ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្រង​ជំងឺហឺត​ចំពោះ​កុមារ​ដូច​ម្តេច?

6 ឆ្នាំ មុន

ជំងឺហឺត​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ និង​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ច្រើន​នៅ​ពេល​ដែល​កុមារ​មាន​ជំងឺ​នេះ ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ​ថា

ជំងឺហឺត​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ និង​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ច្រើន​នៅ​ពេល​ដែល​កុមារ​មាន​ជំងឺ​នេះ ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ​ថា ​កូន​របស់​អ្នក​អាច​នឹង​មានជីវិត​ដែល​មិន​មាន​សុខភាព​ល្អ និង​មិន​មាន​កុមារភាព​ដែល​សកម្ម ។ ខណៈ​ពេល​ដែល​ជំងឺហឺត​មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​គ្រប់គ្រង​វា​ឱ្យ​បាន​ល្អ ។

ខាងក្រោម​នេះ​ជា​ជំហាន​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នកគ្រប់គ្រង​ជំងឺ​នេះ ៖

១-​ដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ​ចំពោះ​កូន​អ្នក
វា​អាច​បណ្តាល​មក​ពី​ភ្នាក់ងារ​ដែល​ធ្វើ​ឱ្យ​មានការ​រលាក​នៅ​ក្នុង​ខ្យល់​ដូច​ជា​លំអងផ្កា ធូលី​ដី រោមសត្វ ពពួក​ផ្សិត ជាដើម ។ ការ​ឆ្លង​មេរោគ​តាម​ផ្លូវដង្ហើម​ដោយ​វីរុស ឬ​បាក់តេរី​ដូច​ជា​ជំងឺ​ផ្តាសាយ ជំងឺ​គ្រុនផ្តាសាយ ជំងឺ​រលាក​ទងសួត និង​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​សងខាង​ច្រមុះ​អាច​ធ្វើ​ឱ្យ​ជំងឺហឺត​កាន់តែ ធ្ងន់​ទៅ​ៗ ។

អាហារ​មួយ​ចំនួន​ដូច​ជា​ទឹកដោះគោ ស៊ុត សណ្តែកដី ស្រូវ​សាលី ត្រី និង​សារជាតិ​ការពារ​អាហារ​ដូច​ជា sodium bisulphite និង​potassium bisulphite​ជាដើម​អាច​បណ្តាល​ឱ្យ​មាន​ជំងឺហឺត​ផង​ដែរ ។

២-​កាត់​បន្ថយ​ឱកាស​ដែល​កូន​របស់​អ្នក​អាច​ប៉ះពាល់​នឹង​ភ្នាក់ងារ​អាលែកហ្ស៊ី
-​ផ្លាស់​ប្តូរ​ស្រោមពូក និង​ខ្នើយ​ជា​ប្រចាំ ។ លាង​សម្អាត​ស្រោមពូក និង​ខ្នើយ​ដោយ​ទឹក​ក្តៅ ។
សម្អាត​ផ្ទះបាយ និង​បន្ទប់ទឹក​ឱ្យ​បាន​ស្អាត ។ សម្អាត​វា​ឱ្យ​ស្ងួត​ដើម្បី​ការពារ​ពពួក​ផ្សិត និង​សត្វ​កន្លាត ។

-​ចៀសវាង​សត្វ​ចិញ្ចឹម​ដែល​មាន​រោម​នៅ​ក្នុងផ្ទះ ឬ​ទុក​វា​ឱ្យ​នៅ​ខាងក្រៅ​ផ្ទះ ។ ចៀសវាង​តុក្កតា​រោមសត្វ ឬ​ទិញ​តែ​តុក្កតា​ដែល​អាច​បោក​សម្អាត​បាន ។ បំបាត់​ផ្សែង​បារី​ពី​ក្នុងផ្ទះ ។

-​ប្រសិនបើ​ចំណីអាហារ​គឺជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កូន​អ្នកមាន​ជំងឺហឺត ចូរ​ធ្វើតេស្ត​ស្បែក​ប្រតិកម្ម​អាលែកហ្ស៊ី ដើម្បី​កំណត់​ចំណីអាហារ​ណា​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ ។ បន្ទាប់​មក​ចៀសវាង​អាហារ​ដែល​បង្ក​ឱ្យ​មាន​ជំងឺហឺត​ដល់​កូន​របស់​អ្នក ។

-​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​អាស្ពីរីន ថ្នាំ​បំបាត់​ការ​ឈឺចាប់​(NSAIDs)​ជាដើម​អាច​ជំរុញ​ឱ្យ​ជំងឺហឺត​មាន​ប្រតិកម្ម ភ្លាម​ៗ ។ កុមារ​ដែល​មាន​ជំងឺហឺត​គួរតែ​ចៀសវាង​ឱសថ​បែប​នេះ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​របស់​កូន​អ្នក​អំពី​ការ​ប្តូរ​ថ្នាំ​ជំនួស​វិញ ។

៣-​ត្រួតពិនិត្យ​មុខងារ​សួត​កូន​របស់​អ្នក
មុខងារ​សួត​អាច​វាស់វែង​បាន​ថា​តើ​កូន​របស់​អ្នក​អាច​បញ្ចេញ​ខ្យល់​ចេញពី​សួត​បាន​លឿន​កម្រិត​ណា ហើយ​ជា​ធម្មតា​ការ​បញ្ចេញ​ខ្យល់​តែងតែ​ថយ​ចុះ​២​ទៅ​៣​ថ្ងៃមុន​ពេល​ជំងឺហឺត​មាន​ប្រតិកម្ម ។ ដូច្នេះ​វា​អាច​ជួយ​អ្នក​ឱ្យ​ដឹង​ថា​តើ​ជំងឺហឺត​នឹង​ប្រតិកម្ម​នៅ​ពេល​ណា នោះ​អ្នក​នឹង​អាច​ចាត់វិធានការ​បាន​សម​ស្រប ។

៤-​ប្រាកដ​ថា​កុមា​លេបថ្នាំ​បាន​ត្រឹមត្រូវ
ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​បាន​លេប ថ្នាំ​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត ។ ថ្នាំ​ទាំងនេះ​រក្សា​អង្កត់ផ្ចិត​ធម្មតា​នៃ​ផ្លូវដង្ហើម និង​គ្រប់គ្រង​ការ​រលាក​ផ្លូវដង្ហើម ដោយហេតុ​នេះ​វា​អាច​ការពារ​ការ​ប្រតិកម្ម ភ្លាម​ៗ​នៃ​ជំងឺហឺត ។

៥-​លេបថ្នាំ​ឱ្យ​ត្រូវ​ពេលវេលា
ឱសថ​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​គេ​ប្រើ​ក្នុង​អំឡុងពេល​ប្រតិកម្ម​ជំងឺហឺត ភ្លាម​ៗ​ដើម្បី​ជួយ​ព្យាបាល​រោគ​សញ្ញា​នេះ ។ ឱសថ​បញ្ចេញ​ប្រសិទ្ធភាព​យូរ ឬ​ឱសថ​គ្រប់គ្រង​ជំងឺ​ត្រូវ​បាន​ចេញ​ដោយ​វេជ្ជបញ្ជា​ដើម្បី​ទប់ស្កាត់​ប្រតិកម្ម​ជំងឺហឺត ភ្លាម​ៗ ។

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ឱសថ​ទាំង​២​ប្រភេទ​នេះ ព្រមទាំង​កម្រិត​ប្រើប្រាស់​របស់​វា​ផង​ដែរ ៕