នោះ​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ​។

ផ្អែក​លើ​ព័ត៌មាន​នេះ យើង​មិន​បំភ័យ​ទេ ប៉ុន្តែ​គ្រាន់តែ​ពញាក់​ឲ្យ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ការ​ដែល យើង​ទទួលទាន​ប្រភេទ​សរីរាង្គ​ដែល​មាន​បញ្ហា​ទាំងនេះ​យើង​ក៏​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ទ្រុឌទ្រោម​តាម​ហ្នឹង​ដែរ​។ នៅ​ស្រុក​គេ​ខ្លះ​គ្រឿងក្នុង​មិនមែន​អាហារ​មនុស្ស​ទេ ប៉ុន្តែ​ជា​ទូទៅ​នៅ​កម្ពុជា និង​ប្រទេស​មួយ ចំនួន​គ្រឿងក្នុង​ជា​អាហារ​ដ៏​ពេញ​និយម ហើយ​គេ​អាច​យក​ទៅ​ច្នៃ​ចេញ​ជា​ម្ហូប​ជា​ច្រើន​មុខ​តាម​ការ​និយម​តាម​ការ​ចូល​ចិត្ត​មាន​ទាំង​ស្ងោរ ឆា ស៊ុប សម្ល​ប្រពៃណី ដូច​ជា សម្លរ​ម្ជូរ​គ្រឿង​ជាដើម ហើយ​រស់ជាតិ​វិញ គឺថា​ឆ្ងាញ់​ពិសា​តែ​ម្តង​។

ថ្មី​ៗ​នេះ​ដោយសារ​តែ​តម្រូវការ​មានការ​កើនឡើង ហើយ​គួប​ផ្សំ​រឿង​ចង់បាន​ចំណេញ​ច្រើន​ផង មាន​ជនខិលខូច​ឆ្លៀតឱកាស​បាន​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់ ហើយ គ្រឿងក្នុង និង​សាច់​បង្កក​ទាំងនេះ​មួយ​ចំនួន​ក៏​មាន​លាយ​សារធាតុ​គីមី​ប៉ះពាល់​ដល​សុខភាព​ធ្ងន់ធ្ងរ ដើម្បី​រក្សា​ទុក​បាន​យូរ និង​មើលទៅ​ឃើញ​ថា​ស្រស់​ៗ​។

សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថា គ្រឿងក្នុង​ដែល​ខូចគុណភាព និង​ដឹក​ជញ្ជូន​ខ្វះ​អនាម័យ​បូក​ផ្សំ​នឹង សារធាតុ​គីមី​នៅ​ក្នុង​នោះ​ទៀត​សោត​នៅ​ពេល​ដែល​យើង​ទាំងអស់​គ្នា​ទទួលទាន​ទៅ​សុខភាព សរីរាង្គ​ខាងក្នុង​ដូច​ជា​ក្រពះ ពោះវៀន តម្រង់​នោម ថ្លើម ប្រ​ម៉ាត់ លំពែង​យើង​ក៏​នឹង​រង​ទុក្ខទោស​ទៅ​តាម​នោះ​ផង​ដែរ​។

នេះ គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​ក្រៅពី​នោះ​ហេតុផល​មួយ​ចំនួន​ខាងក្រោម​ក៏​ចំណុច​យើង​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​ពពួក​សរីរាង្គ​ខាងក្នុង​សត្វ​ដូច​ជា ថ្លើម ក្រលៀន បេះដូង អណ្តាត ខួរ ពោះវៀន ក្រពះ ទាំងនេះ​ផង​ដែរ​។
តាម​ការ​ស្រាវជ្រាវ​យើង​ដឹង​ថា សរីរាង្គ​សត្វ​ទាំងនេះ គឺ​ពិតជា​អាហារ ហើយ​ប៉ុន្តែ​សូមកុំ ទទួលទាន​វា​ញឹកញាប់​ពេក​ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​លើស​ប្រូតេអ៊ីន លើស​ខ្លាញ់ ហើយ​វា​ក៏​ជា​សរីរាង្គ​ដែល​ផ្ទុក​នៅ​ពពួកសត្វ​ល្អិត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ផង​ដែរ ប្រសិនបើ​យើង​ចំអិន​មិន​បាន​ល្អ ឬ​លាង​សំអាត​មិន​ស្អាត​។

តាម​ការ​ស្រាវជ្រាវ​របស់​យើង​គ្រឿងក្នុង​ទាំងនេះ​អាច​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​គ្រឿងក្នុង​ក្រហម និង​គ្រឿងក្នុង​ស ។ គ្រឿងក្នុង​ក្រហម គឺ​អាច​ងាយ​ទទួលទាន​ដោយ​មិន​ចាំបាច់ ពិបាក​សំអាត​ច្រើន​ទេ ប៉ុន្តែ​ចំណែក​គ្រឿងក្នុង​ស​វិញ​ទាមទារ​ការ​លាង​សម្អាត​ចម្រាស​ឲ្យ​បាន​ស្អាត​ល្អ​ពីព្រោះ​វា គឺជា​បណ្តុំ​នៃ​មីក្រូ​សារពាង្គកាយ​ដូច​ជា​ពពួកសត្វ​ល្អិត ពពួក​ព្រូន ។មក​ដល់​ពេល​នេះ​គ្រឿងក្នុង​ក្រហម មាន​ដូច​ជា ថ្លើម ក្រលៀន បេះដូង អណ្តាត ឯ​គ្រឿងក្នុង​ស គឺ​មាន​ពោះវៀន ពោះ​តាន់ ក្រពះ កោះ និង​ពោះគោ​១០០​ស្រទាប់​ជាដើម ។

មុន​ទទួលទាន​គ្រឿងក្នុង​ស គឺ​ទាមទារ​ឲ្យ​សំអាត​ឲ្យ​បាន​ច្រើន​ទឹក ហើយ​សូមកុំ​ទទួលទាន​ឆៅ និង​ស្រស់​ដូច​ជា បុគ្គល​មួយ​ចំនួន​បាន​ផុស និង​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ដែល​មាន មនុស្ស​ចូល​ទស្សនា​រាប់​សិប​លាន​នាក់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ដោយសារ​តែ​ការ​ទទួលទាន​ឆៅ ឬ​ចំអិន​មិនល្អ ពពួកសត្វ​ល្អិត​ដែល​នៅ​តោង​តាម​សរីរាង្គ​ទាំងនេះ​ចូល​មក​ក្នុង​ខ្លួន​យើង​យ៉ាង​ងាយស្រួល​បំផុត​។

សរុប​មក​វិញ​គ្រឿងក្នុង គឺជា​អាហារ​ដែល​យើង​អាច​ទទួលទាន​បាន ប្រសិនបើ​វា​ជា​របស់​ល្អ ប៉ុន្តែ​សូមកុំ​បរិភោគ​ឆៅ​ឬ​ចំអិន​មិន​ឆ្អិន​ល្អ ប៉ុន្តែ​កុំ​សូវ​ពិសា​ឬ​ទទួលទាន​ញឹកញាប់​ពេក ហើយ​ប្រសិនជា​យើង​ដឹង​ប្រភព និង​កន្លែង​ដែល​មាន​សុវត្ថិភាព​ទៀត​រឹតតែ​ប្រសើរ ។ នៅ​ក្នុង​ករណី ចូល​ហាង​អី សូមកុំ​ពិសា​ច្រើន​ពេក ពីព្រោះ​យើង​ពិបាក​នឹង​ដឹង​ប្រភព​នៃ​សរីរាង្គ​ទាំងនេះ​ច្បាស់លាស់​ណាស់​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ