ចាបដូនតាក្នុងរដូវភ្ជុំបិណ្ឌ និងរឿងព្រេងនិទាន
រាជធានីភ្នំពេញ ៖ ទឹកហូរកាត់ផ្លូវរដូវបុណ្យភ្ជុំ ចាបដូនតាយំលើដើមសង្កែ…
រាជធានីភ្នំពេញ ៖ ទឹកហូរកាត់ផ្លូវរដូវបុណ្យភ្ជុំ ចាបដូនតាយំលើដើមសង្កែ…
រាជធានីភ្នំពេញ ៖ «ទឹកហូរកាត់ផ្លូវរដូវបុណ្យភ្ជុំ ចាបដូនតាយំលើដើមសង្កែ…» នេះជាឃ្លាក្នុងបទចម្រៀងដែលមានចំណងជើងថា «រដូវបិណ្ឌភ្ជុំ» ច្រៀងដោយលោក ណូយ វ៉ាន់ណេត តាមការកត់សម្គាល់ពីចាបដូនតាដែលតែងតែយំក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។
នៅសម័យកាលទំនើប និងរីកចម្រើននេះបើនិយាយពីចាបដូនតា អ្នកជំនាន់ក្រោយភាគច្រើនហាក់មិនចាប់អារម្មណ៍ពីវា ប៉ុន្តែបើនិយាយពីចាស់ៗគ្មានអ្នកណាម្នាក់មិនដឹងពីសត្វប្រភេទនេះទេ ។
តាមជំនឿ និងតាមការសង្កេតរបស់ចាស់ៗលើកឡើងស្រដៀងគ្នាថា ចាបដូនតាគឺជាសត្វស្លាបម្យ៉ាងដូចទៅនឹងសត្វស្លាបដទៃទៀតដែរ ប៉ុន្តែសត្វមួយប្រភេទនេះតែងតែយំនៅអំឡុងរដូវភ្ជុំបិណ្ឌដែលវាមិនខុសពីសត្វរៃតែងតែយំពេលបុណ្យចូលឆ្នាំខ្មែរទេ ។
រស់នៅក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្ត្រីវ័យចំណាស់ញ៉ែម សុខន កាលពីថ្ងៃទី៥ កញ្ញា ២០១៧ មានប្រសាសន៍ថា តាមការតំណាល តៗមកសត្វដូនតាគឺមានយូរហើយ ។ គេសង្កេតឃើញវាតែងតែយំនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ចាបនេះយំដើម្បីដាស់តឿនដល់កូនចៅប្រុសស្រីឱ្យបានដឹងថា ដល់ឱកាសបុណ្យភ្ជុំបិណ្ឌហើយ ដូច្នេះត្រូវនាំគ្នាទៅធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់យាយតា ឪពុកម្តាយ ញាតិកាដែលចែកឋានទៅ ព្រោះមិនដឹងពួកគាត់កើតនៅទីណា ។
ចាបដូនតាបើតាមស្ត្រី ញ៉ែម សុខន ថា មានប្រវត្តិរបស់វា ហើយតាមការតំណាល តៗគ្នា ថា កាលដើមឡើយមានយាយ និងចៅរស់នៅជាមួយគ្នា ហើយចៅប្រុសម្នាក់នោះតែងតែដើរបរបាញ់សត្វ ។ លុះថ្ងៃមួយចៅប្រុសបាញ់បានសត្វចាបមួយក្បាលក៏យកឱ្យយាយរបស់ខ្លួនអាំងទុកបរិភោគ ប៉ុន្តែក្រោយពីយាយអាំងសត្វនោះឆ្អិន សាច់ក៏រួមតូចស្វិតជាងសភាពដើម។ ពេលចៅប្រុសឃើញសាច់សត្វតូចស្វិតជាងមុន ក៏គិតថា យាយរបស់ខ្លួនប្រាកដជាលួចបរិភោគ។ ដោយខឹងខ្លាំងគេក៏សម្លាប់យាយរបស់ខ្លួនចោល ។
នៅពេលចៅប្រុសវាយលោកយាយរបស់ខ្លួននោះ គាត់បានស្រែកដដែលៗថា «ស្វិតទេ ចៅៗ» ។ ពេលដែលយាយនោះស្លាប់បានកើតជាសត្វចាបដូនតា ដូច្នេះហើយទើបពេលវាយំឮសូរស្រដៀងពាក្យថា«ស្វិតទេ ចៅៗ» ។
លោកអាចារ្យ សេង ពេជ្រសិលា ទីប្រឹក្សាក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា តាមតំបន់ខ្លះគេហៅខុសគ្នាចំពោះសត្វនេះ ប៉ុន្តែជាក់ស្តែងគេហៅ «សត្វដូនតា»មិនមែន «ចាបដូនតា» ទេ ។ លោកអាចារ្យមានប្រសាសន៍ថា «សត្វនេះតែងតែយំនៅក្នុងខែមន្តសន់រដូវ តែបើឱ្យប្រែតាមអត្ថន័យផ្សេង គឺមិនមានទេ ហើយសត្វប្រភេទនេះបើនិយាយនៅភ្នំពេញ គឺមិនមានទេ តែវាមាននៅតាមបឹង និងវាលស្រែ ។ តាមជំនឿចាស់ៗពីដើម សត្វដូនតានេះគឺវាយំមានន័យថា «ដូនតាយំរកចំណី» តែបើមានជំនឿនឹងបកស្រាយយ៉ាងណាផ្សេងទៀតនោះ គឺមិនមានឡើយ ព្រោះនេះជាការតំណាល តៗគ្នាពីចាស់ៗបុរាណប៉ុណ្ណោះ» ។
សត្វចាបដូនតាអាចទុកជាអបិយជំនឿមួយទៀត បន្ទាប់ពីបទស្មូត្រទំនួញប្រេត សម្រាប់ដាស់តឿនដល់មហាជនឲ្យភ្ញាក់រលឹក និងយល់ដឹង ហើយនាំគ្នាធ្វើបុណ្យតាមទីវត្តមានអារាមនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនជីដូនជីតា សាច់សាលោហិតដែលបានចែកឋានទៅ ។
បើតាមសៀវភៅ «សត្វស្លាបនៃប្រទេសកម្ពុជា» ពណ៌នាថា ចាបដូនតាត្រចៀកប្រាក់ គឺជាឈ្មោះសត្វស្លាបមួយប្រភេទ ដែលឈ្មោលប្រភេទ Galbana មានចំពុះ ថ្ងាស ក និងផ្នែកពោះពណ៌លឿង បន្ទូលក្បាលខ្មៅ ត្រចៀកពណ៌ប្រាក់ ស្លាបពណ៌ប្រផេះ លាយក្រហម និងលឿង ។ ចំណែកចុងខ្នង និងគូទពណ៌ក្រហម ។ ដោយឡែកញីវិញ មានលក្ខណៈស្រដៀងបក្សីឈ្មោលដែរ ប៉ុន្តែស្លេកជាងបន្តិច ។ ចំពោះចាបដូនតាត្រចៀកប្រាក់ប្រភេទ Cunbaci មានថ្ងាសពណ៌លឿងធំជាង ។
ចាបដូនតាត្រចៀកប្រាក់ប្រភេទ Ricketti មានបំពង់កក្រហម ក និងទ្រូងពណ៌លឿងទុំ ។ តាមសៀវភៅកំណត់ត្រាបក្សីបញ្ជាក់ថា បក្សីប្រភេទនេះសម្បូររស់នៅតាមជាយព្រៃស្រោង គុម្ពោតព្រៃ ដំណុះព្រៃក្មេង ជាដើម ។ បក្សីនេះភាគច្រើននៅភាគខាងកើតប្រទេសកម្ពុជា ហើយបន្តពូជចាប់ពីខែកុម្ភៈ ដល់ខែសីហា ។
ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរចាប់ផ្តើមពីថ្ងៃទី៦ កញ្ញា រហូតទី២០ខែកញ្ញា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ