ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​អ្វី​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូច​ជា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​រយៈកាល​កន្លង​មក កម្ពុជា​តែង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ដ៏​សំខាន់ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូច​ជា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​រយៈកាល​កន្លង​មក កម្ពុជា​តែង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ដ៏​សំខាន់ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ កម្ពុជា​បាន​ប្រែខ្លួន​បន្តិច​ម្តង​ៗ​ចេញពី​ការ​លែង​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម​ទៀត​ហើយ ។ ដូច្នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ តើ​កម្ពុជា​ងាក​មក​ពឹងផ្អែក​លើ​វិស័យ​អ្វី ?

មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​បាន​ឈាន​ផុត​ពី​ប្រទេស​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​វិស័យ​កសិកម្ម មក​ពឹងផ្អែក​លើ​ឧស្សាហកម្ម ព្រោះ​វិស័យ​នេះ​ចាប់ផ្តើម​មាន​កំណើន​ខ្ពស់ ហើយ​ពាណិជ្ជករ​កម្ពុជា​ត្រូវ​ចេះ​ចាប់​យក​ឱកាស​លើ​វិស័យ​នេះ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​ក្នុង​មហាសន្និបាត​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា ៖«​ចាប់ពី​ឆ្នាំ​២០១៣ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​កំណើន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​កើន​ខ្ពស់​ជាង​វិស័យ​កសិកម្ម​ហើយ មាន​ន័យ​ថា កម្ពុជា​យើង​បាន​ចាក​ផុត​ពី​ប្រទេស​ដែល​ពឹង​ផ្នែក​ទាំងស្រុង​ទៅ​លើ​វិស័យ​កសិកម្ម ក្លាយទៅជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម » ។

លោក ហេង សុខ​គង់ លើក​ឡើង​ថា ៖«​នៅ​ពេល​ប្រទេស​មួយ​បាន​ឈាន​ផុត​ពី​ប្រទេស​កសិកម្ម បាន​ន័យ​ថា ប្រទេស​នោះ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរសម ជា​ពិសេស បាន​ចាក​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​កាល​នៅ​ឆ្នាំ​២០១៥​។ នេះ​ជា​បរិយាកាស​ថ្មី​មួយទៀត​ដែល​ប្រទេស​កម្ពុជា​មិន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​កសិកម្ម​ទេ ត្រូវ​ឈាន​ចាប់​យក​ចំណុច​មួយ​ៗ ដែល​ជា​ឱកាស​នៃ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន​ខ្ពស់ » ។

ទន្ទឹម​នឹង​វិស័យ​ឧស្សាហកម្ម​រីក​ចម្រើន​នាំមុខ​វិស័យ​កសិកម្ម លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា​៖« កាលពី​ឆ្នាំ​២០១៣ វិស័យ​ឧស្សាហកម្ម យើង​មាន​កំណើន​ជាង​២០% ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៦​កន្លង​ទៅ បាន​ឈាន​មក​ដល់​២៩%  តែ​កំណើន​នេះ​បើ​យើង​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ គឺ​នៅ​ទាប ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​គោលដៅ​កំណត់​នៅ​ឆ្នាំ​២០២៥ គឺ​ត្រឹមតែ​៣០% ប៉ុណ្ណោះ ។ អីចឹង យើង​បាន​មក​កៀក​មែនទែន​នៃ​កំណើន​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម » ។

ស្រប​ពេល​កម្ពុជា​ឈាន​ចូល​ជា​ប្រទេស​ពឹងផ្អែក​ទៅ​លើ​វិស័យ​ឧស្សាហកម្ម លោក ហេង សុខ​គង់ បន្ត​ថា បច្ចុប្បន្ន កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូ​ទាំង​ប្រទេស​សរុប​ជាង​៥២​ម៉ឺន ចាប់ពី​កម្រិត​តូច​បំផុត​រហូត​ដល់​មធ្យម និង​រោងចក្រ​ធំ​ៗ​ជាង​១.៦០០​រោងចក្រ ហើយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១,៨​លាន​នាក់។ សហគ្រាស​ធុន​តូច និង​មធ្យម របស់​កម្ពុជា​ទាំងនេះ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ទាំងមូល ។

សេដ្ឋវិទូ លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា ៖« វិស័យ​កសិកម្ម​នៅ​តែ​រួមចំណែក​សំខាន់​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ព្រោះ​យើង​នៅ​មាន​ចំនួន​ពលរដ្ឋ​ច្រើន​នៅឡើយ​ដែល​ពឹងផ្អែក​លើ​វិស័យ​នេះ ។ បើ​យើង​នៅ​ក្នុង GDP វិញ ធាតុ​ផ្សំ​នៃ​ផលិតផល​ក្នុងស្រុក វិស័យ​កសិកម្ម​នៅ​តែ​រួមចំណែក​ជាង​២០%​នៃ GDP ទាំងមូល ។ អីចឹង បើ​ថា​យើង​មក​ផ្តោត​លើ​វិស័យ​ឧស្សាហកម្ម​វិញ ខ្ញុំ​គិត​ថា ដូច​ជា​មិន​ទាន់​ដល់​ពេល​ទេ ព្រោះ​ឧស្សាហកម្ម​យើង​នៅ​មាន​កម្រិត​ទាប » ។

លោក​បន្ត​ថា ៖« ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បន្ត យើង​គួរ​ផ្តោត​ទៅ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ព្រោះ​នា​ពេល​បច្ចុប្បន្ន យើង​ផ្តោត​លើ​ការ​លក់​វត្ថុធាតុដើម ហើយ​ការ​កែ​ច្នៃ​នេះ​ជា​រឿង​សំខាន់ ។ ត្រូវ​រៀបចំ​វិស័យ​ទេសចរណ៍​ឱ្យ​មាន​លក្ខណៈ​ទំនើប​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​បាន​យូរ ។ លើស​ពី​នេះ ដើម្បី​ឱ្យ​កម្ពុជា​ដើរ​ទាន់​ស្ថានការណ៍​ពិភពលោក ក៏​ដូច​ជា​ការ​ប្រកួតប្រជែង គឺ​ត្រូវធ្វើ​ទំនើប​កម្ម​កាត់ដេរ​សម្រាប់​ជំរុញ​ផលិតភាព​ប្រកួតប្រជែង​នា​ពេល​អនាគត » ។

យ៉ាងណាមិញ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម (២០១៥-២០២៥) ដើម្បី​ជា​មគ្គុទេសក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នឹង​រួមចំណែក​ដល់​ការ​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ការ​លើកកម្ពស់​ផលិតភាព ។

បើ​យោង​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ បាន​បញ្ជាក់​ថា ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ គឺ​រាជរដ្ឋាភិបាល​កំណត់​នូវ​គោលដៅ​៣​សំខាន់​គឺ៖

១-​បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង ផសស ឲ្យ​បាន​ដល់​៣០%​នៅ​ឆ្នាំ​២០២៥ (២៤,១% នៃ​ផសស នៅ​ឆ្នាំ​២០១៣) ដែល​វិស័យ​កម្មន្តសាល​ត្រូវ​កើនឡើង​ពី​១៥,៥% នៃ ផសស នៅ​ឆ្នាំ​២០១៣ ទៅ​ដល់​២០%​នៅ​ឆ្នាំ​២០២៥ ។

២-​ជំរុញ​ពិពិធ​កម្ម​មុខទំនិញ ដោយ​បង្កើន​ការ​នាំ​ចេញ​ទំនិញ​កម្មន្តសាល មិនមែន​វាយនភ័ណ្ឌ​ឲ្យ​បាន​១៥% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ទន្ទឹម​នឹង​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កែ​ច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០១៥ ។

៣-​កំណត់​គោលដៅ​នៅ​ឆ្នាំ​២០២៥ ឲ្យ​សហគ្រាស​ធុន​តូច​ចំនួន​៨០% និង​សហគ្រាស​ធុន​មធ្យម​៩៥% បាន​ចុះបញ្ជី​ជា​ផ្លូវការ ហើយ​សហគ្រាស​ធុន​តូច​៥០% និង​សហ​គ្រាស​ធុន​មធ្យម​៧០% មាន​បញ្ជិកា​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ ។

ហេតុ​​ដូច្នេះ បានជា​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ៗ​ចំនួន​៤ ដែល​គន្លឹះ​សំខាន់​មួយ​នោះ គឺ​ការ​កៀងគរ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​វិនិយោគឯកជន​ក្នុងស្រុក ដោយ​ផ្តោត​លើ​ឧស្សាហកម្ម​ធំ​ៗ, ការ​អភិវឌ្ឍ​ទីផ្សារ និង​ការ​អភិវឌ្ឍ​/​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ៕