ខេត្តព្រៃវែង ៖ ដីព្រែករំលេច ដែលស្ថិតនៅក្នុងឃុំរាប និងដីបឹងធំ ដែលស្ថិតនៅក្នុងឃុំព្រៃស្រឡិត នៃស្រុកពារាំង កំពុងត្រូវបានក្រុមឈ្មួញចំនួន៣ក្រុម សម្រុកជីកយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ និងបានបង្កនូវផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះផងដែរ ប៉ុន្តែគេមិនដែលឃើញខាងអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ ចុះពិនិត្យមើលម្តងណាឡើយ។

ពលរដ្ឋនៅឃុំព្រៃស្រឡិត បានអោយដឹងថា ដីបឹងធំ បច្ចុប្បន្នមានគ្រឿងចក្រ២ក្រុម កំពុងជីកយកអាចម៍ដីដឹកយកទៅលក់រៀងរាល់ថ្ងៃ ក្នុង១ថ្ងៃៗរាប់រយឡាន ហើយបានបង្កើតអោយមានធូលីដីហុយទ្រលោមគ្របដណ្តប់មកលើផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ រហូតដល់ពលរដ្ឋទ្រាំមិនបានក៏នាំគ្នាប្តឹងទៅខាងអាជ្ញាធរភូមិ តែគ្មានលទ្ធផល គ្មានអ្នកណាដោះស្រាយអោយ។
ចំពោះករណីខាងលើនេះ ក៏ត្រូវបានម្ចាស់គ្រឿងចក្រឈ្មោះ សាត អះអាងឱ្យដឹងថា ការជីកដីបឹងធំនេះ ពួកគេមិនមែនជីកដោយចិត្តឯងនោះទេ គឺមានការអនុញ្ញាតិពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ ហើយក៏បានបង់ប្រាក់អោយលោកមេឃុំផងដែរ មិនមែនជីកយកដីទទេនោះទេ។

ដោយឡែកលោក ជា សយ មេឃុំព្រៃស្រឡិត បានទទួលស្គាល់ថា រូបលោកពិតជាបានអនុញ្ញាតិអោយគ្រឿងចក្រទាំងនោះជីកដីបឹងធំពិតមែន ដែលការអនុញ្ញាតិនេះ រូបលោកមានគោលបំណង២ ទី១- គឺអោយគេជីក ដើម្បីអោយបឹងជ្រៅបានទឹកច្រើនសំរាប់ប្រើប្រាស់ ទី២- គឺដើម្បីការពារកុំអោយពលរដ្ឋដែលមានដីនៅក្បែរនោះរំលោ.ភយកដីបឹង។ ប៉ុន្តែរឿងដែលម្ចាស់គ្រឿងចក្រឆ្លើយថា បានបង់ប្រាក់អោយមេឃុំនោះ លោកបដិសេធថា មិនពិតទេ លោកមិនបានទទួលនោះទេ គឺប្រហែលជាលោកមេភូមិជាអ្នកទទួល។

ចំណែកដីព្រែករំលេច ដែលស្ថិតនៅក្នុងឃុំរាប ឯណោះវិញ ក៏មិនខុសពីដីបឹងធំនោះដែរ គឺមានគ្រឿងចក្រ១ក្រុម កំពុងសម្រុកជីកយកអាចម៍លក់ជារៀងរាល់ថ្ងៃផងដែរ និងមានរយៈពេលជាច្រើនខែមកហើយ ដោយម្ចាស់គ្រឿងចក្រឈ្មោះ រិន ដេត បានអះអាងដូចគ្នាថា រូបគេជីកព្រែករំលេចនេះ គឺមានការអនុញ្ញាតិពីលោកមេភូមិមេឃុំត្រឹមត្រូវ ហើយរូបគេក៏បានផ្តល់ជាប្រយោជន៍ជាច្រើនដល់លោកមេភូមិ និងលោកមេឃុំផងដែរ គឺរកស៊ីអត់ដើម ចែកគ្នារស់… ហេ!ហេ!។

ជុំវិញរឿងរ៉ាវខាងលើនេះ មានមន្ត្រីខ្លះៗនៅស្រុកពារាំងនេះ បានបង្ហើបប្រាប់ថា មិនមែនមានតែដីព្រែករំលេច និងដីបឹងធំនេះទេ ដែលឈ្មួញចូលជីកយកអាចម៍ដីលក់យ៉ាងស្រួលនោះ ដីព្រែកដីបឹងជាច្រើនទៀតនៅក្នុងស្រុកពារាំងនេះ គឺសុទ្ធតែត្រូវគេជីកយកដូចគ្នា ប្រើរូបមន្តដូចគ្នា គឺជីកស្តារព្រែក ស្តារបឹងអោយជ្រៅ ដើម្បីបានទឹកអោយប្រជាពលរដ្ឋប្រើប្រាស់ ប៉ុន្តែធាតុពិត គឺគេលក់អាចម៍ដីក្នុងបឹង ក្នុងព្រែក យកលុយចែកគ្នាចាយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕

ចែករំលែកព័តមាននេះ