ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​២​គ្រឿង​បុក​គ្នា បង្ក​មហន្តរាយ​នៅ​ផ្សារ​គគីរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មាន​ដឹក​កំប៉ុង​ថ្នាំ​បា.ញ់​មូស ដោយសារ​តែ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន ក៏​បាន​រេ​ចង្កូត​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​ចត​ក្បែរផ្លូវ បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មាន​ដឹក​កំប៉ុង​ថ្នាំ​បាញ់​មូស ដោយសារ​តែ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន ក៏​បាន​រេ​ចង្កូត​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​ចត​ក្បែរផ្លូវ បណ្តាល​ឲ្យ​ជះ​កំប៉ុង​ថ្នាំ​បាញ់​មូស​ខ្ទាត​ចេញ​មក​ក្រៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​បាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រាលដាល​ដល់​រថយន្ត​ពីរ​គ្រឿង​ទៀត ថែម​ទាំង​ឆេះ​សំ​យ៉ាប​ផ្ទះ និង​សំ​យ៉ាប​តូប​លក់ដូរ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២:០០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចំណុច​ក្បែរ​ផ្សារ​គគីរ ក្នុងភូមិ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​មាន​រថយន្ត​ពីរ​គ្រឿង ដែល​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ និង​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​ម៉ាក​កាម​រី បាន​ចត​នៅ​មុខ​ផ្ទះ និង​លើ​ចិញ្ចើម​ផ្លូវ ។

មួយសន្ទុះ​ក្រោយមក ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ផ្លា​ក​លេខ បើកបរ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ ក៏​ស្រាប់តែ​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដែល​ចត​​ស្ងៀម​ចំ​ពី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង ដោយ​រុញ​ផ្ទុប​នឹង​រថយន្ត​ម៉ាក​កាម​រី​ដែល​ចត​ស្ងៀម បណ្តាល​ឲ្យ​រង​ការ​ខូចខាត និង​លាន់ឮ​ដូច​រន្ទះ ។ ចំណែក​រថយន្ត​បង្ក​វិញ បាន​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ផ្ទប់​ជាប់​នឹង​របង​ផ្ទះ​អែប​ផ្លូវ​ក្បែរ​អគារ​ក្រុមហ៊ុន​ហុងដា បណ្តាល​អោយ​ខ្ទាត​កំប៉ុង​ថ្នាំ​បាញ់​មូស​រាយ​ប៉ាយ​ពេញ​ផ្លូវ ផ្ទុះ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ជុំវិញ​បេសកកម្ម​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ​ផង​ដែរ លោក ឈឿ​ន សុចិត្រ ស្នងការ​ខេត្តកណ្តាល​ក៏​បាន​ចុះ​មក​ដល់ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ដើម្បី​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​ទោះ​យ៉ាង​ណា ស្ថានភាព​ពិបាក​គ្រប់គ្រង ដោយសារ​ហ្គា​ស​ក្នុង​កំប៉ុង​ថ្នាំ​បាញ់​មូស​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទុះ​លាន់​ដូច​សមរភូមិ ដែល​មានការ​ប្រយុទ្ធ​គ្នា ។ ដូចនេះ​ក៏​បាន​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​ដើម្បី​ជួយ​ពន្លត់​។

ដោយ​មានការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន ប្រធាន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ប្រភេទ​ខ្នាត​ធំ និង​តូច​ជា​ច្រើន​គ្រឿង​ជួយ​ពន្លត់ ហើយ​ភ្លើង​ក៏​រលត់​ទៅ​វិញ​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៣​នេះ ។

នៅ​កន្លែង​កើតហេតុ មាន​ខ្មោច​រថយន្ត​៣​គ្រឿង​ឆេះ​សល់​តែ​ដែក​អេ​ត​ចាយ​រថយន្ត​ធុន​ធំ​២​គ្រឿង និង​កាម​រី​១​គ្រឿង ។ ជាមួយ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង និង​យ៉ាប​រោង​ផ្សារ​របស់​អាជីវករ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ឆេះ​ខ្លោច​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ