រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុធ្វើឱ្យអាកាសធាតុចុះត្រជាក់ និងមានភ្លៀងពីខ្សោយទៅតិចតួច។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។

ក្រសួងបន្តថា លក្ខណៈបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានចាប់ពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្ដាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើ ។ ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ។

ចាប់ពីពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា សីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាយប់ និងព្រឹក។ ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានចាប់ពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕

ចែករំលែកព័តមាននេះ