បាល់ទះក្រៅផ្លូវការ! ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងមុខមាត់ប្រទេសជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ វិស័យបាល់ទះក្រៅផ្លូវការនាពេលបច្ចុប្បន្ននេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាង
រាជធានីភ្នំពេញ ៖ វិស័យបាល់ទះក្រៅផ្លូវការនាពេលបច្ចុប្បន្ននេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាង
រាជធានីភ្នំពេញ ៖ វិស័យបាល់ទះក្រៅផ្លូវការនាពេលបច្ចុប្បន្ននេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាមុខមាត់ប្រទេសជាតិទាំងមូល តាមរយ:ការលេងបាល់ទឹកតុង កាហ្វេ គុយទាវ ដោយប្រើបច្ចេកទេសក្នុងការលេងចាប់បោកដៃ១ ចាប់បោកដៃ២ និងប៉ះសេស្អិតជាប់ដៃជាដើម ខណ:ការលេងក្នុងទម្រង់ចាប់បោះ ចាប់បោកនេះ បានធ្វើឲ្យបណ្ដាប្រទេសជិតខាង មានការសើចចំអកឡកលើយ និងមើលងាយវិស័យបាល់ទះក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ។

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា វិស័យបាល់ទះក្រៅផ្លូវការកំពុងរីកដុះដាលដូចផ្សិត និងទទួលបាននៅការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់បងប្អូនប្រជាពលរដ្ធនៅតាមបណ្ដារាជធានីភ្នំពេញខេត្ត។ ដល់ចំណុចនេះ តើការគាំទ្ររបស់បងប្អូនអ្នកគាំទ្រមានលក្ខណ:យ៉ាងដូចម្ដេច ? ប្រាកដណាស់ បាលទះក្រៅផ្លូវការគឺទទួលបានការគាំទ្រ ខុសពីបាល់បាល់ទះស្ដង់ដារ ។

ការគាំទ្របាល់ទះក្រៅផ្លូវការរបស់បងប្អូនប្រជាពលរដ្ធមួយចំនួន ភាគច្រើនគឺទៅមើលផ្ទាល់ ដើម្បីតែការដាក់លុយប៉ុណ្ណោះ ដែលផ្ទុយពីពាក្យថា លេងបាល់ទឹកតុង កាហ្វេ គុយទាវ ឬដើម្បីបែកញើស និងដើម្បីសុខភាព ។ ហើយចំនួនលុយដែលលេងទៀតសោតគឺច្រើនខ្លាំងមែនទែនដែលយើងពិបាកនិងរៀបរាប់ ។ ជាពិសេសប្រសិនបើគូរធំៗលំដាប់ៗទៅលេងឆ្លងខេត្តទៀតនោះ ចំនួនទឹកលុយដែលដាក់ខាងភាគគីម្ខាងៗ អាចមានចាប់ពីរយដុល្លារ រហូតដល់ពាន់ដុល្លារឯណោះ។ នេះបើតាមការអះអាងបញ្ជាក់ពីប្អូនប្រុសម្នាក់ ដែលជាអ្នកគាំទ្របាល់ទះក្រៅផ្លូវការ សូមមិនបញ្ចេញអត្តសញ្ញាណ ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ វិស័យបាល់ទះក្រៅផ្លូវការ បានិងកំពុងផ្សព្វផ្សាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដោយមានការឡាយផ្ទាល់ និងបង្ហោះចែកចាយយ៉ាងព្រោងព្រាត តាមរយ:បណ្ដាញសង្គមនានា ដូចជា FaceBook Page និង Tik Tok ដែលចំណុចនេះបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសហព័ន្ធបាល់ទះកម្ពុជា ។ ហេតុអ្វីការផ្សព្វផ្សាយបាល់ទះ ក្រៅផ្លូវការប៉ះពាល់មុខមាត់ប្រទេសជាតិ និងសហព័ន្ធបាល់ទះកម្ពុជា ?
ជាការពិតណាស់ ត្រង់ចំណុចនេះ ការផ្សព្វផ្សាយ គឺមិនខុសនោះទេ តែដែលខុសគឺជាអ្នកលេង ដែលការលេងក្នុងទម្រង់ក្រៅផ្លូវការរបស់ពួកគាត់ គឺលេងចាប់បោះ ចាប់បោកដៃ១ ដៃ២ និងប៉ះសេស្អិតជាប់ដៃយូរៗជាដើម ។ ហើយការលេងរបស់ពួកគាត់ក៏ ត្រូវបានឡាយផ្ទាល់នៅលើហ្វេសប៊ុកផេកអ្នកផ្សព្វផ្សាយបាល់ទះ ។
បាល់ទះក្រៅផ្លូវការចាប់បោះ ចាប់បោក ទើបតែមានការនិយមលេងតាមគ្នា រហូតល្បីសុះសាយក្នុងការលេងទម្រង់មិនល្អនេះ ប្រហែល ២ – ៣ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។ ការលេងក្នុងទម្រង់នេះ ពិតជាអាក្រក់មើលយ៉ាងខ្លាំង និងបានក្លាយទៅជាទម្លាប់មួយមិនល្អ ហើយបាននិងកំពុងធ្វើឲ្យក្មេងៗជំនាន់ក្រោយ រៀនលេងដោយយកទម្រង់នៃការលេងដ៏អាក្រក់មកអនុវត្តន៍តាម ។ មួយវិញទៀត ការលេងបាល់ទះចាប់បោះនេះ កន្លងមកនៅលើបណ្ដាញសង្គម Tik Tok និង Facebook ក៏ត្រូវបានបណ្ដាប្រទេសជិតខាងធ្វើការសើចចម្អកផងដែរ ។
ការលេងបាល់ទះក្រៅផ្លូវការក្នុងទម្រង់ «ចាប់បោះ ចាប់បោក» កន្លងមកក៏មានកីឡាករជម្រើសជាតិ និងកីឡាករអាជីពជាច្រើនរូប រួមទាំងលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការសំណូមពរ និងអំពាវនាវទៅដល់អ្នកស្នេហា វិស័យកីឡាបាល់ទះទាំងអស់ ឲ្យមានការកែប្រែទម្រង់ក្នុងការលេង ពីការលេងចាប់បោក ចាប់បោះ និងប៉ះសេជាប់ដៃយូរៗ ងាកមកលេងក្នុងទម្រង់ល្អមួយដែលមិនអាក្រក់មើលនិងអាចទទួលយកបាន ដើម្បីឲ្យវិស័យបាល់ទះនៅកម្ពុជាកាន់តែរីកចម្រើនខ្លាំង និងឲ្យមានការទទួលស្គាល់កាន់តែច្រើនពីសំណាក់បណ្ដាប្រទេសជិតខាង ។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបន្តថាប្រសិនបើអ្នកលេងបាល់ទះក្រៅផ្លូវការមិនព្រមកែទម្លាប់លេងអាក្រក់ចោលទេ ដល់ពេលច្បាប់អប់រំកាយ និង កីឡាចេញមក គឺនិងមានវិធានរដ្ឋបាលជាក់ជាមិនខាន ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ហើយពិធីបិតនិងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានកីឡាចំនួន៣៧ប្រភេទកីឡា ដែលយកមកចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមមេដៃ ខណ:ក្នុងនោះក៏មានបាល់ទះជម្រើសជាតិកម្ពុជាចូលរួមផងដែរ ៕ (ដោយ ៖ រៀម រ៉ាន់)
ចែករំលែកព័តមាននេះ