ច្រានចោលព័ត៌មានចោទថា បិទការផ្សាយវិទ្យុអាស៊ីសេរី និងវីអូអេ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានមិនបានបិទការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុVOA ដូចដែលគេបាននិយាយនោះទេ គឺក្រសួងគ្រាន់តែអនុវត្តទៅតាមច្បាប់ លើស្ថានីយវិទ្យុណាដែលមិនគោរពតាមគោលការណ៍និងលក្ខន្តិកៈរបស់ក្រសួងប៉ុណ្ណោះ ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែសីហា នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា កាលពីម្សិលមិញ(២៣ សីហា) និងម្សិលម្ង៉ៃ (២២ សីហា)មានការលើកឡើងថា ក្រសួងព័ត៌មានបានបិទវិទ្យុអាស៊ីសេរី និងវិទ្យុVOA ។ ប៉ុន្តែតាមពិតនោះវិទ្យុទាំងពីរនេះមិនបានបិទទេ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «វិទ្យុទាំងពីរនេះខ្ញុំតែងតែការពារដើម្បីបានវត្តមាននៅទីនេះ តែក៏បានបកស្រាយបំផ្លើសការពិតមួយចំនួនដែរ ។ កន្លងមកនេះ មានការនិយាយបំផ្លើសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានបានបិទវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ(VOA)។ តាមពិតវិទ្យុទាំងពីរនេះសុទ្ធតែបានឃើញសេចក្តីប្រកាសរបស់ក្រសួងរួចហើយ ។ កន្លងមក ក្រសួងបានបិទវិទ្យុមួយចំនួន ដោយសារការរំលោភលើកិច្ចសន្យារបស់ខ្លួន» ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការបិទការផ្សាយរបស់វិទ្យុមួយចំនួនកន្លងមក មិនមែនមកពីវិទ្យុនោះលក់ម៉ោងផ្សាយឱ្យវិទ្យុអាស៊ីសេរី និងវីអូអេទេ ព្រោះថាម្ចាស់ស្ថានីយដឹងច្បាស់ណាស់ គឺម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួនត្រូវឆ្លងកាត់ឬសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន ប៉ុន្តែវិទ្យុមួយចំនួននោះអត់បានឆ្លងកាត់ទេ ។ អីុចឹង ក្រសួងត្រូវតែបិទហើយក្នុងពេលបច្ចុប្បន្ននេះ ដោយត្រូវការរឹតបន្តឹងផ្នែកច្បាប់ ផ្នែកការផ្សព្វផ្សាយ ។
លោករដ្ឋមន្ត្រីបានបន្ថែមថា កាលពីម្សិលមិញ(២៣សីហា) មានវិទ្យុមួយចំនួននៅតែដំណើរការផ្សាយ ព្រោះថាម្ចាស់ស្ថានីយបានសុំច្បាប់ត្រឹមត្រូវ ។ គេបានសុំក្រសួងព័ត៌មានផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ឬក៏នាទីផ្សេងៗទៀត ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងក៏មានបំណងបិទវិទ្យុស្ត្រីFM១០២ដែរ ប៉ុន្តែលោកថាវិទ្យុហ្នឹងបានជួយផ្សព្វផ្សាយបញ្ហាស្ត្រីបានច្រើន ។
លោកបញ្ជាក់ថា «ម្សិលមិញក៏សោកស្តាយមិនដកវិទ្យុស្ត្រី តាមពិតក៏ត្រូវដកអាជ្ញាប័ណ្ណដែរ ប៉ុន្តែវិទ្យុមួយនេះរបស់នារីដែលជួយការងារច្រើនក្នុងសង្គម ទើបយើងអនុគ្រោះ ។ ប៉ុន្តែយើងត្រូវតែដកចេញ ព្រោះថានៅពេលដែលគាត់សុំមកក្រសួងក្នុងការផ្សាយបន្តវិទ្យអាស៊ីសេរី និងវិទ្យុវីអូអេ សុំតែកន្លះម៉ោងទេ ប៉ុន្តែវិទ្យុនេះផ្សាយលើសម៉ោង» ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានសម្តែងការសោកស្តាយចំពោះអគ្គនាយកស្ថានីយវិទ្យុស្ត្រីផងដែរ ដែលបានផ្សាយថា ក្រសួងហាមវិទ្យុអាស៊ីសេរី និងវីអូអេ ក្នុងការផ្សាយទៅវិញ ។ លោកបញ្ជាក់ថា «ក្រសួងចង់បានវិទ្យុផ្សាយទាំងអស់ឱ្យប្លែកពីគ្នា ហើយបានគ្រប់ជ្រុងពីបញ្ហាសង្គមនីមួយៗ ។ ដូច្នេះសុំបញ្ជាក់ថា ការបិទទាំងអស់នេះជាការអនុវត្តផ្លូវច្បាប់ ហើយជាការអនុវត្តដែលម្ចាស់ស្ថានីយនីមួយៗដឹងថា ខ្លូនពិតជាបានធ្វើខុសពិតមែន» ។ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ធ្វើការកែតម្រូវឡើងវិញផងដែរ នូវការផ្សាយថា ក្រសួងបានបិទវិទ្យុទាំងពីរនេះ ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំតម្រូវឱ្យវិទ្យុអាស៊ីសេរី និងវីអូអេ កែតម្រូវប្រសិនបើបង្ហាញខ្លួនឯងថាពិតជាវិទ្យុមានវិជ្ជាជីវៈ តែប៉ុណ្ណឹង ចៀសវាងការយកបញ្ហានេះទៅជារឿងនយោបាយ» ។លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើមានករណីស្នើសុំបែបណាមកក្រសួង នោះក្រសួងនឹងពិចារណា ។ លោកថា សុំកុំយកករណីវិទ្យុនោះមកភ្ជាប់ជាមួយនយោបាយឱ្យសោះ ។
សូមរំឭកថា កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ ក្រសួងព័ត៌មានបានសម្រេចបញ្ឈប់កាផ្សាយរបស់ស្ថានីយវិទ្យុមហានគរFM៩៣.៥០MHz នៅទូទាំងប្រទេសទាំងស្រុង ។ វិទ្យុនេះបានលក់ម៉ោងទៅឱ្យគណបក្សសង្គ្រោះជាតិ វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ តែការបញ្ឈប់ការផ្សាយរបស់វិទ្យុនេះទាក់ទងទៅនឹងការរំលោភកិច្ចសន្យានោះទេ មិនមែនមកពីវិទ្យុនេះជួលម៉ោងផ្សាយឱ្យវិទ្យុអាស៊ីសេរី-វីអូអេ ឬគណបក្សសង្គ្រោះជាតិនោះទេ ។
យោងតាមលិខិតរបស់នាយិកាគ្រប់គ្រងការផ្សាយរបស់វិទ្យុមហានគរ ដាក់ជូនគណបក្សសង្គ្រោះជាតិបានសរសេរថា ស្ថានីយវិទ្យុមហានគរFM៩៣.៥MHz ផ្អាកដំណើរការផ្សាយទាំងស្រុងរបស់ខ្លួនចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧តទៅ ពីព្រោះក្រសួងព័ត៌មានបានចេញប្រកាសលេខ៣២៦ពម.ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ហើយដែលស្ថានីយវិទ្យុទើបតែទទួលបានថ្ងៃនេះ ដោយលុបចោលប្រកាសលេខ៥៩៥ពម.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ដែលអនុញ្ញាតឱ្យបើកដំណើរការស្ថានីយវិទ្យុមហានគរ និងស្ថានីយវិទ្យុផ្សាយបន្តនៅតាមបណ្តាខេត្តនានា ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានសម្រេចលុបប្រកាសលេខ៥៩៥ពម.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោកស្រី ឈួន វេជ្ជនី បើកស្ថានីយវិទ្យុមហានគរFM៩៣.៥០MHz មានកម្លាំងផ្សាយ១០គីឡូវ៉ាត់ បង្គោលអង់តែនកម្ពស់១២០ម៉ែត្រ ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងស្ថានីយវិទ្យុផ្សាយបន្តFM៩៣.៥០MHzនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយវៀង ត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ ។
លិខិតបន្តថា ស្ថានីយវិទ្យុបានផ្សាយបន្តតាមវិទ្យុFM៩៣.៧៥MHzនៅខេត្តប៉ៃលិន កំពង់ធំស្ថានីយវិទ្យុផ្សាយបន្ត FM៩៣.២៥MHz ខេត្តឧត្តមានជ័យ សៀមរាប និងស្ថានីយវិទ្យុផ្សាយបន្តFM១០៦.២៥MHzនៅខេត្តបាត់ដំបង ដែលសាមីខ្លួនបានរំលោភប្រកាសអនុញ្ញាតឱ្យប្រើប្រាស់អាជីវកម្មរបស់ក្រសួងព័ត៌មាន និងកិច្ចសន្យាដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន ៕
ចែករំលែកព័តមាននេះ