រាជធានីភ្នំពេញ ៖ ក្រៅពីជាទីផ្សាររថយន្តដ៏មានសក្តានុពលមួយនៅក្នុងតំបន់ កម្ពុជាក៏ជាប្រទេសដែលមានប្រជាពលរដ្ឋចាប់ផ្តើមនិយមប្រកួតប្រជែងលេងផ្លាកលេខរថយន្តដូចនៅដែនដីស៊ីវិល័យមួយចំនួនទៀតដូចជា ហុងកុងជាដើមដែរ ។

នៅពេលនេះក្រៅពីទីផ្សាររថយន្តថ្មីដើរហើយនោះមូដែល និងយីហោរថយន្តទំនើបនៅលើពិភពលោកដែលគេល្បីថា មានតម្លៃថ្លៃបំផុតដូចជា រ៉ុលរ៉យ (Rolls-Royce ) ចាហ្គារ (Jaguar) ឡាំបួគីនី (Lamborghini) ជាដើម ដែលមួយគ្រឿងៗមានតម្លៃពីរាប់សិបម៉ឺន ទៅដល់ខ្ទង់លានដុល្លារ កម្ពុជាក៏មានផ្លាកលេខរថយន្តដែលថ្លៃបំផុតរហូតដល់ទៅខ្ទង់ម៉ឺនដុល្លារផងដែរ ។

ក្រៅលេងរថយន្តហើយនោះ កម្ពុជានៅមានក្រុមអ្នកដែលមានប្រាក់ខ្លះនិយមលេងផ្លាក លេខថែមទៀតដោយមកដល់ពេលនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសថា ខ្លួនបានលក់លេខពិសេសដល់ទៅ១១៨.០៥២ លេខ ដោយរកចំណូលបានរហូតដល់ទៅ ២១៨,៥៣ ពាន់លានរៀល ឬស្មើនឹងប្រមាណជាជិត៥៥លានដុល្លារ ។
ប្រភពដដែលបានប្រកាស កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរខួបដែលក្រសួងចេញប្រកាសលក់លេខពិសេសផ្ទាល់ខ្លួនថា លេខទាំងនេះ គឺក្រសួងបានលក់ចេញត្រឹមតែរយៈពេលពីរឆ្នាំ ពោលគឺពី២០២០ដល់២០២២ ។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូននិងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានឲ្យដឹងថា សម្រាប់លេខ ពិសេសក្រសួងលក់បានចំនួន ១០១.៩២០លេខ ទទួលបានចំណូលសរុបស្មើនឹងជិត២៦លានដុលា្លរ រីឯលេខរឹតតែពិសេសពោលគឺជាលេខផ្ទាល់ខ្លួន គឺក្រសួងលក់បានចំនួន ១៦.១៣២លេខដែរ ដោយទទួលបានចំណូលសរុបស្មើនឹងជាង ២៨,៦៧ លានដុល្លារ។
លោកស្រីបានបន្តទៀតថា ដោយឡែកលទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្តសម្រេចបានចំណូលសរុបចំនួន ៨៣,៤៥ពាន់លានរៀលស្មើនឹង ២០,៨៦ លានដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
គិតរហូតដល់ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺកំពុងតែធ្វើការដេញថ្លៃលេខពិសេសមួយ គឺ ILOVEKH ដោយតម្លៃដេញថ្លៃគឺចាប់ពី៨លានរៀល ឬប្រមាណជាជិត២០០០ ដុល្លារ ហើយក្រសួងកំពុងតែប្រកាសលក់ផ្លាកលេខមួយចំនួនទៀត ដែលមានតម្លៃចាប់ពី រហូតដល់ ២០ លានរៀល ឬជិត៥.០០០ដុល្លារ ។
ឃើញតម្លៃប៉ុណ្ណោះកុំអាលថា ថ្លៃ ប្រសិនបើយើងបញ្ជាទិញស្លាកលេខផ្សេងឧទាហរណ៍ដូចជា MENG ឬKONG ដែលគេដឹងថា ជាឈ្មោះមហាសេដ្ឋីនៅក្នុងស្រុក អីគឺមានតម្លៃមិនក្រោម២០០លានរៀល ឬប្រមាណជាជាង ៥០.០០០ ដុល្លារនោះទេ ហើយបើតាមការប្រកាសលក់កាលពីមុនគេដឹងថា តម្លៃផ្លាកលេខពិសេសនៅកម្ពុជា គឺមានម្លៃប្រមាណជាចាប់ពី២លានរៀន ឬ៥០០ ដុល្លារឡើង រហូតដល់១ពាន់លានរៀល ឬ២៥ ម៉ឺនដុល្លារឯណោះ ។

នេះគឺជាស្ថានភាពត្រួសៗនៃភាពស៊ីវិល័យពាក់ព័ន្ធនឹងការបង្ហាញជាសាធារណៈរបស់ពលរដ្ឋកម្ពុជា ខណៈដែលនៅហុងកុងឯណោះ តម្លៃផ្លាកលេខដែលថ្លៃបំផុតនៅក្នុងឆ្នាំ២០២៣ គឺជាផ្លាកលេខរថយន្តផ្ទាល់ខ្លួនដែលមានអក្ស « R» ។ ផ្លាកលេខនេះ ត្រូវបានគេលក់ចេញ មានតម្លៃរហូតដល់ទៅ ២៥លានដុល្លារហុងកុង ឬប្រមាណជាជាង៣លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២១ ផ្លាកលេខដែលថ្លៃគឺ អក្ស «W» មានតម្លៃ២៦លានដុល្លារហុងកុង ។
សរុបមកវិញនៅលើវិស័យទីផ្សាររថយន្ត និងឥរិយាបទនៃភាពស៊ីវិល័យរបស់ពលរដ្ឋ ខ្មែរគឺកំពុងតែបង្ហាញស្របពេលដែលកម្រិតជីវភាពពលរដ្ឋមានការកែលំអរពីមួយថ្ងៃទីមួយថ្ងៃ ប៉ុន្តែនៅក្នុងដំណាក់កាល ដែលការប្រកួតប្រជែងកាន់តែស្វិតស្វាញនៅក្នុង ស្ថានភាព សេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ដូចជាបច្ចុប្បន្នការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ