ទីក្រុងម៉ានីឡា, ប្រទេសហ្វ៊ីលីពីន៖ ជំងឺប៉ែស្តជ្រូកអាហ្វ្រិកដែលបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំមកហើយនោះ, ឥឡូវនេះ វាបានវិលមកវិញសាជាថ្មីនៅខេ្តតស៊ីប៊ូ (Cebu) ប្រទេសហ្វ៊ីលីពីន។ អាជ្ញាធរខាងបសុពេទ្យចាប់ផ្ដើមចាត់ភ្នាក់ងាររបស់ខ្លួនចុះទៅកន្លែងកើតហេតុជាបន្ទាន់ដើម្បីបើកការស៊ើបអង្កេត និងវាយតម្លៃពីស្ថានការណ៍វិវត្តនៅទីនោះ។
![Picture]()
តាមរយៈការស្រង់យកសំណាកចេញពីសត្វជ្រូកដែលគួរឱ្យសង្ស័យចំនួន១៤៩ក្បាល, គេរកឃើញថាជ្រូក៥៨ក្បាលមានផ្ទុកមេរោគប៉ែស្តអាហ្វ្រិក។ ចំនួននេះគិតតែនៅក្នុងទីក្រុងខាខា(Carcar) នៃខេត្តស៊ីប៊ូមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី, អាជ្ញាធរសូមបញ្ជាក់ជាថ្មីថាជំងឺនេះមិនឆ្លងទៅមនុស្សទេ។ មានន័យថាបើទុកជាមនុស្សបរិភោគសាច់ជ្រូកមានមេរោគនេះក៏គ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែជំងឺនេះឆ្លងរាលដាលឆាប់រហ័សនៅក្នុងចំណោមសត្វជ្រូក។
![Picture]()
ករណីផ្ទុះជំងឺប៉ែស្តជ្រូកអាហ្វ្រិកថ្មីបំផុតនេះធ្វើឱ្យចំនួនខេត្តដែលមានជំងឺនេះនៅហ្វ៊ីលីពីនកើនឡើងដល់១២ខេត្ត។ អាជ្ញាធរសូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូក និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ប្រសិនបើសង្កេតឃើញភាពមិនប្រក្រតី ឬអ្វីដែលគួរឱ្យសង្ស័យ។ ជាពិសេស នៅពេលឃើញជ្រូកធ្លាក់ខ្លួនឈឺ។
![Picture]()
សូមជម្រាបថាជំងឺប៉ែស្តជ្រូកអាហ្វ្រិកនៅហ្វ៊ីលីពីនត្រូវគេរកឃើញជាលើកដំបូងកាលពីឆ្នាំ២០១៩។ កាលនោះ អាជ្ញាធរចុះទៅសម្លាប់ជ្រូកអស់រាប់ពាន់ក្បាលដើម្បីកាត់ផ្ដាច់ឫសគល់នៃជំងឺនេះ។ ចាប់ពីពេលនោះមក, ជំងឺនេះស្ងប់ស្ងាត់អស់មួយរយៈ។ ក្រោយមក មនុស្សកាត់បន្ថយការចិញ្ចឹមជ្រូក ដែលជាហេតុធ្វើឱ្យហ្វ៊ីលីពីនពឹងផ្អែកលើការនាំចូលជ្រូករស់ ឬសាច់ជ្រូកក្លាស្សេពីប្រទេសដទៃ។ ដូចនេះ សាច់ជ្រូកក៏ចាប់ផ្ដើមឡើងថ្លៃ ស្របពេលដែលកម្រិតអតិផរណានៅលើទីផ្សារបន្តហក់ឡើងខ្ពស់ដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ