ខេត្តមណ្ឌលគិរី ៖ កាហ្វេបានក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យនាពេលបច្ចុប្បន្ន ហើយការផ្គត់ផ្គង់ផលិតផលគ្រាប់កាហ្វេសម្រាប់ទីផ្សារនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មួយភាគធំត្រូវនាំចូលពីក្រៅប្រទេស ខណៈដែលដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី បានតស៊ូយ៉ាងស្វិតស្វាញ ក្នុងការបំពេញតម្រូវការដល់អ្នកបរិភោគ ទោះបីជាការដាំដុះនៅមានកម្រិតក៏ដោយ។

លោក ស៊ន សារុន អភិបាលស្តីទីខេត្តមណ្ឌលគិរី បានថ្លែងថា ដើម្បីបង្កើនការនាំចេញកាហ្វេមណ្ឌលគិរី ទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យបានទូលំទូលាយ កសិករត្រូវសិក្សាបច្ចេកទេសបន្ថែមជាមួយអ្នកជំនាញក្នុងការពង្រឹងគុណភាពគ្រាប់កាហ្វេស្របតាមស្តង់ដារអន្តរជាតិ។
ការស្វែងរកទីផ្សារទិញផលិតផល គឺជារឿងសំខាន់របស់អ្នកផលិត ប៉ុន្តែបើផលិតផលដែលត្រូវលក់ចេញគ្មានគុណភាពវាមិនត្រឹមតែធ្វើឲ្យតម្លៃលក់ចេញបានថោកនោះទេ កត្តានេះក៏ជះផលអវិជ្ជមានសម្រាប់កេរ្តិ៍ឈ្មោះផលិតផលក្នុងតំបន់ផងដែរ។

ក្នុងការជៀសវាងខូចឈ្មោះក្នុងទីផ្សារកាហ្វេលោក ស៊ន សារុន អភិបាលស្តីទីខេត្តមណ្ឌលគិរី បានបញ្ជាក់ទៅសហគមន៍កាហ្វេក្នុងខេត្តថា ត្រូវយកចិត្តទុកដាក់ដាំដុះដំណាំកាហ្វេ ស្របតាមបច្ចេកទេស ដោយសហការជាមួយក្រុមហ៊ុន ឬអង្គការពាក់ព័ន្ធ ជាពិសេស គឺមន្ទីរកសិកម្ម សម្រាប់ការបំពេញបន្ថែមលើការងារដាំដុះដំណាំកាហ្វេឲ្យមានគុណភាពខ្ពស់។
ថ្វីបើកាហ្វេខេត្តមណ្ឌលគិរីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់កាហ្វេរបស់ខេត្តមណ្ឌលគិរី មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ទីផ្សារឡើយ។ដូច្នេះប្រជាកសិករអាចពង្រីកបន្ថែម ផ្ទៃ ដីដាំដុះដំណាំកាហ្វេសម្រាប់បំពេញតម្រូវការព្រោះសព្វថ្ងៃមានក្រុមហ៊ុនជាច្រើនកំពុងចុះកិច្ចសន្យាទទួលទិញនៅខេត្តមណ្ឌលគិរី។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ដោយស្ថានភាពផ្ទះ សណ្ឋានដី អាកាសធាតុ និងរយៈកម្ពស់អំណោយផលក្នុងការដាំដុះដំណាំកាហ្វេទើបប្រជាកសិករបានចាប់ផ្តើមដាំកាហ្វេក្នុងឆ្នាំ១៩៩៦ ផ្ទៃដីមានប្រមាណជាង៥០០ហិកតាជាប្រភេទពូជ ROBERSTA នៅពេលនោះ តម្លៃកាហ្វេមានតម្លៃខ្ពស់នៅប្រទេសវៀតណាម។
ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំតម្លៃកាហ្វេមានការធ្លាក់ចុះបានធ្វើឲ្យប្រជាកសិករបានបោះបង់ចម្ការកាហ្វេមួយចំនួនចោល ហើយក៏បានថយចុះជាបន្តបន្ទាប់រហូតដល់ក្នុង២០០៨ ផ្ទៃដីដាំកាហ្វេនៅសល់ប្រមាណជា១៦ហិកតាតែប៉ុណ្ណោះ។លោកប្រធានមន្ទីរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ ផ្ទៃដីដាំដុះកាហ្វេបានកើន ប្រមាណចំនួន៣៩ហិកតា ហើយបានកើនឡើងជាបន្តបន្ទប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្ដែងក្នុងឆ្នាំ២០២២ ផ្ទៃដីដំណាំកាហ្វេមានចំនួន៣៥១ ហិកតា និងមានផ្ទៃប្រមូលផលប្រមាណ៣៤២ហិកតា និងមានបរិមាណផលសរុបប្រមាណ៧០៥ តោន ដែលមានទិន្នផលមធ្យម ២,០១៦ តោន/ហិកតា។ប្រភេទពូជកាហ្វេដែលកសិករចូល ចិត្តដាំដុះប្រភេទពូជ ROBERSTA & ARABICA ៕


ចែករំលែកព័តមាននេះ