រាជធានីភ្នំពេញ ៖ «ដីខ្ញុំមួយទំហំមួយហិកតា បើលក់ដាច់បាន២០ម៉ឺនដុល្លារ ។ ផ្ទះខ្ញុំបើលក់ដាច់បានជិត១៥ម៉ឺនដុល្លារ ប៉ុន្តែពេលនេះលក់មិនដាច់សោះ»។ ទាំងនេះជាពាក្យដែលគេបានពីមនុស្សច្រើន ខណៈដែលវិស័យអចនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ កាលពីឆ្នាំ២០១៩មក ។

លោក សុធី ពលរដ្ឋម្នាក់រស់នៅលើផ្លូវជាតិលេខ១ម្តុំគៀនស្វាយ និយាយថា គាត់កំពុងមានបញ្ហាហិរញ្ញវត្ថុជាខ្លាំង ដោយសារខ្លួនគ្មានការងារធ្វើ ចំណែកកូនៗត្រូវការថវិកាសិក្សា ។ បុរសមានកូនពីររូបនេះនិយាយថា គាត់បានសម្រេចឱ្យកូនរៀនសាលាពេទ្យដែលត្រូវបង់ថ្លៃសិក្សាប្រមាណ៣ពាន់ដុល្លារក្នុងមួយឆ្នាំដោយគិតថាលក់ដាច់ ប៉ុន្តែពីរឆ្នាំហើយគាត់លក់មិនដាច់សោះ។
«ដីខ្ញុំជាងមួយហិកតាដាក់លក់តម្លៃជាង២០ម៉ឺនដុល្លារ ។ ប៉ុន្តែពីរឆ្នាំហើយលក់មិនដាច់សោះធ្វើឱ្យខ្ញុំមានការលំបាកជាខ្លាំង។បច្ចុប្បន្នខ្ញុំជំពាក់បំណុលធនាគារជាង៥ម៉ឺនដុល្លារប្រាក់ខែប្រពន្ធពីការងាររដ្ឋសម្រាប់តែការបង់ធនាគារ ចំណែកការចំណាយនានាមានការពិបាក ណាស់ ត្រូវខ្ចីគេឯងពេលខ្វះខាតម្តង»។

លោក មុន្នី ពលរដ្ឋម្នាក់ទៀតនៅភ្នំពេញ បានដាក់លក់ផ្ទះ និងដីនៅម្តុំចោមចៅជិត៣ឆ្នាំមកហើយ តែលក់មិនដាច់សោះដែរ ។ លោកមុន្នី និយាយថា លោកមានបញ្ហាហិរញ្ញវត្ថុជាខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារលុយកប់នៅក្នុងដី និងផ្ទះដែលលក់មិនដាច់ ។ «ខ្ញុំបានទិញផ្ទះក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ដោយបង់រំលោះជាមួយធនាគារ ។ មួយខែខ្ញុំត្រូវបង់ធនាគារជាង៦០០ដុល្លារ ។ ពីមួយខែទៅមួយខែ ខ្ញុំយ៉ាប់ខ្លាំងណាស់ក្នុងការរកប្រាក់មកបង់ធនាគារពីព្រោះគ្មានចំណូល ហើយដាក់លក់ផ្ទះវិញតែគ្មានអ្នកទិញសោះ»។
វិស័យសំណង់ និងអចលនទ្រព្យត្រូវបានព្យាករណ៍ថា ងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ មានលក្ខណៈយឺតជាងគេនៅក្នុងឆ្នាំ២០២៣នេះ ។ តែអ្នកសេដ្ឋកិច្ចថា វិស័យនេះនៅតែចូលរួមចំណែកដ៏សំខាន់នៅក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ដីធ្លី និងអចលនទ្រព្យបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រមាណ១០ភាគរយក្នុងមួយឆ្នាំ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច នៅក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី២៥ មករា កន្លងមកនេះ បានឱ្យដឹងថា ការងើបឡើងវិញយឺតរបស់វិស័យអចនទ្រព្យដោយសារវិស័យនេះ មានហានិភ័យហិរញ្ញវត្ថុ គឺ Credit Crunch ដែលជាការខ្វះឥណទាន ឬ វិបត្តិឥណទាន ។ តែទោះយ៉ាងណា លោកថា រដ្ឋាភិបាលមានគោល នយោយបាយគាំទ្រក្រោមកិច្ចសហការពីធនាគារជាតិកម្ពុជា ក្រសួងសេដ្ឋកិច្ច ពន្ធដា និងភាគីអចលនទ្រព្យដោះស្រាយរួមគ្នា ។ តាមមន្ត្រី វិបត្តិហិរញ្ញវត្ថុក្នុងវិស័យអចនទ្រព្យ ដោយសារតែការពឹងផ្អែកលើលំហូរវិនិយោគខាងក្រៅប្រទេសច្រើន ជាពិសេស គឺពឹងពីចិនតែម្តង។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា(NBC) វិស័យសំណង់ និងអចលនទ្រព្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនយឺតជាលំដាប់ដោយសារការងើបឡើងយឺតនៃលំហូរទុនវិនិយោគបរទេស ។ ក្នុងឆ្នាំ២០២១វិស័យនេះមានកំណើនត្រឹម០,៨ភាគរយ ហើយបានធ្លាក់មកនៅត្រឹម០,៥ភាគរយវិញ សម្រាប់ឆ្នាំ២០២២។
ភ្នាក់ងារអចលនទ្រព្យម្នាក់និយាយថា បច្ចុប្បន្ននេះ ផ្ទះល្វែង នៅតាមបុរី ដែលឈ្មួញកណ្តាលទិញទុកលក់យកចំណេញនោះបានដាក់លក់វិញជាច្រើន ។ នៅក្នុងនោះមួយចំនួនធំគេបានទិញបង់រំលោះពីធនាគារ។

មន្ត្រីភ្នាក់ងារនិយាយបន្តថា អ្នកលក់ផ្ទះវិញ ខ្លះយកត្រឹមរួចខ្លួនពីការទិញនៅក្នុងឆ្នាំ២០១៩ តែនៅតែលក់មិនចេញ ។ ពោលគេទិញ៦ម៉ឺនដុល្លារ កាលពីពីរឆ្នាំ តែពេលនេះគលក់វិញ៦ម៉ឺនដុល្លារក៏មិនមានអ្នកទិញដែរ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ