រាជធានីភ្នំពេញ ៖ ប្រើបណ្តាញព័ត៌មានសង្គមរាល់ថ្ងៃ តិចមិនដឹងថា ស្រុកយើងមានបណ្តាញសង្គមប៉ុន្មាន?តាមឯកសារស្រាវជ្រាវមួយចំនួនគេបានឲ្យដឹងថា កម្ពុជា គឺជាឋានសួរគ៍នៃបណ្តាញព័ត៌មានសង្គមដោយមកដល់ពេលនេះគេដឹងថា បណ្តាញសង្គមដែលពលរដ្ឋកំពុងតែប្រើមានរហូតដល់ទៅប្រមាណជា៦០ ផ្សេងៗគ្នាឯណោះ។
រូបតំណាងបណ្តាញសង្គមទាំងនេះ គឺរាប់ចាប់តាំងពីហ្វេសបុក (Facebook), អ៊ីនស្តាក្រាម (Instagram), ប៊ីហ្គោ ឡាយ (Bigo Live), តិកតុក (TikKok), អូមីធីវី (OmeTV), តេឡេក្រាម (Telegram),វាត់ស្អាប់ (WhatsApp), ធ្វីតធ័រ (Twitter), ឌឹ មេសិនជ័រ (The Messenger), យូធូប (YouTube ), អ៊ីប៊ុក ( E-book) វីឆាត (WeChat) …ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។កាលពីអំឡុងឆ្នាំ២០១០ ហ្វេសបុក ( Facebook) គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមតែមួយគត់ដែលពលរដ្ឋនៅក្នុងប្រទេសនិយមប្រើបន្ទាប់ពីពលរដ្ឋមួយចំនួនតូចបានចាប់ផ្តើមប្រើប្រាស់អ៊ីម៉ែលសម្រាប់ទំនាក់ទំនងគ្នានៅដើមទស្សវត្សរ៍នៃឆ្នាំ២០០០មក។
![Picture]()
នៅពេលដែលនិន្នាការសង្គមចាប់ផ្តើមប្រែប្រួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏គាំទ្រហើយសម្តេចថែមទាំងបានលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គមនេះកាន់តែខ្លាំងឡើងថែមទៀតរហូតដល់សម្តេចបានប្រកាសថា មន្ត្រីរូបណាដែលរត់មិនទាន់បច្ចេកវិទ្យា ជាពិសេស គឺមិនចេះប្រើប្រាស់បណ្តាញសង្គម គឺនឹងមិនត្រូវលើកទឹកចិត្តឲ្យឡើងតំណែងថែមទៀត។
កន្លងមកនៅក្នុងចំណោមបណ្តាញសង្គមដែលមាននៅកម្ពុជាខាងលើសម្តេចតេជោ នាយករដ្ឋមន្ត្រីធ្លាប់បានអះអាងថា លោកមាន និងកំពុងប្រើប្រាស់បណ្តាញសង្គមជាច្រើនច្រកដែលមានតាំងពីហ្វេសប៊ុក អ៊ីនស្តាក្រាម វាត់ស្អាប់ វាយប័រ ហ្សូម វីឆាត អ៊ីប៊ុក ហើយថ្មីៗនេះសម្តេចកំពុងតែលើកទឹកចិត្តឲ្យសាធារណៈជនទូទៅជាពិសេសមន្ត្រីនៅក្នុងជួររដ្ឋាភិបាលឲ្យប្រើប្រាស់តេឡេក្រាម។
![Picture]()
ជុំវិញការលើកកម្ពស់សេរីភាពនៃការប្រើប្រាស់បណ្តាញសង្គមនេះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ថ្មីៗនេះថា បណ្តាញសង្គមទាំងនេះកំពុងតែចូលរួមលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិដ៏រស់រវើក និងមានភាពស្វាហាប់។លោកក៏បានប្រាប់សហគមន៍អន្តរជាតិថា កម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តពលរដ្ឋឲ្យទទួលបានបណ្តាញផ្សព្វផ្សាយសង្គម និងឌីជីថលប្រកបដោយប្រសិទ្ធភាព។
កន្លងមកតាមរយៈបណ្តាញសង្គមនេះ មានកិច្ចការរដ្ឋជាច្រើនដែលត្រូវបានសម្រេចតាម បណ្តាញសង្គមនេះផងដែរដោយនៅក្នុងនោះរាប់ទាំងរឿងដែលក្តៅថ្មីៗនេះទាក់ទងនឹងវិធានការណ៍ច្បាប់រឿងក្ងោក រឿងសួនសត្វភ្នំតាម៉ៅ និង បញ្ហាផ្សេងៗមួយចំនួនទៀតដោយសារតែសម្តេចបានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងពលរដ្ឋដោយផ្ទាល់។
![Picture]()
ទាក់ទងថា តើមកដល់ពេលនេះបណ្តាញសង្គមណាកំពុងតែមានឥទ្ធិពលជាងគេនោះ ប្រភពខ្លះថា ហ្វេសប៊ុក ប្រភពខ្លះតេឡេក្រាម ដោយឡែកសម្រាប់យូធូប តិតុក យូធូប អ៊ីនស្តាក្រាមអី គឺអាចនៅលេងបន្ទាប់បន្សំ។
តាម napoleoncat.com ដែលកំពុងតែអង្កេតតួរលេខបណ្តាញសង្គមមួយចំនួនដែលមិនរាប់បញ្ចូលនូវតេឡេក្រាមបានអះអាងថា ហ្វេសប៊ុកមានអ្នកប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា គឺរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានគណនីសរុបដល់ទៅ១៣,៤២លាននាក់ ពោល គឺ៧៦,៨ ភាគរយ ហើយអ្នកដែលប្រើប្រាស់ គឺមានអាយុចាប់ពី១៣ ដល់៦៥ឆ្នាំឡើង ខណៈដែលតេឡេក្រាមប្រភពនេះមិនមានតួរលេខ។
គេហទំព័រ worldpopulationreview.com មិនមានតួលេខអ្នកប្រើប្រាស់ ហ្វេសប៊ុកទេ តែតេឡេក្រាម គឺគេកត់ត្រាថា រហូតដល់ទៅ១៦,៩លានគណនីឯណោះខណៈដែលនៅលើពិភពលោកនេះមានអ្នកប្រើប្រាស់តេឡេក្រាមសរុប ៥៥០លាននាក់ នៅប្រទេស១៥៥ប្រទេស។
![Picture]()
ប្រភពមួយទៀត https://thebettercambodia.com បានឲ្យដឹងថា ហ្វេសប៊ុកទំនងជាមានការប្រើប្រាស់ទូលំទូលាយជាងគេនៅកម្ពុជាបច្ចុប្បន្ន ដោយសារតែវាមានមុខងានឹងគោលដៅច្រើនជាបណ្តាញទំនាក់ទំនងផ្សេងៗហើយព័ត៌មានរបស់វាក៏ចម្រុះ ប៉ុន្តែក៏មិនអាចមើលស្រាលតេឡេក្រាមបានដែរពីព្រោះថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានលើកទឹកចិត្តបណ្តាញសង្គមមួយនេះជាបន្តបន្ទាប់តាំងពីចុងខែកុម្ភៈមកដល់ដើមខែមីនា ឆ្នាំ២០២៣នេះ។ក្រៅពីនេះ បណ្តាញសង្គមផ្សេងៗគឺមានការប្រើប្រាស់តាមមុខងាររបស់ផ្សេងៗគ្នាដោយយូធូប តិកតក់ គឺភាគច្រើន គឺកម្សាន្ត។
សរុបមកវិញប្រព័ន្ធផ្សព្វផ្សាយព័ត៌សង្គមនៅកម្ពុជានឹងបន្តរីកចម្រើនតទៅមុខបន្ថែមទៀតដរាបណាអាជ្ញាធរនៅតែបើកចំហ និងលើកទឹកចិត្ត ហើយមុខងារនិងបញ្ហាប្រឈមរបស់វានឹងកាន់តែធំមកលើឆាកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កម្សាន្ត ការអប់រំរួមទាំងឧក្រិ.ដ្ឋកម្ម ដូច្នេះយើងត្រូវតែត្រៀមលក្ខណៈសម្បត្តិឲ្យរួចរាល់ ដើម្បីបន្តធានានិរន្តរភាពសង្គម សេដ្ឋកិច្ច និងស្ថេរភាពរបស់ប្រទេស ។
ដូច្នេះប្រជាពលរដ្ឋគួរតែប្រើប្រាស់បណ្តាញព័ន្ធសង្គម ដើម្បីបញ្ចេញមតិ និងទាញប្រយោជន៍សម្រាប់ការរស់នៅរបស់ខ្លួនដែរ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ