ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​កីឡាករ​វ័យក្មេង​ធ្វើ​ឱ្យ​សង្វៀនកក្រើក​មិនធម្មតា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការគ្រោងទុក​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើមពាន​ជើងឯក​រដូវ​កាល​ថ្មី​ ពិតជា

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការគ្រោងទុក​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើមពាន​ជើងឯក​រដូវ​កាល​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៥ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រែក​កំ​ពិស កាល​​ពី​ថ្ងៃ​ទី​២ កញ្ញា ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យប្រដាល់​ដោយសារ​សមាសភាព​គូប្រកួត​ដណ្ដើមពាន​ទាំង​៤​រូប និង​គូ​អន្តរជាតិ​សុទ្ធតែ​ល្អ ហើយអ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​វត្តមាន​កីឡាករ​វ័យក្មេង​២​រូប​បាន​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​កក្រើកមិនធម្មតា​តាម​រយៈ​ការ​បញ្ចេញ​ក្បាច់គុន​វាយគ្នា​ទៅ​វិញ​ទៅ​មក​គួរ​ឱ្យ​សរសើរ ។ ការ​បង្ហាញខ្លួន​របស់​ពួក​គេ​នៅ​លើ​សង្វៀន​បាន​ធ្វើ​ឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​សហព័ន្ធ និង​អ្នក​ទស្សនា​ផ្ទាល់ពេញចិត្ត​ស្រែក​ហ៊ោកញ្ជ្រៀវ​ឡើង​កងរំពង​ពេញ​សង្វៀន​នា​ពេល​នោះ​ផង ។

វត្តមាន​របស់​កីឡាករ​វ័យក្មេង​នោះ ត្រូវ​បាន​ប្រកាស​ថា​គឺជា​សិស្ស​សំណព្វចិត្ត​របស់​លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​កម្ពុជា​រាល់​លើក និង​អតីត​កីឡាករ​កម្ពុជា​ល្បីឈ្មោះ​២​រូប​គឺ​លោក បឺត ខាំ និង​បឺត សំខាន់ ជា​បងប្អូន​បង្កើត​នឹង​គ្នា ។ មានការ​ដឹង​ឮ​រួច​ហើយ​ថា លោក​ថៃ អ៊ូ ក្រៅពី​មាន​នាទី​ដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​អន្តរជាតិ​នៅ​គ្រប់​សង្វៀន​កម្ពុជា​ជា​ពិសេស​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ ទើប​គេ​មិន​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ពេល​មានការ​ប្រកាស​ថា លោក​បញ្ជូន​កូនសិស្ស​ឡើង​រេញ ប៉ុន្តែ​គេ​ចាប់អារម្មណ៍​កូនសិស្ស​ដែល​លោក​បញ្ជូន​មក​លើក​នេះ​មាន​វ័យ​ទើបតែ​១០​ឆ្នាំ ហើយ​វាយ​បាន​ល្អ និង​មានបទពិសោធន៍​ប្រកួត​មិនធម្មតា​ជាមួយ​កីឡាករ​ថៃ​នៅ​តាម​ព្រំដែន ។ តាម​ការ​ប្រកាស លោក​មាន​ក្លិប​មួយ​ឈ្មោះ​ថា ក្លិប​ប្រដាល់​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​ទទួល​កូនសិស្ស​កម្ពុជា​ឱ្យ​ចូល​ហ្វឹកហាត់​ជា​ច្រើន​តាំងពី​វ័យក្មេង​រហូត​ដល់​ពេញវ័យ​ខណៈ​សិស្ស​របស់​លោក​មិន​ត្រឹមតែ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​លើ​សង្វៀន​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​ក៏​ចេញ​ប្រកួត​តាម​វត្ត​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ និង​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ។

ចំណែក​កីឡាករ​វ័យក្មេង​មួយ​រូប​ទៀត គឺជា​កូនសិស្ស​របស់​អតីត​កីឡាករ​បឺត ខាំ និង​បឺត សំខាន់ ដោយ​កីឡាករ​វ័យក្មេង​ម្នាក់​នោះ​ក៏​មាន​ថ្វីដៃ​មិនធម្មតា​ដែរ បើ​ទោះជា​មិន​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ដង​ដូច​កូនសិស្ស​របស់​លោក ថៃ អ៊ូ ក្ដី ។ កីឡាករ​បង្គោល​ក្រហម​ត្រូវ​បាន​ប្រកាស​ថា​ឈ្មោះ ចាំ សិលា ជា​កូនសិស្ស​របស់​លោក ថៃ អ៊ូ វ័យ​១០​ឆ្នាំ និង​ធ្លាប់​ប្រកួត​រហូត​ដល់​៣៦​ដង ។

កីឡាករ​បង្គោល​ខៀវ​ត្រូវ​បាន​ប្រកាស​ថា ឈ្មោះ ខាំ សា​ការី វ័យ​១០​ឆ្នាំ​ដូច​គ្នា ជា​សិស្ស​ប្រចាំ​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​បង្ហាត់​ដោយ​លោក​ បឺត សំខាន់ និង​បឺត ខាំ ។ គេ​ប្រកួត​ទើបតែ​បាន​២​លើក​ប៉ុណ្ណោះ​ប៉ុន្តែ​នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ​វ័យក្មេង​កូនសិស្ស​របស់​លោក​ថៃ អ៊ូ ដែល​ធ្លាប់​ប្រកួត​ដល់​ជាង​៣០​លើក​បែរជា​ល្អ​មិនធម្មតា ។ ពួក​គេ​គឺជា​គូ​បើក​ឆាក​នៅ​ក្នុង​ព្រឹត្តិការណ៍​«​ជើងឯក K Cement TV5 Knock Out Series»​ទោះបី​អត់​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុន្តែ​សភាព​ទាក់​ទាញ​តាំងពី​ដើម​ដល់​ចប់​មិន​ចាញ់​គូ​ដណ្ដើម​ខ្សែក្រវាត់​ប៉ុន្មាន​ទេ ។ អ្នក​ទាំង​ពីរ​ទទួល​ភាព​ទាក់ទាញ​តាំងពី​ដំណាក់កាល​ថ្វាយបង្គំ​គ្រូ​ម្លេ​៉ះ ដោយសារ​តែ​ភាព​រស់​វើក និង​ទន់ភ្លន់​មិន​អន់​ជាង​កីឡា​ករ​ពេញវ័យ​ដែល​មានបទពិសោធន៍​ក្នុង​ការ​ថ្វាយបង្គំ​គ្រូ​កន្លង​មក ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ឱ្យ​ប្រកួត​គ្នា​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​រយៈពេល​៣​នាទី ។ ក្នុង​ទឹក​ទី​១ កីឡា​ករ​បង្គោល​ក្រហម​របស់​លោក​ថៃ អ៊ូ មាន​ប្រៀប​ល្អ​ជាង លុះដល់​ពាក់កណ្ដាល​ទឹក​ទី​២​បែរជា​បណ្ដោយ​ឱ្យ​កូនសិស្សលោក បឺត ខាំ វាយ​ត្រូវ​មួយ​កែង ក៏​បាក់​ជំហរ ហើយ​​បន្ត​ចាញ់​ប្រៀប​រហូត​ដល់​ទឹក​ទី​៣​តែ​ម្ដង ។ ការ​ប្រកួត​មួយគូ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​ដែល​មាន​ប្រវត្តិ​ប្រកួត​ទើបតែ​២​លើក​ទាំង​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​ម្សិល​ម្ងៃ​៉​របស់ បឺត ខាំ ជា​អ្នក​ឈ្នះ​ពិន្ទុ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ឱ្យ​ដឹង​ថា ជំនួប​រវាង​កីឡាករ​វ័យក្មេង​ទាំង​២​បាន​ជួយ​ឱ្យ​ព្រឹត្តិការណ​«​ជើងឯក K Cement TV5 Knock Out Series»​ទាក់ទាញ​យ៉ាង​ខ្លាំង ។ លោក​ថា ព្រឹត្តិការណ៍​ប្រដាល់​មួយ​នេះ​នឹង​បើក​សង្វៀន​ប្រកួត​រៀង​រាល់​ម៉ោង​៥​ល្ងាច ដោយ​មាន​កីឡាករ​ប្រកួត​ដណ្ដើម​ពាន​២​គូ និង​កីឡាករ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​។

ប៉ុន្តែ​សម្រាប់​កីឡាករ​វ័យក្មេង​ដូចដែល​បាន​ឡើង​បង្ហាញ​មិនដឹង​ថា​មាន​កីឡាករ​ណា​មក​ប្រកួត​ទៀត​ទេ ដោយសារ​តែ​ពិបាក​រក ។ លោក​ថា​ប៉ុស្ដិ៍​លេខ​៥ មាន​បំណង​បណ្ដុះ​កីឡាករ​ក្មេង​ៗ​បែប​នេះ​ឱ្យ​ឡើង​ប្រកួត​ឱ្យ​បាន​ច្រើន​តែ​មិន​ងាយ​រកបាន​ឱ្យ​ត្រូវ​គ្នា​ទាំង​អាយុ ទាំង​គីឡូ និង​បទ​ពិសោធន៍​ឱ្យ​ឡើង​ប៉ះ​គ្នា​ទេ ។ ជាក់ស្ដែង​លោក​ថា កីឡាករ​ជា​កូនសិស្ស​របស់​លោក​ថៃ អ៊ូ ធ្លាប់​បាន​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​ជាង​៣០​លើក គឺ​មិន​មាន​កីឡាករ​វ័យក្មេង​ស្របាល​គ្នា​ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​ច្រើន​បែប​ហ្នឹង​នោះ​ទេ តែ​លោក​ចាត់​ទុក​ថា​ជា​រឿង​សំណាង​ដែល​កូនសិស្ស​របស់​កីឡាករ​បឺត ខាំ ដែល​ទើប​ឡើង​រេញ​បាន​ម្ដង​ហ៊ាន​ប្រកួត​ជាមួយ ទើប​លោក​សម្រេច​ឱ្យ​ឡើង​ប្រកួត​ដើម្បី​ឱ្យ​បាន​គូ​ប្លែក​បែប​នេះ ។ អ្វី​ដែល​លោក​ភ្ញាក់ផ្អើល​ទៅ​ទៀត​នោះ​គឺ​កីឡាករ ខាំ សា​ការី ដែល​មាន​ប្រវត្តិ​ប្រកួត​តិច​បំផុត​អាច​យកឈ្នះ​កីឡាករ ចាំ សិលា ដែល​ឡើង​សង្វៀន​ដល់​ទៅ​៣៥​លើក​មុន​ប៉ះ​គ្នា ។

លោក ថៃ អ៊ូ គ្រូបង្វឹក​កីឡាករ​វ័យក្មេង​បង្គោល​ក្រហម​និយាយ​ថា ហេតុផល​ដែល​កូនសិស្ស​របស់​លោក​វាយ​ចាញ់​កីឡាករ​ដែល​ទើប​ឡើង​ប្រកួត​បាន​តិច​ជាង​គឺ​ដោយសារ​តែ​គេ​ភ្លាត់​ឱ្យ​ត្រូវ​មួយ​កែង​ត្រង់​កណ្ដាល​មុខ និង​ដោយសារ​តែ​គេ​នៅ​មាន​អាការ​ពុល​រថយន្ត​ព្រោះតែ​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាំងពី​ខេត្តបន្ទាយមានជ័យ​នោះ​តែ​ប៉ុណ្ណោះ ។

លោក​ថា កីឡាករ ចាំ សិលា រស់នៅ​និង​ហ្វឹកហាត់​ក្នុង​ក្លិប​របស់​លោក​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ដោយ​លោក​ទើបតែ​បាន​នាំ​ជិះឡាន​មក​ដល់​ភ្នំពេញ​មុន​ការ​ប្រកួត​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ទើប​កីឡាករ​របស់​លោក​នៅ​មាន​អារម្មណ៍​ធេងធោង ហើយ​ក៏​បាត់បង់​ជំហរ​វាយ​ខ្លាំង​តែ​ម្ដង​ក្រោយ​ភ្លាត់​ត្រូវ​មួយ​កែង​កណ្ដាល​មុខ ។ លោក​នៅ​តែ​អះអាង​ថា បើ​កុំ​តែ​មាន​ស្ថានភាព​ពុល​ឡាន​មិន​ទាន់​បាត់ គឺ​ប្រហែលជា​កីឡាករ ខាំ សា​ការី មិន​អាច​យកឈ្នះ​បាន​ទេ ។

លោក​ថា កីឡាករ ចាំ សិលា ឡើង​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ក្មេង​ៗ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន​លើក​មក​ហើយ ដោយ​ក្នុង​ចំណោម​៣៥​ប្រកួត​មុន​បង្ហាញខ្លួន​នៅ​ប៉ុស្ដិ៍​លេខ​​៥ គេ​ចាញ់​តែ​ម្ដង​គត់​ក្រោម​ដៃគូ​ប្រកួត ។ លោក​ថា ក្រោយ​ការ​បើក​ប្រកួត​របស់​ប៉ុស្ដិ៍​លេខ​៥​សម្រាប់​រដូវ​កាល​ថ្មី លោក​នឹង​ដឹកនាំ​កីឡាករ​ថៃ​មួយ​រូប និង​កីឡាករ​កម្ពុជា​ហ្វឹកហាត់​ក្នុង​ក្លិប​របស់​លោក​ចំនួន​២​រូប​មក​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ តែ​លោក​ថា មិន​មាន​កីឡាករ​ក្មេង​ៗ​ដូច​ចាំ សិលា សម្រាប់​ឡើង​ប្រកួត​នោះ​ទេ ដោយសារ​តែ​កីឡាករ​ក្មេង​ៗ​បែប​នេះ​ពិបាក​រក​គូ​ផ្គូផ្គង និង​ខ្លះមក​ហាត់​មែន​តែ​មិន​ហ៊ាន​ឡើង​រេញ ៕