ខេត្តតាកែវ ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពីធីបើកនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលក្នុងនោះមានក្រុមកីឡាករចូលរួមប្រកួតចំនួន១២ក្រុម មកពីបណ្តាអធិការនគរបាលស្រុក-ក្រុង និងអង្គភាពមន្ទីរជុំវិញខេត្តផងដែរ ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងថា ការរៀបចំនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនេះ គឺធ្វើឡើងក្នុងគោលបំណងចង់ជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជាវិស័យកីឡាបាល់ទះនៅតាមបណ្តាខេត្តអោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡា ដើម្បីសុខភាពមិត្តភាព និងការសាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀ.ន ខណៈពេលដែលប្រទេសកម្ពុជាយើងកំពុងមានការរីកចម្រើនខ្លាំង ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅក្នុងឆ្នាំ២០២៣នេះផងដែរ។

លោកស្នងការនគរបាកខេត្ត ក៏បានណែនាំដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទះនេះ ត្រូវតែព្យាយាមយល់ដឹងពីកម្រិតបច្ចេកទេសនៃច្បាប់ល្បែ.ងកីឡាបាល់ទះមួយនេះអោយបានល្អ ដោយមានការណែនាំបានត្រឹមត្រូវពីក្រុមគ្រូបង្វឹក និងគ្រូជំនួយ ដើម្បីធ្វើយ៉ាងណាអោយវិស័យកីឡាបាល់ទះរបស់យើងនៅតាមបណ្តាខេត្ត ស្របតាមស្តង់ដាបច្ចេកទេសនៃការលេង ។

លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំព្រឹត្តិការប្រកួតកីឡាបាល់ទះ បានអោយដឹងថា នៅក្នុងថ្ងៃបើកវគ្គនេះដែរ គឺកម្មវីធីប្រកួតមានចំនួន៣ក្រុម ក្នុងនោះ គូរបើកវគ្គ ក្រុមកីឡាបាល់ទះអធិការនគរបាលស្រុកបូរីជលសារ ជួបជាមួយក្រុមកីឡាបាល់ទះហត្ថា ដោយលទ្ធផលក្រុមកីឡាបាល់ទះអធិការនគរបាលស្រុកបូរីជលសារ យកឈ្នះនឹងក្រុមកីឡាបាល់ទះហត្ថា ០៣សិត ទល់នឹង ០សិត។ ហើយនៅរសៀលថ្ងៃដដែល មាន២ប្រកួត ដោយគូរទី១ ក្រុមអធិការនគរបាលស្រុកអង្គរបូរី ជួបជាមួយនឹងក្រុមអធិការនគរបាលស្រុកបាទី និងគូរទី២ ក្រុមកីឡាបាល់ទះ សសយក ខេត្តតាកែវ ជួបជាមួយ ក្រុមកីឡាបាល់ទះវត្តក្រាំងធំ។




ចែករំលែកព័តមាននេះ