ខេត្តស្ទឹងត្រែង ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជម្រុញនិងលើកទឹកចិត្តដល់ប្រជាកសិករក្នុងការផលិតបន្លែសរីរាង្គឱ្យបានច្រើនមុខ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារ និងបានទប់ទល់ជាមួយបន្លែនាំចូលពីប្រភពក្រៅស្រុក ដែលមានកាកសំណល់កសិកម្មច្រើនហួសកម្រិត អាចបង្កផលប៉ះពាល់ចំពោះសុខភាព អ្នកបរិភោគ ។
![Picture]()
ជួបជាមួយកសិករក្នុងគ្រាកំពុងមមារញឹកប្រមូលផល បន្លែត្រសក់ នៅសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងប្រធានមន្តីរកសិកម្មខេត្ត លោកទំ នីរ៉ូ បានលើកឡើងថា ការផលិតបន្លែបងប្អូនកសិករគួរគិតគូរពីគុណភាពផងដែរ ដើម្បីនាំយកទៅលក់ដូរឱ្យមានការប្រកួតប្រជែងគ្នានៅលើទីផ្សារ ព្រោះបន្លែរបស់កសិករដាំដុះបានផលនៅក្នុងស្រុក អតិថិជននិយមទិញបរិភោគច្រើនជាងបន្លែនាំចូលមកពីប្រទេសជិតខាង ។
![Picture]()
លោកបន្តថា ដើម្បីបំពេញតម្រូវការនេះបាន សូមកសិករបែងចែកគ្នាដាំបន្លែ ក្នុងមួយគ្រួសារយ៉ាងហោចណាស់ឱ្យបានបន្លែចាប់ពី៤ ទៅ៥មុខផ្សេងៗពីគ្នា និងឱ្យមានគុណភាពល្អផង ដើម្បីបំពេញតម្រូវការអ្នកបញ្ជាទិញ ហើយទទួលបានប្រាក់ចំណូលខ្ពស់ ។
![Picture]()
លោកចាន់ វាសនា កសិករគំរូនៅភូមិហាងខូបាន សង្កាត់សាមគ្គីបានបញ្ចាក់ថា ត្រង់ចំណុចនេះកសិករចង់បាន ហើយការផលិតបន្លែទទួលបានផលល្អ។ លោកបានលើកយកអំពីបន្លែត្រសក់មកពណ៌នាថា ដើម្បីដំណើរការដាំត្រសក់បានល្អ និងទទួលទិន្នផលខ្ពស់ល្អ ត្រូវមានកត្តាកំណត់ច្រើនយ៉ាង ដូចជាការជ្រើសរើសពូជ ការធ្វើដីហាលសម្លា.ប់មេរោគ ការប្រើប្រាស់ជី ស្រោចទឹក ហើយដាំដុះតាមបច្ចេកទេសកសិកម្ម ដោយឈរលើកត្តាថែទាំជាចាំបាច់នោះទើបសម្រេចបានទិន្នផលល្អ។
![Picture]()
លោកបន្ថែមថា ការដាំបន្លែត្រសក់យើងត្រូវការថែទាំវាឱ្យបានល្អដើម្បីទទួលបានទិន្នផលខ្ពស់ ដោយយើងប្រើជីធម្មជាតិរបស់យើង ប៉ុន្តែបើយើងផ្អែកលើជីធម្មជាតិក៍មិនជោគជ័យដែរ ទាល់តែយើងលាយជីគីមីដូចគ្នា តែដាក់បន្តិចបន្តួច បន្ទាប់បន្សំដើម្បីជំនួយឱ្យវាលូតលាស់ឡើងនោះ ការប្រមូលផលទីមួយយើងអាចទទួលបានជាង១០០គីឡូក្រាម ដល់លើកទី២ទី៣ វាកើនឡើងដល់២០០គីឡូក្រាមហើយដល់តំណាក់កាលចុងក្រោយ វានឹងចុះមកវិញ ចំណែកឯតម្លៃដែលយើងយកទៅលក់នៅលើទីផ្សារចន្លោះពីតម្លៃ១៥០០រៀលទៅ២៥០០រៀលក្នុងមួយគីឡូក្រាម ទៅតាមថ្ងៃសម្បូរនិងមិនសម្បូរ ។
ដោយឡែក លោកសូ សន កសិករនៅភូមិបានប៊ុង ឃុំភ្លុកស្រុកសេសាន ក៏បានលើកឡើងដែរថាទីផ្សារបន្លែមានតម្លែមិនទៀងទាត់ទេ ព្រោះនៅទីផ្សារខេត្តស្ទឹងត្រែងសង្កេតឃើញមានបន្លែនាំចូលមកពីតំបន់ផ្សេងៗច្រើន ធ្វើឱ្យបន្លែខ្លះសម្បូរបែប និងតម្លៃថោក ។
![Picture]()
លោកបន្តថា បច្ចុប្បន្នលោកដាំបន្លែបានចំនួន៦មុខដូច ជាត្រប់ , ម្ទេស, ននោង, ល្ពៅ ,ល្ហុង. ត្រសក់ស្រូវ ព្រមទាំងមានដំណាំឈើហូបផ្លែជាច្រើខមុខទៀត។លោកបន្ថែមថាការដាំដុះលក្ខណនេះអាចដោះស្រាយជីវភាពបានមិនបាច់ទៅឆ្ងាយលក់កម្លាំងពលកម្មទេយើងគ្រាន់តែនៅថែចំការនិងកូនចៅប្រពន្ធកូនរស់ដោយស្រួលឥតមានពិបាកទេ ។
សូមបញ្ចាក់ថា បន្លែដែលកសិករផលិតបាននេះមានអតិថិជននិយមបរិភោគបន្លែសរីរាង្គច្រើនជាងបន្លែនាំចូល បន្ទាប់ពីប្រជាពលរដ្ឋយើង បច្ចុប្បន្ន បានយល់ដឹងច្រើនពីបញ្ហាគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្តាលមកពីការបរិភោគបន្លែមិនល្អ មានកាកសំណល់កសិកម្មច្រើនហួសកម្រិត ហើយមុនពេលចំអិនសម្អាតមិនបានស្អាតទាំងស្រុងនោះទេ ៕
ចែករំលែកព័តមាននេះ