ខេត្តព្រះសីហនុ ៖ កណ្តាប់ដៃដែករបស់លោកស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងជំនាញក្រោមឱវាទធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅមុខក្លិបកម្សាន្តមួយកន្លែង ក្រោយរត់គេចខ្លួនបានមួយដង្ហើមចង្រឹត។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ប្តឹងមកសមត្ថកិច្ចថា នៅចំណុចមុខក្លិបកម្សាន្តយីហោ «អូស្កា» ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធជាច្រើនគ្រា.ប់ ដែលបង្កឡើងដោយមនុស្ស១ក្រុម មានគ្នាចំនួន៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនប្រដាប់អាវុធមួយក្រុមនោះ បាននាំគ្នាឡើងជិះរថយន្តចំនួន២គ្រឿងរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ក្នុងនាមលោកជាស្នងការបានបញ្ជាទៅកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញា ហើយក៏បានរកឃើញសំបកគ្រា.ប់កាទុសចំនួន៥គ្រា.ប់ ដែលបន្សល់ទុកនៅមុខក្លិបកម្សាន្តនោះ ។

សមត្តកិច្ចក៏បានប្រមូលភស្តុតាង និងស្តាប់ការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក៏បន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ តាមអនុសាសន៍កណ្តាប់ដៃដែក រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានខ្មែរម្នាក់ ជាអ្នកបកប្រែភាសាចិន ដែលពួកគេបាននិងកំពុងស្នាក់នៅកាស៊ីណូមួយកន្លែង ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រួចយទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដុះក្អែលជុំវិញករណីផ្ទុះអាវុធនោះ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងរួមមាន ៖ អាវុធខ្លី១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់២ មាន១៤គ្រា.ប់)។ សំបកគ្រា.ប់កាទុស ៥គ្រា.ប់។ រថយន្ត២គ្រឿង ដោយ១គ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង១គ្រឿងទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998 ។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរ និងស្វែងរកបក្សពួកដែលរត់គេចខ្លួនបន្តទៀត៕
ចែករំលែកព័តមាននេះ