ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​លោកស្នងការ​នគរបាល​ខេត្តតាកែវ លើក​ទី​២ ឆ្នាំ ២០២៣

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទះ ដណ្ដើម​ពានរង្វាន់​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ លើក​ទី​២ ឆ្នាំ​២០២៣ ។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​តារាង​បាល់ទះ​ផ្ទះ​គ្រូបង្រៀន នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត និង​លោកស្រី ប៉ែន រតន​រំ​ចង់ ព្រមទាំង លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ គង់ ស៊ី​ថា ប្រធាន​ពន្ធនាគារ​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលក្រុង ស្រុក និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក យ៉ាងច្រើន​កុះករ​។

លោក អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត ដែល​បាន​រៀបចំ​ការ​ប្រកួត​កីឡា​នេះ​ឡើង ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​បងប្អូនអ្នក​ស្នេហា​កីឡាបាល់ទះ​នេះ ។

ឯកឧត្តម​អភិបាលខេត្ត បាន​លើក​ឡើង​ថា ការ​រៀបចំ​ឡើង​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់​ជំរុញ​ដល់​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​វិស័យ​កីឡាបាល់ទះ​នៅ​តាម​បណ្តា​ខេត្ត​ឱ្យ​កាន់តែ​មានការ​ផុលផុស​ដល់​ស្មារតី​យុវជន​ជំនាន់​ក្រោយ រួម​គ្នា​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ជៀស​ឆ្ងាយ​ពី​គ្រឿងញៀ.ន ខណៈ​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំ​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី ១២ នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ផង​ដែរ ។

បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ប្រកួត​បានឱ្យ​ដឹង​ថា ក្រុម​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី ០៤ ដល់​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០២៣​នេះ មាន​សរុប ១២​ក្រុម​។ រីឯ​ក្រុម​កីឡាករ​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​ក្រុមកីឡា​បាល់ទះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូ​រី ទទួល​បាន​ពានរង្វាន់​មួយ មេដាយមាស និង​ថវិកា​លើកទឹកចិត្ត ៤.០០០.០០០​រៀល ។

ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​ក្រុមកីឡា​បាល់ទះ ធនាគារ ABA សាខា​ខេត្តតាកែវ ទទួល​បាន​មេដាយ​ប្រាក់ និង​ថវិកា​លើកទឹកចិត្ត ២.៥០០.០០០​រៀល ។ ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​លើ​ក្រុមកីឡា​បាល់ទះ សាលាក្រុង​ដូន​កែវ ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ថវិកា​លើកទឹកចិត្ត ១.៥០០.០០០​រៀល និង​ជ័យ​លា​ភី​លេខ​៤ បាន​ទៅ​លើ​ក្រុមកីឡា​បាល់ទះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​រី​ជលសារ ទទួល​បាន​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន​ផង​ដែរ​។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ក៏​បានលើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ដោយ​ផ្ដល់​ជាថវិកា​ចំណាត់ថ្នាក់​លេខ​មួយ ២.០០០.០០០រៀល​, ចំណាត់ថ្នាក់​លេខ​ពីរ ១.៥០០.០០០​រៀល​, ចំណាត់ថ្នាក់​លេខ​បី ១.០០០.០០០​រៀល និង​ចំណាត់ថ្នាក់​លេខ​បួន ៥០០.០០០​រៀល និង​គណៈកម្មការ​បច្ចេកទេស ថវិកា ៥០០.០០០​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ