រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ថា ក្នុងមួយសប្តាហ៍ក្នុងខែមីនាខាងមុខនេះ កម្ពុជាបានរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាននឹងធ្វើឲ្យមានភ្លៀងតិចតួចជាអន្លើ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជាបានរងទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជារហូតដល់សប្ដាហ៍ទី១ខែមីនា។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២១-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ។ ធាតុអាកាសក្តៅហើយស្ងួត។ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។

ដោយឡែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥ អង្សាសេ។ធាតុអាកាសត្រជាក់នៅពេលព្រឹក។

ចំណែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣អង្សាសេ។ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ