ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន​ថា ខេត្តកំពង់ធំ​នឹង​ក្លាយជា​គោលដៅ​បណ្ដុះ​កីឡាករ​ឆ្នើម​ៗ​នៅ​ពេល​អនាគត

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ថា

ខេត្តកំពង់ធំ ៖ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ថា វិស័យ​កីឡា​នៅ​ក្នុង​ខេត្តកំពង់ធំ នឹង​មានការ​រីក​ចម្រើន ហើយនឹង​ក្លាយជា​ខេត្ត​គោលដៅ​នៃ​ការ​បណ្ដុះបណ្ដាល​កីឡាករ​ឱ្យ​មាន​ទេព​កោសល្យ​ល្អ​ៗ ដើម្បី​ចូលរួម​ជួយ​ក្នុង​ជម្រើសជាតិ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​អនាគត​។

ថ្លែង​នៅ​ក្នុង​ឱកាស​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៧ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​» លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ប្រភេទ​កីឡា​ដែល​ប្រកួត និង​លេង​កម្សាន្ត​មាន​៦​ប្រភេទ គឺ​បាល់ទះ​ឆ្នេរ​ខ្សាច់ បាល់ទាត់​ឆ្នេរ​ខ្សាច់ ប៉េតង់ បាល់ទាត់​លើ​តុ រត់ប្រណាំង និង​ប្រដាល់​គុន​ខ្មែរ​។ នៅ​យប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ការ​ប្រកួត​កីឡា​ទាំងអស់ គឺ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បន្ត​ថា កីឡា​ទាំង​៦​ប្រភេទ​នេះ សរុប​អ្នក​ចូល​លេង​តែ​ម្តង មាន​រហូត​ដល់​ទៅ​ជិត​១០០០​នាក់​ទៅ​ហើយ ដែល​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សកម្មភាព​កីឡា​បាន​ផ្សា​ភ្ជាប់​នូវ​ភាព​ស្និទ្ធស្នាល និង​សាមគ្គីភាព​នៃ​ភាព​សុខដុមរមនា​ក្នុង​សង្គម​។ លោក​ថា សកម្មភាព​កីឡា​រយៈពេល​៣​ថ្ងៃនេះ គឺ​បាន​ជំរុញ​ទឹកចិត្ត​អ្នកលេង និង​អ្នក​ទស្សនា​ឱ្យ​សប្បាយ​រីករាយ និង​អធិកអធម​ខ្លាំង​។ លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ហេ​ដ្ឋា​ចរ​នា​សម្ពន្ធ​កីឡា​ដែល​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​កំពង់ធំ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ខេត្ត និង​បាន​ជួយ​ដល់​សង្គម​ជាតិ ជួយ​ដល់​យុវជន​ផង​ដែរ​។

លោក​បាន​បន្ត​ថា លោក​ស​ង្ឈឹ​ម​ជឿជាក់​ថា វិស័យ​កីឡា​នៅ​ក្នុង​ខេត្តកំពង់ធំ នឹង​មានការ​រីក​ចម្រើន ហើយនឹង​ក្លាយជា​ខេត្ត​គោលដៅ​នៃ​ការ​ផលិត​បាន​នូវ​ធនធាន​មាន​ទេព​កោសល្យ​ល្អ​ៗ​គ្រប់​ប្រទេស​កីឡា ចូលរួម​ជួយ​ក្នុង​ជម្រើសជាតិ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​អនាគត​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ធំ និង​ក្រសួង​ទេសរ​ច​ណ៍​បាន​នាំ​យក​ប្រភេទ​កីឡា​ប្រកួត និង​សម្តែង​៦​ប្រភេទ​កីឡា​មក​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​មាន​បាល់ទះ​ឆ្នេរ​ខ្សាច់ បាល់ទាត់​ឆ្នេរ​ខ្សាច់ ប៉េតង់ បាល់ទាត់​លើ​តុ រត់ប្រណាំង និង​ប្រដាល់​គុន​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ