រាជធានីភ្នំពរញ ៖ បុរសម្នាក់ជានាយករងសាលារៀនមួយបានរងការចោទប្រកាន់ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីក្រុមគ្រួសារយុវតីរងគ្រោះជាសិស្សវិទ្យាល័យម្នាក់ អាយុ១៥ឆ្នាំបានប្តឹងថា បានបោករូបនាងរួចឆ្លៀតដាក់ថ្នាំក្នុងទឹកធ្វើឲ្យនាងសន្ល.ប់ ហើយក៏បានចា.ប់រំលោ.ភព្រមទាំងថតរូបភាពអា.សអាភា.សទុកថែមទៀត។
![Picture]()
ប្រសិនបើជាការពិតអំពើលាមកដែលបង្កឡើងលោកនាយករងវិទ្យាល័យមួយនៅខេត្តកំពង់ឆ្នាំង គឺវាប្រាកដជាឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះនៃតម្លៃសីលធម៌គ្រូហើយ ប៉ុន្តែក្រៅពីថ្កោលទោស បុរសម្នាក់នេះយើងគប្បីសិក្សា និងរកពីមូលហេតុដែលបណ្តាលឲ្យបុរសម្នាក់នេះហ៊ានប្រពឹត្តអំពើដែលមិនអាចអត់អោនបានបែបនេះ។
នៅពេលទទួលព័ត៌មានបែបនេះយើងខ្ញុំដឹងថា សង្គមទូទៅពិតជាពិបាកនៅក្នុងការទទួលយកណាស់ ជាពិសេស គឺក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដូច្នេះជននេះត្រូវតែផ្តន្ទាទោសអោយធ្ងន់ធ្ងរតាមច្បាប់ ប៉ុន្តែឆ្លងតាមករណីនេះយើងគួរតែឆ្លៀតឱកាសដើម្បីពង្រឹងសីលធម៌គ្រូបង្រៀនពីព្រោះការខិលខូចរបស់គ្រូម្នាក់អាចនឹងជះឥទ្ធិពលដល់គ្រូផ្សេងទៀតដែលល្អនិងខិតខំតែបង្រៀនសិស្សអោយបានល្អ។
![Picture]()
ក្រៅពីនេះក៏នៅមានករណីស្រដៀងគ្នានេះមួយចំនួនទៀត បានកើតឡើងរួចមកហើយ ករណីដូចជា គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក រស់នៅភូមិពោធិ៍បាក់.ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរំលោ.ភក្មេងស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំ កាលពីឆ្នាំ២០១៦។ករណីគ្រូបង្រៀនបឋមសិក្សាមួយស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៧។ ករណីមួយទៀត គឺនាយករងសាលាភាសាឯកជនមួយទឹកថ្លា នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ជាដើម។
តាមប្រព័ន្ធរដ្ឋ ដើម្បីក្លាយជាគ្រូបង្រៀនបឋមសិក្សា គឺលោកគ្រូ/អ្នកគ្រូតម្រូវឲ្យឆ្លងកាត់ការសិក្សាគរុកោសល្យនៅសាលាគរុកោសល្យ និងវិក្រឹតការប្រចាំខេត្តនីមួយៗហើយសម្រាប់ លោកគ្រូ/អ្នកគ្រូនៅកម្រិតអនុវិទ្យាល័យក៏ត្រូវសិក្សាជំនាញនិងទ្រឹស្តីនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគដែលត្រូវបែងចែកតាមតំបន់ដោយត្រូវសិក្សាយ៉ាងហោចណាស់២ឆ្នាំ ហើយសម្រាប់លោកគ្រូ/អ្នកគ្រូកម្រិតវិទ្យាល័យ គឺតម្រូវឲ្យសិក្សាគរុកោសលនៅវិទ្យាស្ថានអប់រំនៅរាជធានីភ្នំពេញមួយឆ្នាំ។
![Picture]()
ដើម្បីបញ្ចៀសនូវបញ្ហាច្រំដែលនៅក្នុងប្រព័ន្ធអប់រំ យើងខ្ញុំគិតថា គួរតែពង្រឹងសីលធម៌របស់គ្រូបង្រៀន ហើយមានវិធានការតឹងតែងចំពោះគ្រូបង្រៀនណាដែលខិលខូច និងធ្វើអោយប៉ះ ពាល់ដល់កិត្តិយសគ្រូដទៃដែលត្រឹមត្រូវ និងខិតខំអស់ពីចិត្តដើម្បីបង្រៀនសិស្ស។
សរុបមកវិញ នេះ គឺជាទស្សនៈមួយនៅក្នុងគោលបំណងធ្វើយ៉ាងណាចូលរួមចំណែក ដើម្បីកាត់បន្ថយបញ្ហានៅពេលអនាគត ដូច្នេះយើងខ្ញុំសង្ឃឹមថា គោលគំនិត និងទស្សនៈមួយ នេះនឹងអាចទម្លុះឫសគល់នៃបញ្ហាហើយក៏អាចនឹងចូលរួមលើកកម្ពស់សុខមាលភាពលោកគ្រូអ្នកគ្រូនៅក្នុងវិស័យអប់រំយើងផងដែរ។
ការអប់រំ គឺសំខាន់បំផុតហើយនៅតែជាវិស័យគន្លឹះ និងជាវិស័យមូលដ្ឋានគាំទ្រដល់ដំណើរការ និងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឈន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជា៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ