រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបង្កើតវេទិកាទិវាជាតិទីក្រុងស្អាតជារៀងរាល់ឆ្នាំ ដោយមានទាំងការប្រទ្បងប្រណាំងទីក្រុងស្អាត ហើយបានវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ក្រុងខណ្ឌ ដែលទទួលបានជយ័លាភី ផ្ការំដួល១ទង ជ័យលាភីផ្ការំដួល២ទង និងជ័យលាភីផ្ការំដួង៣ទង។ នៅឆ្នាំនេះ ទីក្រុងខណ្ឌ ដែលទទួលបានជ័យលាភីផ្ការំដួល៣ទង មាន៧ក្រុង-ខណ្ឌ ខណៈដែលក្រុងខណ្ឌចំនួន១៧ ទទួលបានផ្ការំដួល២ទង។ សម្រាប់ជ័យលាភី ផ្ការំដួល១ទង មានចំនួន១៤ក្រុងខណ្ឌ។
![Picture]()
លទ្ធផលនៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នៅឆ្នាំ២០២៣នេះ មានបេក្ខភាពក្រុង-ខណ្ឌ ចូលរួមប្រឡងប្រណាំងសរុបចំនួន៤១ (១៤ខណ្ឌ និង២៧ក្រុង) ក្នុងនោះមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភី។ ជ័យលាភីផ្ការំដួល៣ទង មានចំនួន៧ក្រុង-ខណ្ឌ (៦ក្រុង និង១ខណ្ឌ) ដែលរួមមាន ៖ ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកែប, ក្រុងកំពត, ក្រុងកំពង់ចាម, និងខណ្ឌដូនពេញ។
![Picture]()
សម្រាប់ជ័យលាភីផ្ការំដួល២ទង មានចំនួន១៧ (១៤ក្រុង និង៣ខណ្ឌ) ដែលរួមមាន ៖ ក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ, ក្រុងស្ទឹងសែន, ក្រុងសួង, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន និងក្រុងតាខ្មៅ។
ដោយទ្បែកសម្រាប់ជ័យលាភីផ្ការំដួល១ទង មានចំនួន១៤ (៦ក្រុង និង៨ខណ្ឌ) ដែលរួមមាន ៖ ក្រុងស្ទឹងត្រែង, ក្រុងព្រះវិហារ, ខណ្ឌសែនសុខ, ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័ យ, ខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង។
![Picture]()
ចំណែកក្រុងខណ្ឌ ដែលមិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន៣បេក្ខភាព (១ក្រុង និង២ខណ្ឌ) រួមមាន ៖ ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង និងខណ្ឌកំបូល។
ជ័យលាភីទីក្រុងស្អាត ដែលបានផ្តល់ជូនក្រុង និងខណ្ឌប្រចាំឆ្នាំនេះ គឺជាការលើកទឹកចិត្តទៅនឹងកិច្ចខិតខំប្រែងរបស់អាជ្ញាធរក្រុងខណ្ឌនីមួយៗក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជាប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជា ការគ្រប់គ្រងសំណល់ ភាពស្អាត ភាពទាក់ទាញផ្នែកទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាដើម។
![Picture]()
ទន្ទឹមនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ អាជ្ញាធររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក៏បានចលនាមហាជន សិស្ស និស្សិត ជួបប្រារព្ធទិវាទីក្រុងស្អាត ក្រោយមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ ឆ្នាំ២០២៣»។ ការជួបជុំប្រារព្ធទិវានេះ បានធ្វើឡើងដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នៅរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌជាច្រើន។
![Picture]()
នៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ មានពិធីជួបជុំ និងដើររើសសំរាមនៅវិមានឈ្នះឈ្នះ និងតាមផ្លូវនៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកនៅខេត្តស្វាយរៀង ក៏មានពិធីជួបជុំកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពិធីជួបជុំទាំងនេះ ក្រៅពីថ្លែងការណ៍របស់ថ្នាក់ដឹកនាំខេត្ត-រាជធានី ពាក់ព័ន្ធនឹងបរិស្ថាន និងការទុកដាក់សំរាមកាកសំណល់ឱ្យបានត្រឹមត្រូវ ក៏មានអ្នកដើររើសសំរាម ដែលត្រូវបានគេបោះចោលពាសវាលពាសកាលផងដែរ។
![Picture]()
ជាការពិត កាកសំណល់ ជាពិសេសសំរាមផ្លាស្ទិក ត្រូវបានគេបោះចោលកាន់តែច្រើន ពាសវាលពាសកាល នៅតាមផ្លូវ មិនថា ផ្លូវតូច ផ្លូវធំ ឬក៏នៅដីទំនេរ តាមរបងសាលារៀន និងរបងវត្តនោះទេ។ បញ្ហានេះ មិនមែនកើតឡើងតែនៅភ្នំពេញទេ គឺនៅតាមបណ្តាខេត្តជាច្រើន ក៏កើតឡើងបញ្ហាសំរាមនេះដែរ ពិសេសតាមស្រុកស្រែចំការ និងតំបន់ព្រៃភ្នំ។
ដូច្នេះដើម្បីដោះស្រាយបញ្ហាកាកសំណល់សំរាម ពិសេសសំណល់ផ្ទាស្ទិក ដូចជា ស្បោង ប្រអប់ជ័រ កំប៉ុងជ័រ និងដបទឹកសុទ្ធ ជាដើមនេះបាន គឺត្រូវចាប់ផ្តើមពីប្រជាពលរដ្ឋយើងម្នាក់ៗ។ ម្នាក់ៗ មិនចាំបាច់ដល់ថ្នាក់ដើររើសសំរាមតាមផ្លូវនោះទេ គឺម្នាក់ៗត្រឹមតែសម្អាតផ្ទះរបស់ខ្លួន ហើយវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនមានរបៀបរៀបរយក៏គ្រប់គ្រាន់ ដើម្បីធ្វើឱ្យផ្ទះ ភូមិ និងទីក្រុងយើងស្អាតហើយ។ នៅពេលចេញក្រៅផ្ទះ បើមានសំរាមកាកសំណល់អ្វីក៏ដោយ ត្រូវតែវេចខ្ចប់ ហើយយកទៅបោះចោលនៅធុងសំរាម។ បើមិនមានធុងសំរាម ត្រូវកាន់យករបស់ទាំងនោះ ត្រឡប់ទៅវិញ ដើម្បីបោះចោលក្នុងធុងសំរាមត្រឹមត្រូវ។
![Picture]()
ចំណែកអាជ្ញាធរសមត្ថកិច្ចវិញ ត្រូវបង្កើតទីតាំងចោលសំរាមយ៉ាងហោចណាស់ ១ភូមិ ឱ្យមាន ១កន្លែង។ រីឯធុងសំរាម ក៏ត្រូវតែដាក់ពង្រាយតាមផ្លូវ និងទីសាធារណៈ សួនច្បារ សាលារៀន និងតាមវត្តអារាមជាដើម ជាពិសេសនៅតំបន់រមណីយដ្ឋានទេសចរណ៍។ នៅពេលមានធុង សំរាមហើយ ក៏ត្រូវតែមានអ្នកប្រមូលយកសំរាម និងកាកសំណល់ទាំងនោះជាប្រចាំរៀងរាល់ថ្ងៃ។ នៅតាមស្រុក-ភូមិ និងតាមផ្ទះប្រជាពលរដ្ឋក៏ដូចគ្នា ត្រូវតែមានធុងសំរាម ហើយនៅភ្នំពេញ និងទីប្រជុំជន ដែលមានក្រុមហ៊ុនឯកជន ផ្តល់សេវាប្រមូលសំរាម គឺត្រូវតែដឹកជញ្ជូនកាកសំណល់សំរាមឱ្យទៀងទាត់ បើមិនបានរាល់ថ្ងៃ ក៏ត្រូវតែ២ឬ៣ថ្ងៃម្តងដែរ។
នៅតាមភូមិ តាមទីជនបទ ក៏ត្រូវតែមានកន្លែងសម្រាប់អ្នកស្រុកអ្នកភូមិបោះចោលសំរាម ដោយសារតែមិនមានកន្លែងបោះចោលសំរាម ទើបអ្នកភូមិខ្លះបានដឹកជញ្ជូនសំរាមកាក សំណល់យកទៅបោះចោលនៅដីវាល ឬក៏បោះចោលតាមផ្លូវ បង្កឱ្យក្លាយជាក្លិនមិនល្អ និងដាក់តាំងសំរាម កាកសំណល់បង្អួតអ្នកទេសចរ និងអ្នកដំណើរជាហូរហែ ហើយសព្វថ្ងៃ សំរាមមាននៅតាមផ្លូវ មិនថា នៅតាមផ្លូវជាតិ ឬផ្លូវតាមភូមិនោះទេ។
![Picture]()
ដូច្នេះដើម្បីឱ្យទីក្រុងស្អាត ស្រុកភូមិយើងមានអនាម័យ គឺទាមទារឱ្យយើងចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋម្នាក់ៗ និងទាំងអាជ្ញាធរសមត្ថកិច្ច។ ហាមគេមិនឱ្យបោះឆ្នោតសំរាមពាសវាលពាសកាល តែក៏ត្រូវមានធុងសំរាម និងកន្លែងបោះចោលសំរាមត្រឹមត្រូវដែរ។ ដូចគ្នាដែរ ហាមគេមិនឱ្យចតឡានម៉ូតូតាមផ្លូវ តាមសួនច្បារ តែក៏ត្រូវតែមានកន្លែងចំណតត្រឹមត្រូវ សម្រាប់ចតឡានម៉ូតូដែរ។ ហាមគេមិនឱ្យបន្ទោរបង់តាមទីសាធារណៈ តែអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវតែរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យ សម្រាប់គេបន្ទោរបង់ផងដែរ៕ ដោយ ៖ មុត ស្រីពៅ
ចែករំលែកព័តមាននេះ