ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​វ៉ាក់សាំង Astra Zeneca ដល់​កងទ័ព​ជួរ​មុខ និង​ភរិយា​ចំនួន​៥០៨​នាក់​នៅ​ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ Astra Zeneca ជូន​ដល់​កងទ័ព និង​ភរិយា​កងទ័ព នា​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ Astra Zeneca ជូន​ដល់​កងទ័ព និង​ភរិយា​កងទ័ព នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២១ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង លោក អ៊ុំ សុភា បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​យកចិត្តទុកដាក់ ជំរុញ​ឱ្យ​កងទ័ព​ជួរ​មុខ​បាន​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដើម្បី​ទប់ស្កាត់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

លោក អុំ សុភា បាន​បន្ថែម​ថា កងទ័ព​គឺជា​កម្លាំង​ជួរ​មុខ​បាន និង​កំពុង​ចូលរួម​ប្រយុទ្ធ​យ៉ាង​សកម្ម​ខ្លាំងក្លា​ជាមួយ​កូ​វី​ដ​-១៩ ដូច​ជា​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ការ​ចែកចាយ​ស្បៀងអាហារ ការ​ដឹក​ជញ្ជូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មក​មូលដ្ឋាន និង​កិច្ច​ប្រតិបត្តិការ​សង្គ្រោះ​ផ្សេង​ទៀត​។ សម្រាប់ ថ្ងៃនេះ​កងទ័ព​ជួរ​មុខ ដែល​មាន​ច្រើន​អង្គភាព បាន​មក​ទទួល ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជា​ដូ​ស​ជំរុញ ដែល​នឹង​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ ចំនួន​២៥៤​នាក់ និង​ភរិយា​កងទ័ព​ក៏​មាន​ចំនួន​២៥៤​នាក់​ដែរ សរុប​ចំនួន​៥០៨ នាក់​។

ក្នុង​នាម​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ជួសមុខ​ឲ្យ​នាយទាហាន នាយទាហានរង ពល​ទាហាន និង​ក្រុម​គ្រួសារ​យោធិន​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​គ្រប់​កាលៈទេសៈ ចំពោះ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​។ យើងខ្ញុំ​ទាំងអស់​គ្នា​សូម​ប្ដេជ្ញា​គោរព និង​អនុវត្ត​តាម​បទបញ្ជា និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច និង​សូម​គាំទ្រ​គោលនយោបាយ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ទទួល​បានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​សុខ​សន្តិភាព​ជា​រៀង​រហូត​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ