ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើងមួយកន្លែង បានបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បានទាន់ពេលវេលា ដោយបានទប់ស្កាត់មិនអោយឆេះឆ្លងរាលដាលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋឡើយ។ ករណីភ្លើងឆេះខ្សែភ្លើងនេះ កើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៣៩-៤០ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ទល់មុខច្រកផ្លូវល្បឿនលឿន កំពង់ស្ពឺកើត កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
![Picture]()
បើតាមប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានអគ្គិភ័យឆាបឆេះខ្សែភ្លើងនៅចំណុចខាងលើ សមត្ថកិច្ចក៏បានចេញអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់មិនឲ្យភ្លើងឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋឡើយ។
![Picture]()
ប្រភពដដែលបន្តថា ប្រតិបតិ្ដការអន្ដរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់០១គ្រឿង នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង។
![Picture]()
ហើយកម្លាំងនគរបាល បានបាញ់ទឹកទប់ស្កាត់អណ្ដាតភ្លើងមិនអោយឱកាសអាចឆេះរាលទៅរកបង្គោលភ្លើង និងខ្សែកាបអ៊ីនធើរណែត ដែលជាហេតុអាចបង្កគ្រោះថ្នាក់ហានិភ័យបន្ថែម ជាពិសេសគឺផ្ទះរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា នេះចាត់ទុកថា ជាសំណាងណាស់ទៅហើយ ដែលសមត្ថកិច្ចដឹងទាន់ និងទប់ទល់សភាពការណ៍បានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ