ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​នៅ​តែ​ខ្លាំង​! Floyd បន្ត​រក្សា​កំណត់​ត្រា​មិន​ចាញ់​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ដេច​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក Floyd Mayweather បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មិន​ប្រែប្រួល​តាម​រយៈ

សហរដ្ឋអាមេរិក ៖ ស្ដេច​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក Floyd Mayweather បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មិន​ប្រែប្រួល​តាម​រយៈ​ការ​វាយ​ស្ដេច​ប្រដាល់​ដាក់​ទ្រុង​សញ្ជាតិ​អៀរ​ឡង់ Conor McGregor ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ត្រឹម​ទឹក​ទី​១០​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​កីឡដ្ឋាន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧ សីហា នៅ​កម្ពុជា ដណ្តើម​បាន​ខ្សែក្រវាត់​មិត្តភាព WBC​។

ស្ដេច​ប្រដាល់​អា​មេ​រិ​ក​ដែល​មាន​វ័យ​៤០​ឆ្នាំ Floyd បាន​ប្រើ​កណ្តាប់ដៃ​វាយ​សន្ធាប់​ទៅ​លើ​ស្ដេច​ប្រដាល់​អៀរ​ឡង់​វ័យ​២៩​ឆ្នាំ ដែល​មាន​ជំនាញ​ខាង​ក្បាច់គុន​ចម្រុះ McGregor ចាប់តាំងពី​ទឹក​ទី​៥ និង​វាយ​ម្ចាស់​ជើងឯក​២​សម័យកាល​ប្រចាំ​ស្ថាប័ន One FC រូប​នេះ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ត្រឹម​ទឹក​ទី​១០ ។

ក្នុង​ការ​ប្រកួត​ប្រដាល់​សាកល​អាជីព​ដែល​មាន​ចំនួន​១២​ទឹក​ពេញ​នេះ​គេ​កត់សម្គាល់​ឃើញ Floyd ដែល​ទើបតែ​ត្រឡប់​ពី​ការ​ចូល​និវត្តន៍​ដើម្បី​ធ្វើការ​ប្រកួត​លើក​ទី​៥០​របស់​ខ្លួន​បន្ទាប់​ពី​ឈ្នះ​៤៩​ដង មិន​ដែល​ចាញ់ និង​មិន​ដែល​ស្មើ បាន​ផ្លាស់​ប្តូរ​ទម្រង់​វាយ​ដកថយ​ដែល​ធ្លាប់​ទទួល​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​នា​ពេល​កន្លង​មក​នោះ មក​ជា​ការ​ដើរ​ចូល​វាយ​គូប្រកួត McGregor ជា​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ MMA ដែល​ទើបតែ​ចូល​ប្រកួត​ប្រដាល់​សាកល​អាជីព​លើក​ដំបូង​វិញ ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​ទទួល​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ។

តាម​រយៈ​ជ័យជម្នះ​នេះ Floyd ទទួល​បាន​ខ្សែក្រវាត់​មិត្តភាព WBC ១​គ្រឿង អម​ដោយ​ទឹកប្រាក់​៣០០​លាន​ដុល្លារ រីឯ​McGregor ទទួល​បាន​១០០​លាន​ដុល្លារ​ដែល​ជា​តម្លៃ​ខ្លួន​ត្រូវ​បាន​កំណត់​រួច​ហើយ​មិន​គិត​ពី​លទ្ធផល​ឈ្នះ ឬ​ចាញ់​ឡើយ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC​របស់​អង់គ្លេស​ផ្សព្វផ្សាយ​មុន​នេះ ៕