រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងធ្វើការសិក្សា ដើម្បីដាក់សាឡាងបន្ថែមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរាឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)បន្ថែមលើសាឡាងចម្លងពីកោះនរាឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្នដែលមានស្រាប់។
![Picture]()
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មកឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ ១.រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។
![Picture]()
២.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។ ៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើការលក់ដូរ។
៤.មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។
![Picture]()
៥. នៅពេលវេលាចរាចរណ៍មមាញឹក សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។
សូមបញ្ចាក់ថា កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរភ្នំពេញដឹកនាំដោយលោក កើត ឆែ អភិបាលរងតំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ពន្ធ័ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាច្រើនម៉ោងកាលពីល្ងាចថ្ងៃ១មិនាកន្លងមក។
![Picture]()
គួររំលឹកថា ស្ពានអាកាសព្រះមុនីវង្ស មាន ទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)ជាស្ពានអាកាសតំបូងគេដែលមានរង្វង់មូលលើអាកាស ។ស្ពានអាកាសថ្មីនេះត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ និងនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។
![Picture]()
គម្រោងសាងសង់ស្ពានអាកាសថ្មីនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕
![Picture]()
ចែករំលែកព័តមាននេះ