ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កីឡា​មួយ​ថៃ» ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិ​ការណ៍ European Games ឆ្នាំ​២០២៣

1 ឆ្នាំ មុន

ថៃ ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា EOC បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ដាក់​

ថៃ ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា EOC បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ដាក់​បញ្ចូល​កីឡា​មួយ​ថៃ (Muay Thai) ឬ​ប្រដាល់​ថៃ ទៅ​ក្នុង​វិញ្ញាសា​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​ហ្គេ​ម​អឺរ៉ុប ឬ European Games ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​០២ ខែកក្កដា ក្នុង​ទីក្រុង​ក្រា​កូវ Krakow ប្រទេស​ប៉ូ​ឡូញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Anucha Burapachaisri ដែល​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​។

អ្នកនាំពាក្យ​រូប​នេះ បាន​និយាយ​ថា មួយ​ថៃ គឺជា​កីឡា​មួយ​ប្រភេទ​ក្នុង​ចំណោម​កីឡា​ដែល​មានការ​រីក​ចម្រើន​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ទាក់ទង​នឹង​អត្ត​ព​លិ​ក រួម​បញ្ចូល​គ្នា​ជាមួយនឹង​ទស្សនិកជន​ផង​ដែរ​។

មួយ​ថៃ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​វិញ្ញាសា​ប្រកួត​ចំនួន​៧​ទម្ងន់​ផ្សេង​គ្នា ទាំង​ផ្នែក​បុរស​និង​នារី នៅ​ក្នុង​ព្រឹត្តិការណ៍ European Games 2023 ហើយ​នៅ​ក្នុង​នោះ លោក Anucha បាន​បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី​ប្រដាល់​ទាំងអស់​នឹង​សម្តែង​ក្បាច់គុន​គ្រូ (Wai Khru) ដើម្បី​បង្ហាញ​ការ​គោរព​ដល់​គ្រូ​ពួក​គេ មុន​ពេលធ្វើការ​ប្រកួត​តាម​វិញ្ញាសា​រាល់ខ្លួន​។

កីឡា​មួយ​ថៃ ដែល​ជា​បេតិកភណ្ឌ​វប្បធម៌​របស់​ថៃ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​កីឡា​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ផង​ដែរ​។ ហើយ​ទន្ទឹម​ជាមួយ​គ្នា​នោះ លោក Anucha បាន​បន្ថែម​ទៀត​ថា ថ្មី​ៗ​នេះ មួយ​ថៃ ក៏​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ហ្គេ​ម​អឺរ៉ុប ឬ European Games គឺជា​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ទ្វីប​មួយ នៅ​ក្នុង​ប្រពៃណី​កីឡា​អូ​ឡាំ​ពិ​ក ដែល​ធ្វើការ​ប្រកួតប្រជែង​ដោយ​មានការ​ចូលរួម​ពី​អត្ត​ពលិកម​ក​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​ឆ្លង​ទ្វីប​មួយ​ចំនួន​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​បង្កើត ហើយ​និង​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ទ្វីបអឺរ៉ុប (EOC) ដែល​បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​របស់​ខ្លួន នៅ​ក្នុង​មហាសន្និបាត​លើក​ទី ៤១ នៅ​ក្នុង​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១២​។

ព្រឹត្តិការណ៍​នេះ បាន​ចាប់ផ្តើម​ការ​ប្រកួត​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​គ្រានោះ រដ្ឋធានី​បា​គូ (Baku) ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ទទួល​ជា​ម្ចាស់ផ្ទះ ហើយ​តាម​ផែន​គឺ​ត្រូវធ្វើ​ឡើង​រៀង​រាល់​៤​ឆ្នាំ​ម្តង ខណៈ​ដែល​នៅ​ក្នុង​ឆ្នាំ​២០១៩ រដ្ឋធានី​មីន​ស្កិ៍ ប្រទេស​បេឡា​រុស​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ (​ដកស្រង់​ចេញពី​បាងកក​ប៉ុ​ស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ