ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ថ្ងៃ​ទី​៨ ខែមីនា​នេះ ជា​ទិវា​អន្តរជាតិ​នារី គម្រប់​ខួប​លើក​ទី​១១២​ឆ្នាំ ដែល​ពិភព​លោក​តែងតែ​ប្រារព្ធ​ឡើង​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារី​ៗ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុត​ពី​ទ​ង្វើ​ជិះជាន់​នានា

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៨ ខែមីនា​នេះ ជា​ទិវា​អន្តរជាតិ​នារី គម្រប់​ខួប​លើក​ទី​១១២​ឆ្នាំ ដែល​ពិភព​លោក​តែងតែ​ប្រារព្ធ​ឡើង​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារី​ៗ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុត​ពី​ទ​ង្វើ​ជិះជាន់​នានា​។

ដូច​រៀង​រាល់​ឆ្នាំ មិន​ថា នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក គឺ​ទាំង​រដ្ឋាភិបាល ទាំង​អង្គការ សង្គម​ស៊ី​វិល និង​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ជួបជុំ​ប្រារព្ធ​ពិធី​អបអរសាទរ​ដល់​ទិវា​អន្តរជាតិ​នារី ៨​មីនា ដើម្បី​លើកកម្ពស់​ដល់​ស្ត្រី​ក្នុង​សង្គម​។ ប៉ុន្តែ​ខណៈ​ដែល​សង្គម​កាន់តែ​ផ្តល់​តម្លៃ និង​ឱកាស​ដល់​ស្ត្រី គឺ​ស្ត្រី​ខ្លួន​ឯង ត្រូវ​ពង្រឹង និង​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន​។

នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១១២ ក្នុង​ឆ្នាំ​២០២៣​នេះ រាជរដ្ឋា​ភិបាល បាន​ប្រារព្ធ​ពិធី​ជួបជុំ ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​»​។ ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ក្រោម ប្រធានបទ​នេះ មាន​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​ការ​ចូលរួម​របស់​ស្ត្រី ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ក៏​ដូច​ជា កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ព​ន្លឿ​ន កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

ចាប់តាំងពី​ថ្ងៃ​រំដោះ រហូត​ដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែងតែបាន​យកចិត្តទុកដាក់ ជា​និច្ច​ក្នុង​ការ​លើកកម្ពស់​ស្ត្រី រហូត​បង្កើត​បានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ​»​។

ក្នុង​ពេល​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​៨ មីនា លើក​ទី​១១២ ឆ្នាំ​២០២៣ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែមីនា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​អំណាច​ស្ត្រី​នោះ គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​មាន​កម្រិត​សេដ្ឋកិច្ច​ល្អ​ប្រសើរ ព្រោះ​កត្តាសេដ្ឋ​កិច្ច​នេះ​ហើយ គឺជា​ការ​សម្រេច​ដ៏​ធំ​របស់​ស្ត្រី នា​ពេល​បច្ចុប្បន្ន​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កិច្ចការ ដែល​ត្រូវ​បន្ត​ធ្វើ​នោះ គឺ​ត្រូវ​ពង្រឹង និង​បង្កើត​ឱ្យ​មាន​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ជា​ស្ត្រី​ឱ្យ​បាន​កាន់តែ​ច្រើន សម្រាប់​ឲ្យ​ពួក​គាត់​បាន​បន្ត​ការ​សិក្សា​រៀនសូត្រ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់ សប្បុរសជន​អោយ​ជួយ​គាំពារ ដើម្បី​អាច​បង្កើត​អន្តេវាសិកដ្ឋាន​តាម​កម្រិត​មធ្យមសិក្សា និង​ថ្នាក់ឧត្តម​សិក្សា ដើម្បី​រក្សា​គម្លាត​នៃ​ការ​សិក្សា​រវាង​សិស្ស​ស្រី និង​សិស្ស​ប្រុស ជា​ពិសេស តំបន់​ជនបទ​ដាច់​ស្រយាល​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា គោលដៅ​ធំ និង​ជា​អាទិភាព ដែល​រាជរដ្ឋា​ភិបាល និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវធ្វើ គឺ​ត្រូវការ​ពង្រឹង​អំណាច​ស្ដ្រី​ក្នុង​វិស័យ សេដ្ឋកិច្ច​ឱ្យ​បាន​កាន់តែ​ធំធេង​ថែម​ទៀត តាម​រយៈ​ការ​ពង្រឹង​អំណាច​ដល់​ស្ដ្រី​នូវ គ្រប់​ការងារ​ទាំងអស់ ជា​ពិសេស​អំណាច​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ទម្ងន់ នៃ​អំពើ​ហិ​.​ង្សា​នានា ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ រហូត​ដល់​បុរស​ជា​ប្តី​បាញ់​ស​ម្លា​.​ប់​ប្រពន្ធ​ខ្លួនឯង​កាលពី​ពេល​ថ្មី​ៗ នេះ និង​ទម្រង់​ហិ​.​ង្សា​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​សម្តេច​តេ​ជោ សូម​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់ អំពើ​ហិ​.​ង្សា​ទាំង​អស់នេះ និង​ចូលរួម​លុប​បំបាត់​អំពើ​ហិ​.​ង្សា​គ្រប់​រូបភាព​ទាំងអស់​ទៅ​លើ​ស្ត្រី​។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ពី​ការ​ហែកហួរ​គ្នា​រវាង​ប្តី​ប្រពន្ធ លែងលះ​គ្នា ហើយ​មានការ​ឌឺដង​ឲ្យ​គ្នា តាម​បណ្តាញ​សង្គម Facebook ដែល​នេះ សម្ដេច​តេ​ជោ ចាត់​ទុក​ថា ជា​រឿង​អាម៉ាស​បំផុត មិន​ត្រឹមតែ​បុគ្គល​ទាំង​សងខាង​នោះ​ទេ វា​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កូន​ៗ និង​ក្រុម​គ្រួសារ​ទៀត​ផង​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ទាំងឡាយ បើសិនជា​ក្រុម​គ្រួសារ​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​គ្នា ត្រូវ​ដោះស្រាយ​គ្នា ដោយ​សន្ដិវិធី ដើម្បី​រក្សា​កិត្តិយស​គ្រួសារ និង សីលធម៌​នៅ​ក្នុង​សង្គម ចៀសវាង​ការ​ហែកហួរ​ជេរ​គ្នា​តាម​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​អាប់ឱន ទាំង​គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ​។

ជា​ការ​ពិត បើ​ចង់ឱ្យ​គេ​ជួយ ទាល់តែ​ខ្លួន​យើង​ត្រូវ​ជួយ​ខ្លួនឯង​សិន​។ ដូច​គ្នា​នេះ​ដែរ សម្រាប់​ស្ត្រី ជា​ពិសេស​ស្ត្រី​កម្ពុជា​យើង នៅ​ពេល​សង្គម ពិសេស​រាជរដ្ឋាភិបាល បាន​រៀបចំ​គោលនយោបាយ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ហើយ​នោះ គឺ​ស្ត្រី​ខ្លួនឯង ពិសេស​កុមារី ត្រូវ​តែ​ប្រឹងប្រែង​ជម្នះ​រាល់​ការ​លំបាក និង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ចេញ​ផុត​ពី​ភាព​អវិជ្ជា និង​បង្កើន​សមត្ថភាព ទាំង​ចំណេះ និង​ជំនាញ​របស់​ខ្លួន​។

ជា​ការ​ពិត ខ្មែរ​យើង​តែងតែមាន​ពាក្យ​ថា «​ស្ត្រី​បង្វិល​ច​ង្ក្រា​ន្ត​មិន​ជុំ​» ដែល​មាន​ន័យ​ថា ស្ត្រី​មានការ​ងារ​ច្រើន​ណាស់ ជា​មេផ្ទះ និង​ចុងភៅ ហើយ​ធ្វើ​ការងារ​ផ្ទះ​នេះ មិន​ចេះ​ឈប់​ទេ​។ តែ​ស្ត្រី​ខ្លួនឯង ត្រូវ​តែ​ខំប្រឹង​រៀនសូត្រ និង​រៀន​ឱ្យ​ចេះ​ជំនាញ​ច្បាស់លាស់ ដោយ​ចេះ​ជំនាញ​អ្វី​ក៏​បាន ដើម្បី​កុំឱ្យរ​ស់ពឹង​តែ​លើ​ប្តី​។ កាលណា ស្ត្រី​មានការ​ងារ​ធ្វើ មានមុខ​របរ មុខ​ជំនួញ និង​មាន​ប្រាក់​ចំណូល​ហើយ​ពេល​នោះ ស្ត្រី​ពិតជា​មាន​អំណាច​ខាង​សេដ្ឋកិច្ច​ពិតប្រាកដ​។

ប៉ុន្តែ​នៅ​ពេល​ឈាន​ដល់​ដំណាក់កាល​ជោគជ័យ​នេះ​ហើយ ស្ត្រី​ខ្លួនឯង​ក៏​មិន​ត្រូវ​ភ្លេច​តម្លៃ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ទេ ហើយ​ស្ត្រី​នឹង​រឹត​ត្រូវ​តែ​រក្សា​ប្រពៃណី ទំនៀមទម្លាប់ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្រុម​គ្រួសារ និង​សង្គម​។ ពោល​គឺ​ពេល​មានការ​ងារ​ធ្វើ មាន​ប្រាក់​ចំណូល ឬ​ក៏​មានមុខ​របរ ជំនួញ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ហើយ គឺ​ស្ត្រី​មិន​ត្រូវ​ភ្លើតភ្លើន ភ្លេច​ប្តី ភ្លេច​កូន​ឡើយ​៕ ដោយ ៖ មុត ស្រី​ពៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ