ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយនៅក្នុងនោះគណបក្ស ភឿថៃ (Pheu Thai) ឬថៃក្រហមដែលគេដឹងថា បានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយលោក…
ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយនៅក្នុងនោះគណបក្ស ភឿថៃ (Pheu Thai) ឬថៃក្រហមដែលគេដឹងថា បានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហាក់កំពុងតែរៀបចំយុទ្ធសាស្ត្រឲ្យកូនស្រីរបស់លោកក្លាយជាមេដឹកនាំត្រកូលថ្មីនៅលើឆាកនយោយបាយ និងអំណាចនៅថៃ។

លោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra ) អាយុ៣៦ឆ្នាំ បានប្រកាសរួចហើយអំពីបំណងចង់ក្លាយជានាយកដ្ឋមន្ត្រីថៃ។គណបក្សភឿថៃ កំពុងតែត្រួសត្រាយផ្លូវជូនលោកស្រីនៅពេលនេះ ខណៈដែលប្រជាប្រិយភាពរបស់លោកស្រីក៏ខ្ពស់ជាងអ្នកនយោបាយនានាផងនៅពេលនេះ។របត់នយោបាយរបស់ថៃនេះស្រដៀងគ្នានឹងរបត់នយោបាយរបស់កម្ពុជាដែលបានប្រកាសរួចហើយថា លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេណ។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (NIDA) នៅថៃបានឱ្យដឹងថា ប្រជាប្រិយភាពនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏ទាបជាងលោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រាផងដែរ។

ក្នុងចំណោមពលរដ្ឋថៃដែលគេបានសាកសួរ១.៥៧១នាក់ នៅទូទាំងប្រទេសថៃដែលគេបានធ្វើពីថ្ងៃទី១៧ និង១៨ ខែកុម្ភៈ កន្លងទៅថ្មីៗនេះបានឲ្យដឹងថា លោកស្រីបានទទួលការគាំទ្រដល់ទៅ២៨,៥ ភាគរយ ខណៈលោកប្រាយុទ្ធ ចាន់អូចា គឺទទួលបានត្រឹមតែ២៥,៧ ភាគរយ ស្របពេលដែលលោកអានុទិន ចាន់វីរៈគុល (Anutin Charnvirakul) មកពីគណបក្សភូមិចៃថៃ(Bhumjaithai) ទទួលបានការគាំទ្រ២១,២ ភាគរយលោក ភីតា លីមចារឿនរ៉ាត់ (Pita Limjaroenrat) មកពីគណបក្សឆ្ពោះទៅមុខ(Move Forward) ទទួលបាន១៤,៤ ភាគរយ លោកជូនរិន ឡាកសាណាវីសិទ្ធ (Jurin Laksanawisit) មកពីគណបក្សប្រជាធិបតេយ្យថៃទទួលបានត្រឹមតែ ៣,៨ ភាគរយ ។

គួរកត់សម្គាល់ថា ចំនួនអ្នកដែលគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងលទ្ធផលនៃការស្ទង់មតិរបស់ស្ថាប័នដដែលដែលបានធ្វើកាលពីខែកញ្ញា ឆ្នាំមុន ដោយនៅពេលនោះប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃដែលកំពុងកាន់អំណាច គឺតិចជាងពាក់កណ្តាលនៃលោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រា ។ប្រជាប្រិយភាពលោក ប្រាយុទ្ធ ចាន់អូចា មានច្រើននៅទីក្រុងបាងកក ដោយមានអ្នកឆ្លើយសំណួរមួយភាគបីគាំទ្រលោកឱ្យបន្តកាន់អំណាច ខណៈដែលអត្រានៃការគាំទ្រកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន គឺទាប។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានខ្ទាតចេញពីអំណាចដោយរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ ប៉ុន្តែឥទ្ធិពលនយោបាយរបស់ត្រកូលនេះ នៅក្នុងសង្គមថៃ ជាពិសេសនៅតំបន់ក្រីក្រ និងនៅជនបទ នៅតែលេចធ្លោរទោះបីជាលោកត្រូវធ្វើរដ្ឋប្រហារ និងនិរទេសខ្លួនទៅ ក្រៅប្រទេសក៏ដោយ។នៅក្នុងអំឡុងពេលនៃការកាន់កា.ប់អំណាចនៅក្នុងនាមជានាយករដ្ឋមន្ត្រីថៃទី២៣ ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០១ ហើយត្រូវបណ្តេញចេញ ដោយរដ្ឋប្រហារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ លោកបានកសាងវិថីនយោបាយដ៏សកម្ម និងមានប្រជាប្រិយភាពបំផុតនៅក្នុងចំណោមពលរដ្ឋក្រីក្រ និងអ្នកនៅជនបទ។

មកដល់ពេលនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនដែលបោះបង់នូវចេតនារបស់លោកដើម្បីវិលត្រឡប់មកសង្គមនយោបាយថៃវិញឡើយ ។ តាំងពីលោករស់នៅនិរទេសទោះបីជាជីវិតលោកមិនលំបាក ប៉ុន្តែលោកបានប៉ុនប៉ងវិលត្រឡប់មកវិញជាបន្តបន្ទាប់តាមរយៈការបញ្ជ្រាប អ្នកនយោបាយដែលស្និទនឹងលោកជាបន្តបន្ទាប់មកវិថីនៃអំណាចនៅសង្គមថៃ។
ក្រោយការចាកចេញ អ្នកដែលស្និទនឹងលោកជាបន្តបន្ទាប់បានក្លាយជាមេដឹកនាំថៃ ដូចជា លោក នាយករដ្ឋមន្ត្រី សាម៉ាក ស៊ុនដារ៉ាវេហ្ស ( Samak Sundaravej) ក្លាយជានាយករដ្ឋមន្ត្រីពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៨ ។ លោក ស៊ុមឆៃ វង្សសាវ៉ាត ( Somchai Wongsawat )ដែលជាប្អូនថ្លៃឲ្យឡើងកាន់តំណែងជានាយក រដ្ឋមន្ត្រីថៃទី២៦ ពីថ្ងៃទី១៨ ខែ កញ្ញា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០០៨ ។

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ក៏បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ។ នៅក្នុងរជ្ជៈកាលនៃអំណាចនយោបាយរបស់ខ្លួនលោកស្រីបានដាក់ចេញនូវផែនការ ដើម្បីនាំយកលោក ថាក់ស៊ីន វិលត្រឡប់មកថៃវិញ ប៉ុន្តែនៅតែបរាជ័យហើយទីបំផុតដោយសារចលនាប្រឆាំងតុលាការធម្មនុញ្ញថៃក៏បានបញ្ចប់តំណែងលោកស្រី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ។
បន្ទាប់មក លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងនាមជាប្រមុខយោធាក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីដែលកំពុងតែកាន់កា.ប់ការងារដោយលោក នីវ៉ាត់ថាមរ៉ុង ប៊ុនសុង ប៉ៃសាន (Niwatthamrong Boonsongpaisan បាន) នៅក្នុងនាមជានាយក រដ្ឋមន្ត្រីស្តីទី នៅ១៥ ថ្ងៃក្រោយមកហើយបានបន្តដឹកនាំជានាយករដ្ឋមន្ត្រីរហូតដល់សព្វថ្ងៃ។

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេដឹងថា មានកូនបីនាក់ គឺកូនប្រុសនាម ផានថុងតេ ស៊ីណាវ៉ាត្រា ( Panthongtae Shinawatra) លោកស្រី ពិនថុងថា ស៊ីណាវ៉ាត្រា (Pinthongtha Shinawatra) ជាកូនទីពីរ និងលោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រា ជាកូនពៅ ។
នៅក្នុងចំណោមកូនទាំងបីនេះ អ្នកដែលគេគិតថា មានប្រវត្តិសាកសមដើម្បីបន្តអាជីពនយោបាយរបស់ត្រកូនថាក់ស៊ីន បាន គឺមានតែលោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រា ម្នាក់គត់។នៅក្នុងជួរគណបក្សភឿថៃ បណ្តាចាស់ទុំដែលផ្តួចផ្តើមបង្កើតគណបក្សនេះមួយចំនួនធំសុទ្ធតែទទួលស្គាល់សមត្ថភាព និងប្រជាប្រិយភាពរបស់លោកស្រីទោះបីជាពេលនេះ លោកស្រីនៅវ័យក្មេង ត្រឹម៣៦ឆ្នាំក៏ដោយចុះ។
សូមរង់ចាំបន្តតាមដាន ខណៈដែលគេដឹងថា មកដល់ពេលនេះ លោកស្រី ផាតុងតាន់ ស៊ីណាវ៉ាត្រា ក៏នៅមិនទាន់ច្បាស់ថា លោកស្រីត្រូវ ឈរជាបេក្ខជននាយករដ្ឋមន្ត្រីឬយ៉ាងណានោះនៅឡើយទេ ខណៈដែលគេដឹងថា នៅក្នុងអំឡុងខែឧសភានេះ ក៏ជាពេលដែលលោកស្រី អាចនឹងសម្រាលកូនរបស់លោកស្រីផងដែរ។

ដំណើរនយោបាយរវាងកម្ពុជា និងថៃហាក់ដូចជា កំពុងផ្តល់ឱកាសដល់មនុស្សវ័យក្មេងជំនាន់ក្រោយចូលដឹកនាំប្រទេស។នៅប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណពីឪពុករបស់លោក ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ាណែត ក៏កំពុងសកម្មនៅក្នុងការស្វែងរកការគាំទ្រពីប្រជាជនផងដែរ។
បើសិនជាថៃបោះឆ្នោតគាំទ្រអោយកូនលោកថាក់ស៊ីនក្លាយជានាយករដ្ឋមន្ត្រី ហើយលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីបន្តវេណនោះវាមានន័យថា កម្ពុជា និងថៃកំពុងផ្តល់ឱកាសដល់មនុស្សជំនាន់ក្រោយ ដើម្បីដឹកនាំប្រទេស។

បើសិនជាកូនស្រីរបស់លោកថាក់ស៊ីនអាចជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីនោះវានឹងមានន័យថា លោកស្រីជាមនុស្សទីបីនៃត្រកូលស៊ីណាវ៉ាត្រាដែលក្លាយជានាយករដ្ឋមន្ត្រី ដូចឪពុករលោកស្រី និងម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ