ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញ​ថា លុយ​បច្ចុប្បន្ន​ពិបាក​រក ប៉ុន្តែ​ងាយស្រួល​ចំណាយ​។ លុយ​ពិបាក រក​ប៉ុន្តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​

ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញ​ថា លុយ​បច្ចុប្បន្ន​ពិបាក​រក ប៉ុន្តែ​ងាយស្រួល​ចំណាយ​។ លុយ​ពិបាក រក​ប៉ុន្តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​។

អ្នកស្រី ជាតា ពលរដ្ឋ​ម្នាក់​នៅ​ភ្នំពេញ និយាយ​ថា បច្ចុប្បន្ន​នេះ ទំនិញ​លើ​ទីផ្សារ​គ្រប់មុខ បាន ឡើងថ្លៃ​។ អ្នកស្រី​ថា កាលពីមុន​ប្រាក់​៤​ម៉ឺន​រៀល ឬ​១០​ដុល្លារ គ្រួសារ​អ្នកស្រី​អាច​ទិញ​ម្អូ​ប​អាហារ​ទទួលទាន​បាន​មួយ​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ១០​ដុល្លារ​មិន​អាច​ហូប​បាន​មួយ​ថ្ងៃ​នោះ​ទេ​។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូប​នេះ បញ្ជាក់​ថា ដោយសារ​គាត់​ជា​បុគ្គលិក​ក្រុមហ៊ុន ដែល​មាន ចំណូល​ទៀងទាត់ មិនសូវ​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​នោះ​ទេ​។ គ្រាន់តែ​មិន​មាន​ថវិកា​សល់ សម្រាប់​ពេល​មាន​អាសន្ន​ប៉ុណ្ណោះ​។ «​មិត្ត​ភ័ក្តិ​ខ្ញុំ​បាន​ត្អូញ​គ្រប់​គ្នា​ពី​ទំនិញ​ឡើងថ្លៃ​នេះ​។ កាលពី​មុខ​យើង​អាច​កាន់​១០​ដុល្លារ​ទៅ​ផ្សារ ប៉ុន្តែ​ឥឡូវ​មិន​បាន​ទេ​។ អ្វី​ៗ​ឡើងថ្លៃ​ទាំងអស់​។ សូ​ម្បី​ថ្លៃ​សាលារៀន​កូន​ក៏​ឡើងថ្លៃ​ដែរ​»​។

លោក ផុ​ន សំបូរ អ្នក​រត់​ម៉ូតូ​កង់​បី និយាយ​ថា ពលរដ្ឋ​ឥឡូវ​មិនសូវ​ចាយ​លុយ​នោះ​ទេ ដោយសារ​ការ​រក​លុយ​របស់​ពួក​គាត់​ក៏​លំបាក​ដែរ​។ បុរស​រូប​នេះ​និយាយ​ថា នៅ​ពេល​ពលរដ្ឋ​មិន​ចាយ​លុយ ធ្វើ​ឱ្យ​ការ​រក​ចំណូល​របស់​គាត់​ក៏​ធ្លាក់​ចុះ​។ «​ថ្ងៃ​ខ្លះ​ខ្ញុំ​រក​ប្រាក់​បាន​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ២​ម៉ឺន​រៀល គ្រាន់តែ​ហូប​បាន​៣​ពេល​ក្នុង​មួយ​ថ្ងៃ គឺ​អស់ហើយ គ្មាន​លុយ​សល់​ទេ​។ វា​ពិតជា​លំបាក​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ​»​។

លោក សំបូរ ថា សម្រាប់​អាហារ​ដែល​មាន​តម្លៃ​ទាប​នៅ​ភ្នំពេញ កាលពីមុន​លោក​អាច​ទទួល ទាន​បាន​ពី​៤​ទៅ​៥​ពាន់​រៀល​ក្នុង​មួយ​ពេល​។ តែ​បច្ចុប្បន​នេះ អាហារ​តាម​ចិញ្ចើម​ផ្លូវ​ទាំងនោះ​មាន​តម្លៃ​ពី​៦​ពាន់​រៀល​ឡើង​ទៅ​ក្នុង​មួយ​ពេល​។

លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​ទទួលស្គាល់​ថា លុយ​ពិបាក​ណាស់នា​ពេល​បច្ចុប្បន្ន​។ លោក​បាន​និ​យា​ថា គេ​មិន​អាច​រស់នៅ​ដោយ​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ចាយ​លុយ​ដែល​លំបាក​រក​នោះ​ទេ​។ «​ជម្រើស​មាន​តែ​មួយ​គត់ គឺ​ប្រឹងរៀន​សូត្រ និង​សន្សំ​លុយ​ដែល​រក បាន ដោយ​លំបាក ដើម្បី​វិនិយោគ​បង្កើត​លុយ​ដែល​ស្រួល​»​។

អតិផរណា​ជា​មធ្យម​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២២ បាន​កើនឡើង​ដល់ ៧.៤% ខណៈ​កាលពី​ត្រីមាស​ទី​២ ឆ្នាំ​២០២១ មាន​អត្រា​ត្រឹមតែ​២.៨%​។ ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុងឆ្នាំ​២០២២ បង្ហាញ​ថា អត្រា​អតិផរណា​ក្នុង​ត្រីមាស​ទី​២ នៅ​ឆ្នាំ​២០២២ គឺជា​អត្រា​ដ៏​ខ្ពស់​មួយ​ដែល មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងសាំង និង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ផ្សេង​ៗ បន្ទាប់​ពី​កើត​មាន​វិបត្តិ សកល​ផ្ទួន​ៗ​គ្នា បើ​ទោះបីជា​កម្ពុជា រក្សា​បាន​នូវ​លំនឹង​នៃ​អត្រា​ប្តូរ​ប្រាក់​ក៏​ដោយ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​២ ស​ន្ទ​ស្សន៍​ថ្លៃ​សាច់​ជ្រូក បាន​កើនឡើង​៥.៩%, ត្រី ៥.៦%, ឧស្ម័ន (Gas) កើន​២៧.៩%, ។ ចំណែក​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ បាន​កើនឡើង​ដល់​៤.៩%​។ ចំណែក​អត្រា​ប្តូរ​ប្រាក់ ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ជា​មធ្យម​ក្នុង​រង្វង់ ៤ ០៦៥.១​រៀល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ០.២%​។

ក្រសួង​សេដ្ឋកិច្ច​ក៏​បាន​បង្ហាញ​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​សំខាន់​ៗ លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ រួម​មាន ប្រេង​ឆៅ​ថ្លៃ ១១០.១៩៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល កើនឡើង​៦៤.២%, កៅស៊ូ (TSR20) តម្លៃ​១ ៦៥២.១០​ដុល្លារ​ក្នុង​មួយ​តោន ថយ​ចុះ​៣%, មាសថ្លៃ ២ ០៥៦.០១​ដុល្លារ​ក្នុង​មួយ​អោន កើនឡើង​៣.៣% និង​អង្ករ (​បាក់​៥%) ថ្លៃ​៤៤៦.៣៣​ដុល្លារ​ក្នុង​មួយ​តោន ថយ​ចុះ​៧.៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ។

អ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​និយាយ​ថា វិបត្តិ​កូ​វី​ដ​១៩ បន្ទាប់​មក​វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន​ទៀត បាន​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​នៅ​កម្ពុជា​។ ហើយ​ពលរដ្ឋ​មួយ​ចំនួន ដែល​ទើបតែ​ងើប​ចេញពី​ភាព​ក្រីក្រ ក៏​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ឡើង​វិញ នៅ​គ្រា​វិបត្តិ​ផ្ទួន​ៗ គ្នា​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ