រាជធានីភ្នំពេញ ៖ អ្នកដែលមានដីធ្លីនៅកោះពីរជាយរាជធានីភ្នំពេញ គឺកោះដាច់ និងកោះតាងនឹងប្រែមុខមាត់ជាថ្មីដោយសារតែគម្រោងកសាងផ្លូវខ្សែក្រវាត់ទី៣ ប៉ែកខាងកើតប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ ក្រោមទឹកប្រាក់រហូតដល់ទៅ២៤០លានដុល្លារ។គម្រោងនេះពីមុនមកហាក់ដូចជា ពាក្យចចាមរ៉ាម ប៉ុន្តែមកដល់ពេលនេះក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ពីរការកសាងគម្រោងនេះដ៏ពិតប្រាកដនៅក្នុងពេលឆាប់ៗខាងមុខ គ្រាន់តែពេលវេលានៅមិនទាន់អាចបញ្ជាក់បានលំអិតប៉ុណ្ណោះ។

មូលហេតុដែលយើងហ៊ានសន្និដ្ឋានថា វា គឺជាគម្រោងដែលនឹងមានរូបរាងពិតប្រាកដនោះ គឺដោយសារតែកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះមានការជួបពិភាក្សាគ្នារវាងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ពោល គឺគម្រោងកសាងស្ពានទៅកោះទាំងពីរនេះ។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងនេះនឹងត្រូវសាងសង់ជាផ្លូវ៤គន្លង ពោល គឺពីរគន្លងទៅពីរគន្លងមក ដោយចេញពីមហាវិថីឈ្នះឈ្នះចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ។ នៅក្នុងគម្រោងគឺត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គ ចំនួន៣ឯណោះ ។
ដូច្នេះហើយបានជាវាមានតម្លៃថ្លៃទោះគម្រោងនេះខ្លីក៏ដោយ ។ ស្ពានទី១គេដឹងថា នឹងចេញពីផ្លូវជាតិលេខ៦ទៅកោះដាច់ដោយមានប្រវែង ១.៣១១ម៉ែត្រស្ពានទី២ គឺពីកោះដាច់ទៅកោះតាងមានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ គឺពីកោះតាងទៅផ្លូវ៧០បេ មានប្រវែង ១.០៤៤ម៉ែត្រ ។

ជាធម្មតានៅពេលដែលអនុវត្តគម្រោងនេះប្រាកដជាមានផលប៉ះពាល់ដោយចៀសមិនរួច ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានឬដីធ្លីនៅចំគម្រោងដែលត្រូវសាងសង់ ហើយអ្នកដែលអាចនឹងមានផលប៉ះពាល់ខ្លាំងនោះ គឺអ្នកនៅកោះដាច់ដោយសារតែទីនោះ គឺជាភូមិស្រុកចាស់ដែលពីមុនជាឃុំមួយស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល តែបច្ចុប្បន្ននេះ គឺនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឬកោះតាង អាចជាកោះថ្មីមួយនៅក្បែរកោះដាច់ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
យើងគិតថា រាជរដ្ឋាភិបាលនឹងអ្នកដែលពាក់ព័ន្ធនៅក្នុងគម្រោងនឹងដោះស្រាយផលប៉ះពាល់សមស្របសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផងប៉ះពាល់ ខណៈដែលអ្នកដែលមិនស្ថិតនៅក្នុងតំបន់អនុវត្តគម្រោងនឹងទទួលផលប្រយោជន៍ដ៏មហាសាលដែលមិនអាចកាត់ថ្លៃបានពីគម្រោងនេះ ។

គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដោយគម្រោងនេះ គឺជាគម្រោងដែលតភ្ជាប់តាំងពីដែនកោះទៅផ្លូវជាតិលេខ៤ រហូតទៅផ្លូវជាតិលេខ១ ហើយវាក៏កាត់ផ្លូវជាតិសំខាន់ៗជាច្រើនតាំងពីផ្លូវជាតិលេខ៦ A ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវ លេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យភ្នំពេញឋិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវអាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតថែមទៀតដែលនឹងជំរុញលំហូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កាន់តែងាយស្រួល និងចំណេញពេលវេលា ។

ក្រៅពីគម្រោងនេះគម្រោងកសាងផ្លូវខ្សែក្រវាត់ក្រុងទី១ និងទី២ ដែលបានតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី ត្រង់ស្តុបផ្សារដីហុយឆ្ពោះទៅផ្លូវជាតិលេខ២ត្រង់ព្រែកសំរោង តាខ្មៅ ក៏ដូចជា កំណាត់ទី២នេះ គឺត្រូវតភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវមុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ គឺបានសាងសង់រួចរាល់កំពុងតែដាក់ឲ្យពលរដ្ឋប្រើប្រាស់ ។

សរុបមកវិញផ្លូវគឺជាសរសៃរឈា.មនៃសេដ្ឋកិច្ច និងការអភិវឌ្ឈហើយកាលណាមានផ្លូវនោះចរន្តសេដ្ឋកិច្ច និងការអភិវឌ្ឈនឹងរីកដុះដាលជាបន្តបន្ទាប់នៅតាមក្រោយដូចដែលសមិទ្ធផល យើងបានឃើញតាមបណ្តោយផ្លូវក្រវាត់ក្រុងទី១ និង ទី២ បណ្តាហេដ្ឋារចនាសម្ព័ន្ធ ដែល បានអភិវឌ្ឈន៍កន្លងមក៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ