រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចេញលិខិតរឹតបន្តឹង និងចាត់វិធានការលើរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនគ្រប់ប្រភេទ ឬឡានពេទ្យឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងរថយន្តគិលានសង្គ្រោះដែលអនុវត្តខុសពីគោលការណ៍ណែនាំ។
នោះ គឺមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជា ក្រសួងសុខាភិបាលបានចេញលិខិតណែនាំរួចហើយមិនអនុញ្ញាតឱ្យគ្លីនិកឯកជន ឬពេទ្យឯកជនយកឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នកជំងឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួនឡើយ ។ ប៉ុន្តែមកដល់ពេលនេះ គេនៅតែឃើញឡានពេទ្យឯកជនទៅដណ្តើមដឹកអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដូចចាប់ម៉ូយតាក់ស៊ីនៅឡើយ។
សេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញបានឱ្យដឹងថា យោងស្មារតីអង្គប្រជុំស្តីពីកិច្ចប្រជុំត្រួតពិនិត្យពង្រឹង និងចាត់វិធានការលើរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនគ្រប់ប្រភេទដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងរថយន្តគិលានសង្គ្រោះដែលអនុវត្តខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក/លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញជ្រាបថា ករណីរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈបញ្ជូនទៅកាន់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនរបស់លោក-លោកស្រីសូមជួយទទួល និងផ្តល់សេវាសង្គ្រោះបន្ទាន់ជូនជនរងគ្រោះ ព្រមទាំងរាយការណ៍ ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន (ដោយថតរូបអ្នកបើកបរ និងស្លាកលេខរថយន្តគិលានសង្គ្រោះ)ដើម្បីឃាត់រថយន្ត និងអ្នកបើកបរ។
មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានប្រកាសឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្តីជូនដំណឹងដែលហាមឃាត់មិនឱ្យពេទ្យឯកជនប្រើឡានពេទ្យរបស់ខ្លួនដឹកអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ឡើយ។
ក៏ប៉ុន្តែក្រោយសេចក្តីជូនដំណឹងនេះ តែប៉ុន្មានថ្ងៃ គឺនៅយប់ថ្ងៃទី៤ ខែមីនា គេឃើញរថយន្តសង្គ្រោះបន្ទាន់ពាក់ស្លាកលេខ ខ-ម មកដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍ស្របពេលដែល រថយន្តសាមុយរបស់រដ្ឋមកដល់ ។ ករណីនេះឡានពេទ្យឯកជន ដែលពាក់ស្លាកលេខខ.ម មិនព្រមអោយខាងរថយន្តសាមុយរបស់រដ្ឋដឹកអ្នករបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តសង្គ្រោះដែលពាក់ស្លាកលេខ ខ.ម នោះធ្លាប់ចេញដឹកអ្នករបួសតាមផ្លូវសាធារណៈដោយមិនដឹកអ្នករបួសចូលមន្ទីរពេទ្យរដ្ឋទេ តែបែរដឹកចូលមន្ទីរពេទ្យឯកជន ដែលមានឈ្មោះ ឡរ៉ា ទៅវិញ។
កន្លងមក ការហាមឃាត់ឡានពេទ្យឯកជន មិនឱ្យដឹកអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់ដោយសារតែកន្លងមក ក្រុមឡានពេទ្យឯកជនទាំងនោះបានឈ្លោះដណ្តើមជនរងគ្រោះដូចដណ្តើមម៉ូយជិះឡានតាក់ស៊ី ។ មួយវិញទៀត នៅពេលដឹកអ្នកជំងឺយកទៅដល់គ្លីនិកឯកជនហើយ គឺពេទ្យៗឯកជនទាំងនោះកា.ប់កោរអ្នកជំងឺមិនដាក់ទឹក ។ ហេតុផលសំខាន់មួយទៀតត្រូវបានគេរកឃើញថា ឡានពេទ្យឯកជនជាច្រើនដែលដណ្តើមដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ គឺមិនមានឧបករណ៍សង្គ្រោះបឋម ហើយអ្នកលើកសែងអ្នករងគ្រោះទៀតក៏មិនមានជំនាញពេទ្យច្បាស់លាស់ ដែលអាចនាំដល់គ្រោះថ្នាក់បន្ថែមដល់អ្នកជំងឺ។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងវិធានការ ដោយហាមឃាត់ឡានពេទ្យឯកជន មិនឱ្យចេញដឹកអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដូច្នេះ គឺឡានពេទ្យរដ្ឋ ត្រូវតែបង្កើនសកម្មភាពរបស់ខ្លួន ហើយពេលគេតេរកត្រូវតែលើក និងចេញទៅយកអ្នកជំងឺអ្នករងគ្រោះឱ្យបានទាន់ពេលផង ។ ក្នុងឡានពេទ្យរដ្ឋក៏ត្រូវបានតែបំពាក់ឧបករណ៍សង្គ្រោះបឋមគ្រប់គ្រាន់ និងមានពេទ្យប្រកបដោយវិជ្ជាជីវៈ។
ម្យ៉ាងទៀត ក្នុងករណីឡានពេទ្យឯកជននេះ មន្ទីរសុខាភិបាល និងក្រសួងសុខាភិបាល គួរតែបង្កើនវិធានការគ្រប់គ្រង ហើយត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងតម្រូវឱ្យឡានពេទ្យឯកជនទាំងនោះបំពាក់ឧបករណ៍តាមស្តង់ដាដោយមានគ្រូពេទ្យ មានជំនាញពេលទៅដឹកអ្នកជំងឺ និងអ្នករងគ្រោះ ។ រីឯតម្លៃសេវាក៏ត្រូវតែក្រសួង និងមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធររាជធានីខេត្ត ចូលរួមអន្តរាគមន៍ ឱ្យយកថ្លៃសមរម្យ។
ការទទួលខុសត្រូវរបស់ពេទ្យឯកជនលើអ្នកជំងឺក៏ត្រូវតែគិតគូរ ហើយបើពេទ្យឯកជនណាមិនធ្វើតាមទេ ក្រសួង និងមន្ទីរសុខាភិបាលត្រូវចាត់វិធានការម៉ឺងម៉ាត់រហូតដល់បិទគ្លីនិកនោះតែម្តង ។ ពោល គឺពន្លត់ភ្លើងដោយមិនត្រូវនាំគ្នាអង្គុយបក់ផ្សែងចិញ្ចឹមបញ្ហាដូច្នេះនោះទេ ។ ព្រោះថា បើនៅតែបណ្តែត បណ្តោយបញ្ហាដែលយើងដឹងច្បាស់ហើយ នោះអ្នករងគ្រោះ គឺមានតែប្រជាពលរដ្ឋ និងអ្នកជំងឺតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ