ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ជំរុញ​ខ្លាំង​ចំពោះ​ការ​ងាក​ទៅ​រក​ការ​ប្រើ​រថយន្ត​លក្ខណៈ​គ្រួសារ និង​រថយន្តក្រុង​ដែល​ប្រើប្រាស់​អគ្គិសនី ដើម្បី​ដើរ​អោយទាន់​ប្រទេស​ជិតខាង និង​ពិភពលោក​។ ទោះបី​កម្ពុជា​យឺត​ជាង​ប្រទេស​ជិតខាង​មួយ​ជំហាន ប៉ុន្តែ​ពលរដ្ឋ​អាច​នឹង​មានឱកាស​សាកល្បង​រថយន្តក្រុង​អគ្គិសនី ដែល​ហៅ​កាត់​ថា E-Bus…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ជំរុញ​ខ្លាំង​ចំពោះ​ការ​ងាក​ទៅ​រក​ការ​ប្រើ​រថយន្ត​លក្ខណៈ​គ្រួសារ និង​រថយន្តក្រុង​ដែល​ប្រើប្រាស់​អគ្គិសនី ដើម្បី​ដើរ​អោយទាន់​ប្រទេស​ជិតខាង និង​ពិភពលោក​។

ទោះបី​កម្ពុជា​យឺត​ជាង​ប្រទេស​ជិតខាង​មួយ​ជំហាន ប៉ុន្តែ​ពលរដ្ឋ​អាច​នឹង​មានឱកាស​សាកល្បង​រថយន្តក្រុង​អគ្គិសនី ដែល​ហៅ​កាត់​ថា E-Bus នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ជំរុញ​។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជាមួយនឹង​សមាគម​ដឹក​ជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ក្រសួង​កំពុង​តែ​ជំរុញ​កិច្ចការ​នេះ​។

លោក​បាន​ឲ្យ​ដឹង​ថា នេះ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ជា​គោលដៅ​ដែល​ក្រសួង​កំពុង​តែ​ជំរុញ​។លោក​បាន​បន្ត​ថា គោលនយោបាយ​ជំរុញ​ការ​ប្រើប្រាស់​រថយន្តក្រុង​ដើរ ដោយ​ថាមពល អគ្គិសនី សំដៅ​ចូល​រួមការ​ការពារ​បរិស្ថាន គឺជា​ជំហាន​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​ឆ្នាំ​២០៥០ និង​និន្នាការ​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​របស់​ពិភពលោក និង​ក្នុង​តំបន់​ផង​ដែរ​។

មក​ដល់​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​មាន​យានយន្ត​អគ្គិសនី​សរុប​ចំនួន ៧៣១​គ្រឿងក្នុង​នោះ​រថយន្ត​មាន​ចំនួន​៣៦៩​គ្រឿង​ត្រីចក្រយានយន្ត ដែល​ភាសា​សាមញ្ញ​ហៅ​ថា ម៉ូតូ​កង់​បី​មាន​ចំនួន​៣៣៩​គ្រឿង និង​ទោចក្រយានយន្ត​មាន​ចំនួន​២៣​គ្រឿង ខណៈ​ដែល​ពេល​នេះ​កម្ពុជា មាន​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ដ​អគ្គិសនី​ចំនួន​១៣​កន្លែង ក្នុង​នោះ​ស្ថិត​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចំនួន​៤​កន្លែង ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​១​កន្លែង ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ចំការ​ដូង​១​កន្លែង ខេត្តបាត់ដំបង​១​កន្លែង ខេត្តសៀមរាប​១​កន្លែង ក្រុងព្រះសីហនុ​១​កន្លែង ខេត្តមណ្ឌលគិរី ១​កន្លែង ហើយ​៣​កន្លែង​ទៀត គឺ​នៅ​ស្ថានីយប្រេងឥន្ធនៈ PTT ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ និង​ស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិ​លេខ​៦ និង​ស្ថានីយប្រេងឥន្ធនៈ PTT ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១​។
ទាំងនេះ គឺជា​ការ​ខិតខំ​របស់​កម្ពុជា​នៅ​លើ​វិ​ថី​នៃ​យានយន្ត​ប្រើ​អគ្គិសនី ស្រប​ពេល​ដែល​ប្រទេស​ជិតខាង​កម្ពុជា ជា​ពិសេស គឺ​វៀតណាម និង ថៃ គឺ​គេ​បាន​ដើរ​មុន​កម្ពុ​ជាមួយ​ជំហាន​ដ៏​វែង​ឆ្ងាយ​ហើយ​លើ​បញ្ហា​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ​។

នៅ​វៀតណាម​នៅ​ពេល​នេះ គេ​មិន​ត្រឹមតែ​កំពុង​តែ​ប្រើប្រាស់​រថយន្តក្រុង​អគ្គិសនី​នោះ​ទេ ប្រទេស​នេះ​ក៏​មាន​រោងចក្រ​ដំឡើងរថយន្ត​ក្រុង​នេះ​ផង​ដែរ​ដែល​ជ្រក​ក្រោម​ស្លាក​សញ្ញា​ពាណិជ្ជ​ថា VinFast ។ ក្រុមហ៊ុន​នេះ​បាន​កំពុង​តែ​ផលិត និង​ដំណើរការ​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​នៅ​វៀតណាម តាំងពី​ខែមីនា ឆ្នាំ​២០២២ ជាមួយនឹង​រថយន្ត​ដែល​មាន​ធុងអាគុយ​ផ្ទុក​អគ្គិសនី​ទំហំ​២៨១ kWh ហើយ​អាច​នឹង​ធ្វើការ​ដឹក​ជញ្ជូន​បាន​ដល់​ទៅ​ពី​២២០​ទៅ​២៦០​គម​។

សម្រាប់​ថៃ​វិញ​ក្រុមហ៊ុន Thai Smile បាន​អះអាង​ថា ខ្លួន​នឹង​ពង្រីក​ការ​ប្រើប្រាស់​រថយន្តក្រុង​ប្រើ​អគ្គិសនី​នេះ​ដល់​ទៅ​៣.១០០ គ្រឿង នៅ​លើ​ផ្លូវ​រត់​សរុប​ចំនួន​១២២ ខ្សែរ​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ខណៈ​ដែល​ពេល​នេះ​ក្រុមហ៊ុន​កំពុង​តែ​ដំណើរការ​ជាមួយនឹង​រថយន្តក្រុង​អគ្គិសនី​ចំនួន ១.២៥០​គ្រឿង នៅ​លើ​ផ្លូវ​រត់ ៧១ ។

អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​ថៃ​បាន​អះអាង​ថា នៅ​ក្នុង​ទីក្រុង​បាងកក មាន​ផ្លូវ​រថយន្ត ក្រុង​ចំនួន​៧៧​ខ្សែរ ហើយ​ក្រុមហ៊ុន​នេះ​កាន់កាប់ ៧១​ខ្សែរ ខណៈ​ដែល​នៅ​សល់ គឺ​ក្រុមហ៊ុន​ពីរ​ទៀត​បាន​ទទួល​ភ្លើង​ខៀវ​រួច​ហើយ​ដែរ​។ នៅ​ពេល​នេះ​ថៃ​ក៏​មាន​ផែនការ​យក​រថយន្តក្រុង​អគ្គិសនី​មក​ជំនួស​រថយន្តក្រុង​ប្រើ​ដោយ​ថាមពល​ប្រេង​ម៉ា​ហ្ស៊ូ​ត​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ផ្លាស់​ប្តូរ​ទាំងស្រុង​នៅឡើយ​ទេ ។

លើ​ផែនការ​ជំរុញ និង​លើកទឹកចិត្ត​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នេះ វា​ពិតជា​យឺត​សម្រាប់​កម្ពុជា​បើ​ធៀប​នឹង​វៀតណាម និង​ថៃ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​ក៏​កំពុង​តែ​មាន​ស្ថានភាព​មួយ​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផង​ដែរ ខណៈ​ដែល​ពេល​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ និង​វិធាន​ការណ៍​ចំ​បាច់​នានា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្នុង​អត្រា​៤០% និង​ទោចក្រយានយន្ត​អគ្គិសនី ក្នុង​អត្រា​៧០% នៅ​ឆ្នាំ​២០៥០​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ