រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាពិសេសរាជធានីភ្នំពេញបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣នេះ នាខែឧសភាខាងមុខ។ បើគិតពីដើមខែមីនានេះទៅ គឺនៅសល់តែប្រមាណជាពីរខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដែលនឹងមានវត្តមានកីឡាករគណៈប្រតិភូ និងភ្ញៀវទេសចរបរទេសជាច្រើននេះនឹងមកដល់ហើយ។

ការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ ជាមោទនភាពរបស់ខ្មែរ។ ខ្មែរបានសុំទៅអាស៊ានយោគយល់ពីការដែលខ្លួនពុំអាចធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាតំបន់នេះបានតាមវេណរបស់ខ្លួនជាច្រើនលើកមកហើយ។ មែនទែននៅក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះទើបតែនៅឆ្នាំ២០២៣ទើបកម្ពុជាសម្រេចទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡានេះ។ដោយសារសង្គ្រាម និងទុកឱកាសយកថវិកាមកអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយមោទនភាពនេះ កម្ពុជាបានកំពុងរាប់ថយក្រោយឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍នេះមកដល់។ហើយបើគេងាកទៅមើលទិដ្ឋភាពជាក់ស្តែងវិញ អាជ្ញាធរបានកំពុងមមាញឹកនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមនានាដូចជា ការកែលម្អផ្លូវ នៅជុំវិញកន្លែងប្រកួតកីឡា គឺនៅបរិវេណពហុគីឡដ្ឋានមរតកតេជោ ឱ្យបានស្អាត ដើម្បីផ្គាប់ចិត្តអ្នកទេសចរ និងបង្ហាញពីការរីកចម្រើនរបស់សង្គមជាតិទៅអន្តរជាតិ។
តាមមន្ត្រីនាពេលកន្លងមក ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជានឹងចំណាយថវិកាចំនួន១២៤លានដុល្លារ។នេះមិនទាន់រាប់បញ្ចូលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងដែលការប្រកួតកីឡាជនពិការអាស៊ានភ្ជាប់គ្នានេះ ទាមទារឲ្យមានការចំណាយពី៣០ទៅ៤០លានដុល្លារបន្ថែមទៀតនោះទេ។

ក្រៅពីបង្ហាញពីសន្តិសុខភាព និងការអភិវឌ្ឍប្រទេសជាតិដែលអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះបានកម្ពុជាក៏រំពឹងថា នឹងទទួលបានផលប្រយោជន៍ជាច្រើនមកវិញពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំនេះដែរ។នៅក្នុងនោះមានការទាក់ទាញអ្នកទេសចរជាដើម។បូកផ្សំ និងវប្បធម៌អរិយធម៌ដ៏រុងរឿងដែលមានប្រាង្គប្រាសាទរាប់រយនៅពាសពេញប្រទេស។មានការលើកឡើងថា ក្រៅពីសម្បត្តិធម្មជាតិនិងកេរដំណែលដូនតាដែលបានសន្សល់ទុកនោះពលរដ្ឋម្នាក់ៗមានភារកិច្ច និងកាតព្វកិច្ចសំខាន់នៅក្នុងការទាក់ទាញអ្នកទេសចរ។

ការចូលរួមធ្វើអនាម័យ សម្អាតទីធ្លាផ្ទះសម្បែង និងទីធ្លាសាធារណៈ។ ការចូលរៀបផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ស្វាគមន៍ដល់អ្នកដល់ទេសចរគ្រប់រូប។រួមទាំងការចេះយកអាសារជួយទុក្ខធុរៈភ្ញៀវអន្តរជាតិ ដែលជាសកម្មភាពតិចតួចដូចជា យោគយល់នៅពេលពួកគេធ្វើដំណើរតាមដងផ្លូវសាធារណ:ជាដើមនោះសុទ្ធសឹងជាសកម្មភាព ដែលអាចចងចិត្តដល់អ្នកទេសចរបាន។
ការអូសទាញអ្នកទេសចរអោយមកទស្សនាកម្ពុជាជារឿងលំបាកប៉ុន្តែអ្វីដែលកាន់តែលំបាកហើយពលរដ្ឋខ្មែរម្នាក់ៗត្រូវតែធ្វើនោះ គឺធ្វើយ៉ាងណាឱ្យអ្នកទេសចរដែលបានមកដល់កម្ពុជា ហើយគេមកម្តងទៀត និងគេបានជួយផ្សព្វផ្សាយពីកម្ពុជាទៅអ្នកផ្សេង។ សូមកុំធ្វើឱ្យគេ អាក់អន់ចិត្តមកម្តងហើយមិនចង់មកម្តងទៀតនោះ។

ថ្មីៗនេះប្រមុខរដ្ឋាភិបាល ក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុ.ធ វិស័យឯកជន អង្គការ សង្គមស៊ីវិលដៃគូអភិវឌ្ឍពាក់ព័ន្ធព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រ និងជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពចីរភាព ភាពស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម«កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»។



វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។ ក្នុងនោះឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ កើនឡើងជាង១០០០% ធៀបឆ្នាំ២០២១។ដូច្នេះបើយើងម្នាក់ៗបង្ហាញដល់ពិភពលោកថា កម្ពុជា គឺជាប្រទេសរួសរាយរាក់ទាក់ ស្មោះត្រង់ ចិត្តល្អ និងញញឹមជានិច្ចទទួលអ្នកទេសចរបរទេស ពេលនោះពួកគេនឹងវិលត្រឡប់ទៅប្រទេសវិញជាមួយនឹងការញញឹម និងជួយឃោសនាដល់ពលរដ្ឋរបស់ពួកគេថាកម្ពុជា គឺជាទឹកដី និងមនុស្សដ៏ទាក់ទាញសម្រាប់ទេសចរ។
ជាលទ្ធផលវិស័យទេសចរកម្ពុជានឹងកាន់តែរីកចម្រើនហើយធ្វើអោយសេដ្ឋកិច្ចកាន់តែរីកចម្រើន ចំណែកប្រជាជនកាន់តែមានជីវភាពធូរធារ៕ដោយ៖សារ៉ាន់
ចែករំលែកព័តមាននេះ