រាជធានីភ្នំពេញ ៖ ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះ ក៏អាចបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។ នេះជាការលើកពីលោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេស ថ្លើម ក្រពះ ពោះរៀននៃមន្ទីពេទ្យកាល់ម៉ែតឲ្យដឹង ។
លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ឲ្យដឹងទៀតថា រោគសញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។ នៅខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសសាយធំ, មានការហើមជើងជាដើម…។
គួរកត់សំគាល់ផងដែរថា ជាង ៨០% នៃអ្នកជំងឺរលាកថ្លើម គឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន ។ ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះគឺវាអាចឆ្លងបានតាមរយៈ ការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។ វិធានការក្នុងការបង្ការជំងឺនេះ គឺជៀសវាងរាល់ការប៉ះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេទដោយប្រើប្រាស់ស្រោអនាម័យអោយបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា។
គួរសំគាល់ផងដែរថា យើងមិនមានវ៉ាក់សាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ។ ការពិនិត្យសុខភាព និងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត (ថ្លើមមិនទាន់ក្រិន ឫមិនមានដុំមហារីក) របស់ជម្ងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករ៉ាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…៕
ចែករំលែកព័តមាននេះ