ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន សរសើរ​ការ​ដឹកនាំ​របស់​លោក Honda ដែល​មិន​ឱ្យ​មាន​តួឯក​ក្នុង​ក្រុម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យា

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ជ្រោយចង្វារ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ម្សិលមិញនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មិន​ត្រឹមតែ​លើកទឹកចិត្ត​ឱ្យ​អត្ត​ព​លិ​ក​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ប្រកួត​ឱ្យ​បានល្អ​ក្នុង​លក្ខណៈ​ជា​ក្រុម ជា​ពិសេស​វិស័យ​កីឡា
បាល់ទាត់ និង​បាល់ទះ​ប៉ុណ្ណោះ​ទេ សម្ដេច ក៏​បាន​សរសើរ​លោក Keisuke Honda អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​បាន​ធ្វើ​កំណែទម្រង់​វិស័យ​បាល់ទាត់​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​មួយ​រូប​នោះ មើលឃើញ​ថា ការ​លេង​បាល់ទាត់ និង​បាល់ទះ ភាគច្រើន​គេ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ខ្សែប្រយុទ្ធ និង​ស្មា​ត់​ជួរ​មុខ ប៉ុន្តែ​គេ​ហាក់ដូចជា​ភ្លេច​ពី​គុណសម្បត្តិ​ខ្សែបម្រើ ខ្សែការពារ និង​អ្នក​ប៉ះ​បាល់​ទៅ​វិញ ។ សម្រាប់​សម្ដេច ហ៊ុន សែន ការ​លេង​បាល់ គឺ​អាស្រ័យ​លើ​អ្នក​បញ្ជូន ឬ​អ្នក​ប៉ះ​បាល់​ល្អ ហើយ​មាន​ភាព​វៃឆ្លាត​នៅ​ក្នុង​ក្រុម​។

បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​លោក Honda បាន​ធ្វើ​ឱ្យ​វិស័យបាល់ទាត់​រីក​ចម្រើន​តាម​រយៈ​ការ​ពង្រឹង​គុណភាព​កីឡាករ រាប់​ចាប់ពី​អ្នកចាំទី ដល់​ខ្សែប្រយុទ្ធ ។ បន្ថែម​ពី​នេះ​ទៀត សម្ដេច​បាន​មើលឃើញ​ពី​របៀប​ដឹកនាំ​របស់​លោក Honda ក្នុង​ការ​ជ្រើសរើស​កីឡាករ ជា​ពិសេស​មិន​បង្កើតឱ្យ​មាន​កីឡាករ​តួឯក នៅ​ក្នុង​ក្រុម ។ សម្ដេច​តេ​ជោនាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា​៖« Honda ដែល​ជា​ជនជាតិ​ជប៉ុន អ្នក​ណា​ដែល​ដើរ​តួឯក អូស​បាល់​មិន​ព្រម​បញ្ជូន​បាល់​ឱ្យ​គេ Honda អត់ឱ្យ​ចូល​ទាត់​ទេ ទោះ​អ្នកឯង មានឈ្មោះ​ល្បី​ក៏​ដោយ ក៏ Honda អត់ឱ្យ​ចូល​ទាត់​ទេ ព្រោះ​អាហ្នឹង​លេង​មិនមែន​ស្មារតី​ជា​ក្រុម គឺ​គិតតែ​អូស​បាល់​យក​ទៅ​ស៊ុត​តែ​ម្ដង​»​។

គួរ​បញ្ជាក់​ថា លោក Honda ដែល​ឡើង​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​នៅ​ឆ្នាំ​២០១៨ បាន​បញ្ចប់​ការ​ដឹកនាំ​ក្រុម​ឈុត​ធំ​ហើយ ក្រោយ​កិច្ច​ស​ន្សា​របស់​លោក​ក៏​ត្រូវ​បាន​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ។ តែ​លោក Honda នៅ​សល់​កាតព្វកិច្ច​មួយទៀត សម្រាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នា​ខែឧសភា ខាង​មុខ​នេះ ។

ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ធ្វើ​ឡើង​គាប់​ជួន​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ (U22) បាន​ចេញដំណើរ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។

លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ម្សិលមិញ​នេះ បាន​ប្រកាស​ថា​៖«​យើង​ចាប់ផ្តើម​បោះជំរំ​ហ្វឹកហាត់​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​»​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ កន្លង​ទៅ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ធ្វើការ​កោះហៅ​កីឡាករ​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ ចំនួន​៣០​នាក់​ ដើម្បី​ចូលរួម​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ។ កីឡាករ​ទាំង​៣០​នាក់​មក​ពី​ក្លិប​ចំនួន​១០ នៃ​លី​គ​កំពូល និង​លី​គ​ទី​២​កម្ពុជា ក្នុង​នោះ​មាន​វិសាខា​៥​នាក់​, ភ្នំពេញ​ក្រោ​ន​៣​នាក់​, បឹង​កេ​ត​៥​នាក់​, ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​៦​នាក់​, ណា​ហ្គា​វើ​ល​ដ៍​៤​នាក់​, សមាគម​កីឡាបាល់ទាត់ ខ​.​ភ​.​ម ២នាក់​, អង្គ​រថា​យ​ហ្គឺ​១​នាក់​, សូល​ទី​ឡូ​អង្គរ​១​នាក់​, អគ្គិសនី​កម្ពុជា​១​នាក់ និង​ព្រៃវែង​១​នាក់ ។

សម្រាប់​ការ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ កីឡាករ​ទាំង​៣០​រូប និង​ក្រុម​គ្រូបង្វឹក​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ​២០២៣​។

កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នឹង​ចាប់ផ្ដើម​បើក​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ប៉ុន្តែ​សម្រាប់​វិញ្ញាសា​កីឡាបាល់ទាត់ ចាប់​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ ២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ