ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូល​កាន់តំណែង ជាស្នងការនគរបាល ខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តព្រៃវែង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣មីនា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។…

ខេត្តព្រៃវែង៖ ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តព្រៃវែង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣មីនា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នោះគឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលកាន់តំណែង ជាស្នងការនគរបាល ខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ដែល​ត្រូវ​បានតែងតាំង​ជាអគ្គស្នងការរង​នគរបាល​ជាតិ​​។

ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា កន្លងទៅថ្មីៗនេះកម្ពុជាយើង សម្រេចចបាននូវសមិទ្ធិផលធំៗជាច្រើន ក្នុងនោះ គឺការការពារទប់ស្កាត់ជំងឺកូវីដ​១៩ ការការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធីប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២ និងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ដែលសមិទ្ធិផលទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់កងកំលាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

លោក​អគ្គស្នងការនគរបាលជាតិ បានបន្តទៀតថា នៅពេលខាងមុខឆាប់ៗនេះ កម្ពុជាយើងនិងបន្តធ្វើជាម្ចាស់ផ្ទះទៀត នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រឹត្តិការណ៍នេះ នឹងមានកីឡាករ មកចូលរួមប្រកួត​ និងអ្នកមកចូលរួមទស្សនាគាំទ្ររាប់ម៉ឺននាក់ ហើយការរក្សាការពារសន្តិសុខសុវត្ថិភាព​ជូនដល់កីឡាករ និងភ្ញៀវជាតិអន្តរជាតិទាំងអស់នេះ គឺជាភារៈកិច្ចចាំបាច់របស់កងកំលាំង​នគរបាលជាតិ ហើយក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏មានតួនាទី ចូលរួមដ៏សំខាន់ផងដែរ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿង អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ទៀតថា ដើម្បីអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធិភាព លោកមានទិសដៅធំៗចំនួន៥ សំរាប់លោកស្នងការខេត្តព្រៃវែង ដែលទើបឡើងថ្មី ត្រូវអនុវត្តតាម ក្នុងនោះ ទី១ លោកស្នងការថ្មី ត្រូវពង្រឹងតួនាទីដឹកនាំរបស់ខ្លួនបន្ថែមទៀត ដោយបើកចំហរបេះដូងជាមួយកូនចៅ ធ្វើការដោយភាពម៉ឺងម៉ាត់ និងចេះយោគយល់គ្នា។ ទី២ ត្រូវបំពេញតួនាទី ជាសេនាធិការរបស់ខេត្ត លើគ្រប់វិស័យ ទី៣ ត្រូវពង្រឹងអធិការដ្ឋាននគរបាលក្រុងស្រុកបន្ថែមទៀត ដើម្បីអោយអធិការដ្ឋានក្លាយជាបង្អែករបស់ប៉ូស្តិ៍រដ្ឋបាល ទី៤ ពង្រឹងគុណភាពនគរបាលលើការងារជំនាញ និងទី៥គឺត្រូវលើកកំពស់សាមគ្គីភាព នៅក្នុងអង្គភាពអោយបានល្អ។

ជាមួយគ្នានោះដែរ លោក នេត សាវឿន ក៏បានស្នើសុំទៅលោក ជា សុមេធី អភិបាលខេត្តព្រៃវែង អោយជួយបន្តពង្រឹងគណៈបញ្ជាការឯកភាពខេត្តបន្ថែមទៀត ដោយផ្តោតសំខាន់លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបន្តដឹកនាំដោយផ្ទាល់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្ត អោយកាន់តែល្អប្រសើរថែមទៀត សំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើស និងគ្រោះថ្នាក់ ដែលកើតមានអោយនៅក្នុងកម្រិតទាបបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ