ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ បានចាប់យកអាជីពធ្វើត្រសក់ចាវ និងឆៃប៉ូវផ្អែមលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ តាមរយៈមុខរបរនេះក៏បានជួយឱ្យកូនទៅរៀននៅសាកលវិទ្យាល័យភ្នំពេញ និងបានចេញការងារធ្វើសមរម្យផងដែរ។

អ្នកស្រីវួង សុភា អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើបានរៀបរាប់ឲ្យដឹង នាព្រឹកថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ថា ដើមដំបូង កាលពីពេលដែលគាត់នៅតូចឪពុកម្ដាយចេះធ្វើត្រសក់ចាវ និងឆៃប៉ូវផ្អែម ដោយធ្វើម្ដងៗប្រមាណជា១០គីឡូទុកសម្រាប់ហូបក្នុងគ្រួសារមិនមានការលក់ដូអ្វីនោះទេ។

អ្នកស្រីសុភា បានរៀបរាប់ទាំងញញឹមបន្តទៀតថា ក្រោយមក គាត់បានទទួលការបង្ហាត់បង្រៀនពីឪពុកម្ដាយឱ្យចេះធ្វើរបស់ទាំងនេះសម្រាប់ទុកទទួលទាន មកដល់សព្វថ្ងៃគាត់ក៏បានបែកគំនិតពង្រីកមុខរបរនេះឲ្យកាន់តែធំឡើងដើម្បីដោះស្រាយជីវភាពគ្រួសារដែលមានគ្នាចំនួន៧នាក់។ចំពោះត្រសក់គឺបានប្រមូលទិញពីតាមចំការមួយចំនួនដែលគេដាំនៅក្នុងខេត្តត្បូងឃ្មុំមួយគីឡូក្រាមតម្លៃ១៣០០រៀល ហើយយកមកត្រាំទឹកអំបិលនៅក្នុងអាងរួចស្រង់ហាលថ្ងៃ ពេលដែលស្រពោនអាចលក់បានមួយគីឡូតម្លៃ៣០០០ ទៅ៣៥០០រៀល។ ចំពោះអ្នកដែលមកទិញគឺធ្វើដំណើរតាមម៉ូតូ និងរថយន្តឆ្លងកាត់ផ្លូវថ្នល់មុខផ្ទះរបស់គាត់។

ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈអ្នកដែលមកទិញយកទៅទទួលទានឃើញថា មានរស់ជាតិឆ្ងាញ់ធ្វើឲ្យរបស់ដែលគាត់ផលិតបានទាំងពីរប្រភេទនេះមានម៉ូយកម្មង់ទិញមកពីតាមបណ្ដាខេត្តរាជធានីក្នុងនោះ មានដូចជា កំពង់សោម រាជធានីភ្នំពេញ ប៉ោយប៉ែត ជាប់ព្រំដែនថៃ ព្រមទាំងខេត្តមួយចំនួនទៀតពោលគឺស្ទើរគ្រប់ខេត្តតែម្ដង។ សម្រាប់ត្រសក់ចាវដាក់ក្នុងក្រឡអាចលក់បានតម្លៃ១ម៉ឺនរៀលទៅ ១៥០០០រៀល ឆៃប៉ូវផ្អែមអាចលក់បានមួយគីឡូតម្លៃ៨០០០រៀលតាមប្រភេទសើមឬស្ងួត។

អ្នកស្រីវួង សុភា បញ្ជាក់ឲ្យដឹងថា មុខរបរនេះគឺពិតជាហត់ដូច្នេះត្រូវតែមានការអត់ធ្មត់។នៅក្នុងឆ្នាំ២០២៣អំបិលធ្លាប់ទិញមួយការ៉ុងតម្លៃ១៧០០០រៀល ឥឡូវឡើងដល់២៩០០០រៀល ដោយសារតែកត្តាអំបិលឡើងថ្លៃគាត់ទទួលការចំណេញតិច ។ ទោះជាយ៉ាងណាក៏ដោយ គឺមិនឱ្យបាត់បង់មុខរបរនេះទេ ពេលអនាគតចាស់ទៅគឺចង់ផ្ទេររបស់នេះទៅឲ្យកូនៗមិនដឹងថា តើមានកូនណាមួយស្ម័គ្រចិត្តនិងបន្តរបស់នេះដើម្បីដោះស្រាយផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាច្រើនឆ្នាំមកហើយគាត់បានខិតខំប្រឹងប្រែងដោយជំរុញឲ្យកូនប្រុសច្បងម្នាក់បានបញ្ចប់ថ្នាក់វិទ្យាល័យនៅអូររាំងឪនឹងបានបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ មកដល់សព្វថ្ងៃកូនប្រុសរូបនោះបានចេញធ្វើការហើយ និងបានជួយសម្រាលបន្ទុកគ្រួសារបានមួយកម្រិតផងដែរ។


ចែករំលែកព័តមាននេះ