ខេត្តក្រចេះ ៖ ផ្ទះមួយខ្នងត្រូវបានអណ្ដាតភ្លើងលេបត្របាក់យ៉ាងសន្ធោសន្ធៅទាំងកណ្តាលថ្ងៃត្រង់ បណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិអស់ខ្ទង់ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រោយផ្សារអូរឬស្សី ស្ថិតក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។
![Picture]()
យោងតាមរបាយការណ៍របស់នគរបាលក្រុងក្រចេះ បានបញ្ជាក់ថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ទិត្យ មករា អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ អូន ចាន់ធី អាយុ៣៤ឆ្នាំ ដោយខូចខាតទ្រព្យសម្បត្តិរួមមាន ៖ ផ្ទះធ្វើអំពើឈើលើថ្មខាងក្រោម ប្រក់គ្បឿង ទំហំ ៧x១២ ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ហើយនឹងសម្ភារៈនៅក្នុងផ្ទះមាន ទូឈើជាប់ជញ្ជាំង១, ទូរទស្សន៍២, គ្រែយក្ស១, សាឡុងឈើប្រណីត០១សម្រាប់, ទូរទឹកកក០១, ម៉ាស៊ីនបោកខោអាវ០១ ដែលគិតជាទឹកប្រាក់សរុបប្រហែលចំនួន៥០០០០ដុលារអាមេរិក។
![Picture]()
តាមរបាយការណ៍បញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះដែរ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋានចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកសរុបចំនួន០៧ឡាន ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃដដែល ។ ហើយបើតាមការបញ្ជាក់ពីមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ